ប្រទេសចិន ៖ អ្នកចូលចិត្តកាហ្វេនៅលើពិភពលោក ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលឃើញហាងមួយកន្លែងក្នុងសារមន្ទីរនៅទីក្រុងប៉េកាំង ប្រទេសចិន យកម្សៅដែលកិនពីសត្វកន្លាត និងកន្លាតទាំងមូលមករោយលើកាហ្វេ ថែមទាំងធានារសជាតិថ្មីអាចផឹកបាន គ្មានផលប៉ះពាល់សុខភាព ។ អ្វីកាន់តែធ្វើឱ្យចាប់អារម្មណ៍បំផុតនោះ គឺហាងបានដាក់ដង្កូវចូលកាហ្វេផងដែរ ដែលធ្វើឱ្យអ្នកផឹកសួរថា តើហ៊ានសាកល្បងដែរឬទេ?
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ហាងកាហ្វេនេះបានធ្វើឱ្យអ្នកចូលចិត្តកាហ្វេលើពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបង្ហាញកាហ្វេរសជាតិថ្មីរោយម្សៅកន្លាត និងកន្លាតទាំងមូល ថែមទាំងដាក់ដង្កូវចូលក្នុងកែវតែមួយ ។ អ្នកសាកល្បងផឹកកាហ្វេប្រាប់ថា រសជាតិរបស់វាថ្មី ប្លែក ជូរបន្តិច ហើយការផឹកកាហ្វេបែបនេះមានតែនៅទីក្រុងប៉េកាំងមួយគត់ កន្លែងផ្សេងគ្មានទេ ។
ហាងកាហ្វេពុំត្រូវបានបញ្ជាក់ឈ្មោះបានលក់កាហ្វេកន្លាត១កែវ តម្លៃ៤៥យាន់ (ឬប្រមាណ ៥ដុល្លារ) បានបញ្ជាក់ពីរសជាតិកាហ្វេប្លែករបស់ខ្លួនមានតែមួយកន្លែងប៉ុណ្ណោះនៅទីក្រុងប៉េកាំង និងក្លាយជាហាងល្បីល្បាញសម្រាប់អតិថិជនចង់សាកល្បងផឹកអ្វីប្លែកៗ ។ ហាងបានលក់កាហ្វេកន្លាតតាំងពីចុងខែមិថុនា ឆ្នាំ២០២៥ មកម្ល៉េះ ប៉ុន្តែទើបតែល្បីល្បាញក្នុងបណ្តាញសង្គមនាពេលថ្មីៗ ។
លើសពីនេះ ហាងបានលក់ភេសជ្ជៈរសជាតិផ្សេងទៀត រួមមាន ៖ ភេសជ្ជៈដាក់ផ្សំគ្រឿងពីទឹកសម្ល ទឹកអង្ករ និងសត្វស្រមោច ដោយលក់តែក្នុងពិធីបុណ្យ Halloween ដែលធ្វើឱ្យកាហ្វេរសជាតិថ្មីកាន់តែល្បីល្បាញនៅប្រទេសចិន ។ បុគ្គលិកហាងប្រាប់ថា គ្រឿងផ្សំសត្វល្អិតផ្សេងៗយកពីហាងលក់ឱសថបុរាណចិន ទើបហាងអាចធានាដល់អតិថិជនផឹកហើយមិនប៉ះពាល់សុខភាព ទោះជាមើលទៅពុំគួរឱ្យផឹក ។ បើតាមក្បួនឱសថបុរាណចិន ម្សៅកិនពីកន្លាតនឹងជួយជំរុញចរន្តឈាម ខណៈដង្កូវសម្បូរដោយប្រូតេអ៊ីនជួយប្រព័ន្ធការពាររាងកាយ ។
កាហ្វេកន្លាតបានទាក់ទាញអតិថិជនភាគច្រើនជាយុវវ័យ រីឯអតិថិជនវ័យកណ្តាលមិនចូលចិត្តកន្លាតឡើយ ហើយហាងលក់បានជាង១០កែវក្នុង១ថ្ងៃ ។ កន្លងមក មានម្ចាស់ Blogger ដ៏ល្បីនៅទីក្រុងប៉េកាំងបានមកសាកល្បងផឹកកាហ្វេកន្លាតតាមការសំណូមពររបស់អ្នកគាំទ្រ ដោយបានផឹកយ៉ាងឆាប់រហ័ស និងថា រសជាតិរបស់វាមិនអាក្រក់ដូចការគិត ។ នេះបើតាមការលើកឡើងរបស់បុគ្គលិកហាងកាហ្វេ ។
ទោះយ៉ាងណា ក៏មានអ្នកលេងបណ្តាញសង្គមមិនតិចនាក់ទេដែលមិនហ៊ានផឹកកាហ្វេនេះ និងថា ទោះជាមានអ្នកចេញលុយឱ្យក៏ដោយ ក៏មិនហ៊ានផឹកដែរ ។ កាហ្វេប្លែកៗនៅប្រទេសចិនបានដាក់លក់ជាបន្តបន្ទាប់ ទាំងកាហ្វេដង្កូវចៀននៅខេត្តយូណាន, ឡាតេម្ទេសបំពង និងកាហ្វេដាក់ម្ទេសហឹរនៅខេត្តជៀងស៊ី ដែលទាក់ទាញអ្នកផឹកនៅប្រទេសចិនជាបន្តបន្ទាប់ ៕










