ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Daily News នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រធានសភាពាណិជ្ជកម្មខេត្តស្រះកែវ និងខេត្តចន្ទបុរី បានលើកឡើងពីថៃរងផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងច្រើនមហាសាលដោយសារការបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគីរយៈពេលជិត៦ខែមកនេះ គឺខេត្តទាំងពីរបាត់បង់ប្រាក់ចំណូលរហូតដល់រាប់ម៉ឺនលានបាតក្នុង១ខែៗ ។ ក្រៅពីនេះ ប្រធានសភាពាណិជ្ជកម្មទាំង២រូបបានសំណូមពរឱ្យរដ្ឋាភិបាលថៃដោះស្រាយការខ្វះខាតពលករបរទេសដែលធ្វើការផ្នែកកសិកម្មជាបន្ទាន់ ពីព្រោះជិតដល់ពេលប្រមូលផលផ្លែមៀន ។

នៅថ្ងៃទី១៧ ខែវិច្ឆិកា សារព័ត៌មាន Daily News បានសម្ភាសន៍ប្រធានសភាពាណិជ្ជកម្មខេត្តស្រះកែវ លោក បាំរុង ឡចារឺនវឌ្ឍនៈឆ័យ អំពីស្ថានការណ៍ព្រំដែនខេត្តស្រះកែវ ក្រោយពីថៃបិទព្រំដែនជាមួយកម្ពុជារយៈពេលជិត៦ខែ ដោយលោក បាំរុង និយាយថា ខេត្តស្រះកែវមានច្រកព្រំដែនអចិន្ត្រៃយ៍ចំនួន២ និងច្រកព្រំដែនបណ្តោះអាសន្នចំនួន៣ ហើយថៃបាននាំចេញទំនិញស្ទើរគ្រប់ប្រភេទទៅកម្ពុជា ។ អាជីវករថៃនៅព្រំដែនភាគច្រើនទទួលបានចំណូលពីការលក់ដូរនៅព្រំដែន ប៉ុន្តែតាំងពីបិទព្រំដែនមក ថៃបាត់បង់ចំណូលរហូតដល់រាប់ម៉ឺនលានបាតក្នុង១ខែៗ ។

កន្លងមក រដ្ឋាភិបាលថៃសន្យាផ្តល់ប្រាក់សំណងដល់អាជីវករដែលរងផលប៉ះពាល់ដោយសារការបិទព្រំដែន ប៉ុន្តែរហូតមកដល់ពេលនេះ អាជីវករថៃពុំទាន់បានទទួលប្រាក់សំណងពីរដ្ឋាភិបាលទេ ប្រសិនបើព្រំដែនកម្ពុជា-ថៃនៅតែបន្តបិទ គឺពលរដ្ឋថៃគ្មានប្រាក់ចំណូលឡើយ ដោយសារពលរដ្ឋថៃនៅព្រំដែនភាគច្រើនប្រកបរបរលក់ដូរ ។ ការបើកព្រំដែនឡើងវិញអាស្រ័យលើលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ថាតើធ្វើតាមការទាមទាររបស់ពួកជ្រុលនិយមឱ្យបិទព្រំដែនឬអត់ ព្រោះខ្លាចបាត់បង់សំឡេងឆ្នោត បច្ចុប្បន្ន ថៃបន្តនាំចេញទំនិញតាមផ្លូវទឹកធ្វើឱ្យការចំណាយដើមទុនថ្លៃដឹកជញ្ជូនខ្ពស់ ។

