តារាចម្រៀង វ៉ាន់ នីឡា បាននិយាយថាឈ្មោះជាតារាមិនមែនសុទ្ធតែមាននោះទេដោយខ្លះទទួលបានថ្លៃសម្តែងប៉ុន្តែចំណាយទៅវិញសឹងតែអស់ចំណែកអ្នកខ្លះទៀតមួយឆ្នាំសឹងតែមិនទាន់មានរឿងឬរោងមួយផង។ តារាចម្រៀងរូបនេះថា ទម្រាំតារាដាច់ចិត្តសុំជំនួយមានន័យថាពួកគាត់ទាល់ខ្លាំង។ ងាកមកកាន់តារាសម្តែង ចាន់ នីកា បានលើកឡើងថាជីវិតសិល្បៈគឺកម្សត់ខ្លាំងអ្នកប្រឡូកលើវិថីនេះបានដឹងច្បាស់។

មរណភាពរបស់តារាសម្តែង អ៊ុន សិទ្ធា បានធ្វើឱ្យមហាជននិងអ្នកសិល្បៈសោកស្តាយជាខ្លាំងព្រោះតែតារាសម្តែងរូបនេះចាកចេញដោយស្ងប់ស្ងាត់ពុំមានដំណឹងអ្វី ខណៈមានការលើកឡើងថាព្រោះតែខ្លាចពាក្យថាតារាឈឺសុំជំនួយទើបធ្វើឱ្យលោកមិនបង្ហាញថាធ្លាក់ខ្លួនឈឺរហូតដល់ដង្ហើមចុងក្រោយ។ ជាមួយនឹងដំណឹងសោកសៅនេះតារាចម្រៀងនិងជាពិធីការិនី វ៉ាន់ នីឡា បានបង្ហោះសំណេរដោយនិយាយថាអ្នកមានឈ្មោះជាតារាមិនមែនសុទ្ធតែមាននោះទេ។
នៅថ្ងៃទី២០ ខែវិច្ឆិកា នេះ វ៉ាន់ នីឡា បានបង្ហោះថា «ឈ្មោះជាតារាមិនមែនសុទ្ធតែមានទេបងប្អូន តារាស្រុកយើងថ្លៃចេញសម្តែងចេញច្រៀងក៏មិនបានច្រើនដែរ ទៅច្រៀងមួយកម្មវិធីបើកលុយបានភ្លាមចំណាយទៅវិញចង់អស់ហើយបែងចែកគ្រប់មុខ។ បើគេមានរឿងសម្តែងញឹកញយរឺមាន event រហូតមិនដាច់គេចេះតែសល់លុយហើយ ប៉ះអ្នកខ្លះមួយឆ្នាំមិនទាន់មានមួយរឿងរឺមួយរោងផងមិចវិញ ពេលខ្លះចង់អោយបងប្អូនយល់ដែរ ទម្រាំតែពួកគាត់ដាច់ចិត្តចេញសុំជំនួយគែបានន័យថាគាត់ទាល់មែនទែនហើយ»។
មិនត្រឹមតែតារាចម្រៀង វ៉ាន់ នីឡា ប៉ុណ្ណោះទេដែលលើកឡើងខាងលើកនេះ តារាសម្តែង ចាន់ នីកា ក៏បានបង្ហោះសំណេរដែរថាជីវិតសិល្បៈមើលមកល្អមើលណាស់ប៉ុន្តែការពិតកម្សត់ទៅវិញនោះទេអ្នកប្រឡូកបានយល់ច្បាស់។ 
តារាសម្តែងរូបនេះបានបង្ហោះថា «ជីវិតសិល្បៈមើលមកបែបល្អមើលណាស់តែការពិតកម្សត់ទៅវិញទេ ជាអ្នកប្រឡូកសិល្បៈទើបយល់ច្បាស់។ ឃើញគ្នាហឺហា ដើម្បីស័ក្តិសម ជាអ្នកសិល្បៈត្រូវគេដៀលថាពេលឈឺកុំសុំជំនួយ។ ពេលគ្នាធ្លាក់ខ្លួនថាតារាស្អីមិនសមជា តារា។ ជីវិតពិតសិល្បៈកម្សត់ណាស់ពេលខ្លះទៅថតកន្លែងខ្លះមិនបើកលុយឱ្យពួកគាត់ទេ ។ តម្លៃថតក៏មិនបានច្រើន ។ តារាសម្តែងហត់ជាងគេតែតម្លៃខ្លួនក៏បានតិចជាងគេដែរ»៕










