ផេកអ្នកគាំទ្រក្រុមចម្រៀង BLACKPINK នៅកម្ពុជាធំៗចំនួនពីរបានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនជួយទៅដល់បងប្អូននៅតាមព្រំដែនដែលរងគ្រោះដោយសារតែថៃឈ្លានពានតាមរយៈមូលធិនិរបស់ ទីនីន។ មិនត្រឹមតែសកម្មភាពរបស់អ្នកគាំទ្រ BLACKPINK ប៉ុណ្ណោះទេ ប៉ុន្តែអ្នកគាំទ្រវិស័យ KPop មានឈ្មោះថា Butter Purple ដែលបង្ហាញសកម្មភាពគាំទ្រក្រុមចម្រៀង BTS និងអ្នកគាំទ្រតារាចិនមួយចំនួនទៀតបានកៀងគរគ្នាបង្កើតគម្រោងបញ្ចាំង LED ដើម្បីជាការរម្លឹកគុណកងទ័ពពលី និងលើកទឹកចិត្តកងទ័ពឈរជើងនៅព្រំដែន។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ផេក Blackpink Universe ដែលមានអ្នកតាមដាន ១៧៧០០០នាក់បានបង្ហាញពីការបរិច្ចាគនូវទឹកប្រាក់ចំនួន១០០ដុល្លារទៅកាន់មូលធិនិរបស់ ទីនីន ដែលកំពុងរៀបចំស្បៀងជួយទៅដល់អ្នកជួរមុខ។ 
អ្នកគាំទ្រក្រុមចម្រៀងនារីនេះបានបង្ហោះថា «ពីផេក Blackpink Universe ទៅកាន់មូលនិធិរបស់បងស្រី Tynin.K សម្រាប់ការទិញអីវ៉ាន់ជូនវីរកងទ័ពនៅព្រំដែន ពួកយើងសូមបន់ស្រន់ឱ្យបងៗកងទ័ពនិងប្រជាពលរដ្ឋខ្មែរយើងនៅខាងព្រំដែនមានសុខសុវត្ថិភាពទាំងអស់គ្នា»។ មិនត្រឹមតែផេកនេះប៉ុណ្ណោះទេ ផេក BLACKPINK – BLINK Cambodia ក៏បានចូលរួមបរិច្ចាគទឹកប្រាក់១០០ដុល្លារដូចគ្នាទៅកាន់សកម្មភាពសប្បុរធម៌របស់ ទីនីន។
.png)
ងាកទៅកាន់អ្នកគាំទ្រក្រុមចម្រៀង BTS ដែលមានឈ្មោះថា Butter Purple វិញបានបង្ហាញពីគម្រោងដែលមានការចូលរួមពីអ្នកស្រលាញ់ Kpop និងវិស័យសិល្បៈចិនបញ្ចាំង LED ពីវីរៈកងទ័ពចំនួន១០ថ្ងៃ។ តាមរយៈការបង្ហោះរបស់ Butter Purple នៅថ្ងៃទី១៥ ខែវិច្ឆិកា បានឱ្យដឹងថាការបង្កើតគម្រោងនេះគឺមិនមានអត្ថន័យអ្វីផ្សេងទេ ក្រៅពីការដឹងគុណដល់កងទ័ពពលីនិងលើកទឹកចិត្តដល់កងទ័ពឈរជើង និងបង្ហាញស្មារតីស្រឡាញ់ជាតិរួបរួមគំនិតតែមួយជាមួយរាជរដ្ឋាភិបាល។ ការបញ្ចាំង LED នេះធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់២៤ វិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង១២:០០នាទី ថ្ងៃត្រង់ ដល់ម៉ោង១០យប់ ដែលស្ថិតនៅទីតាំង The Bridge SOHO អគារ Diamond Twin Tower, កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។
នេះជាសកម្មភាពដ៏ប្រសើររបស់អ្នកគាំទ្រក្នុងការបង្ហាញសកម្មភាពនេះមិនថាជាថវិកាជួយដល់អ្នកជួរមុខ ឬសកម្មភាពផ្សេងនោះទេ ខណៈកន្លងមកក្នុងអំឡុងពេលសង្គ្រាមក្តៅគគុកជាមួយថៃ ក្រុមអ្នកគាំទ្រតារា Kpop និង C Drama បានជួយគ្នាយ៉ាងសស្រាក់សស្រាំងនៅតាមបណ្តាញសង្គម X ៕