ចំណែកប្រធានសភាពាណិជ្ជកម្មខេត្តចន្ទបុរី លោក ឧគ្រីត វង្សថងសាលី និយាយថា ការបិទព្រំដែនកម្ពុជា-ថៃធ្វើឱ្យខេត្តចន្ទបុរី ខាតបង់ចំណូលអស់រាប់ម៉ឺនលានបាតក្នុង១ខែៗ បច្ចុប្បន្ន លោកបារម្ភពីថៃខ្វះខាតពលករបរទេសធ្វើការក្នុងចម្ការទុរេន មង្ឃុត និងផ្លែមៀន ពីព្រោះពេលនេះ ជិតដល់ពេលប្រមូលផលផ្លែមៀន ។ នៅឆ្នាំ២០២៥ ខេត្តចន្ទបុរីនឹងទទួលបានទិន្នផលមៀនប្រមាណ៣សែនតោន និងត្រូវការកម្មករបេះមៀន ប្រមាណ២ម៉ឺននាក់ ។

ទោះជារដ្ឋាភិបាលថៃសម្រេចចិត្តរឿងព្រំដែនបែបណាក៏ដោយ ប៉ុន្តែប្រធានសភាពាណិជ្ជកម្មខេត្តចន្ទបុរីសំណូមពរឱ្យរដ្ឋាភិបាលថៃស្វែងរកពលករបរទេសដែលកំពុងខ្វះខាតក្នុងផ្នែកកសិកម្មឱ្យឆាប់បំផុត បើមិនដូច្នោះទេ ថៃនឹងខាតបង់ចំណូលយ៉ាងច្រើនក្នុងផ្នែកកសិកម្ម ។ លោកថា មិនគួរធ្វើឱ្យរឿងងាយស្រួលក្លាយជាលំបាកទេ ពីព្រោះម្ចាស់ចម្ការថៃត្រូវការពលករបរទេសមកធ្វើការយ៉ាងច្រើនដើម្បីប្រមូលផលទាន់ពេលវេលា ។

គួរបញ្ជាក់ថា ថៃបានខាតបង់ចំណូលសេដ្ឋកិច្ចយ៉ាងច្រើនមហាសាលក្រោយពីបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី ក្រោមហេតុផលការពារអធិបតេយ្យ និងផ្តល់សន្តិសុខដល់ពលរដ្ឋថៃ ។ ទោះជាថៃរងផលប៉ះពាល់ខ្លាំងបំផុតពីការបិទព្រំដែនក្តី ប៉ុន្តែនាយករដ្ឋមន្ត្រីថ្មីរបស់ថៃនៅតែប្រកាន់គោលជំហរមិនបើកព្រំដែនវិញដាច់ខាត និងបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដោយចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពថៃរងរបួស ។ លោកនាយករដ្ឋមន្ត្រី Anutin ចង់ឱ្យកម្ពុជាសូមទោសពលរដ្ឋថៃរឿងគ្រាប់មីនដែលកម្ពុជាពុំបានបង្កប់ ទើបថៃបន្តកិច្ចព្រមព្រៀងសន្តិភាព ។

គោលជំហររបស់នាយករដ្ឋមន្ត្រីថៃបន្តបិទព្រំដែន ដោយសារខ្លាចរងការវាយប្រហារពីក្រុមជ្រុលនិយមថៃដែលចង់ទម្លាក់លោកពីតំណែង និងបណ្តេញចេញពីប្រទេស បើហ៊ានបើកព្រំដែនជាមួយកម្ពុជា ។ បច្ចុប្បន្ន ពលរដ្ឋថៃកាន់តែមានគំនិតជាតិនិយមជ្រុលខ្លាំងឡើង ដោយយករឿងព្រំដែនបង្កជាជម្លោះស្អប់ជាតិសាសន៍ និងញុះញង់ឱ្យកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានដណ្តើមប្រាសាទ ដណ្តើមទឹកដីនៅតំបន់ព្រំដែន ។ នៅពិភពលោកនេះ គ្មានពលរដ្ឋប្រទេសណាចង់បានសង្គ្រាមទេ គឺមានតែពលរដ្ឋថៃជ្រុលនិយមប៉ុណ្ណោះដែលជំរុញឱ្យធ្វើសង្គ្រាមជាមួយប្រទេសជិតខាង ៕