យោងទៅតាមស្ថានការណ៍បច្ចុប្បន្នតារាចម្រៀង ទេព បូព្រឹក្ស បានប្រកាសរំសាយការប្រគំតន្រ្តីដែលគ្រោងនឹងប្រពឹ្រត្តទៅនៅទី២៣ ខែវិច្ឆិកា ដោយបានបញ្ជាក់ថានឹងបង្វិលទឹកប្រាក់ថ្លៃសំបុត្រចូលរួមឱ្យអ្នកគាំទ្រវិញ។ តារាចម្រៀងរូបនេះបាននិយាយទាំងអួលដើមកថាកម្មវិធីសប្បាយរៀបចំពេលណាក៏បានប៉ុន្តែកំឡុងពេលឥឡូវគឺធ្វើមិនកើតឡើង។ ចំណែកឯ ដេវិដ អ៊ឹងហាវ ក៏ប្រកាសពន្យារពេលកម្មវិធី Listening Party ដែលគ្រោងធ្វើឡើងនាថ្ងៃទី១៦ វិច្ឆិកា។.png)
កាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា យោធាថៃបើក ករបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបណ្តាលឱ្យពលរដ្ឋម្នាក់បាត់បង់អាយុជីវិតនិង៣នាក់ទៀតរងរបួស។ ហេតុការណ៍នេះបានជំរុញឱ្យសិល្បករ សិល្បាការនី អ្នកបង្កើតមាតិកា បានប្រើប្រាស់សំឡេងរបស់ខ្លួនបង្ហាញទៅកាន់ពិភពលោក។ ភ្លាមៗបន្ទាប់ពីហេតុការណ៍នេះតារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត ជាស្វាមី បាន Live នៅលើបណ្តាញសង្គមដោយក្តីឈឺចាប់យ៉ាងខ្លាំងចំពោះទង្វើរបស់យោធាថៃខណៈអ្នកទាំងពីរបានសម្រេចចិត្តរំសាយកម្មវិធីរបស់ខ្លួន។
ទេព បូព្រឹក្ស បាននិយាយទាំងអួលដើមកថា កម្មវិធីសប្បាយការប្រគំតន្រ្តី យើងរៀបចំពេលណាក៏បានដែរប៉ុន្តែកំឡុងពេលនេះយើងមិនអាចរៀបចំកម្មវិធីបានទេ។ ប្តីប្រពន្ធមួយគូនេះបានលើកដៃសំពះសុំការយោគយល់អធ្យាស្រ័យពីសហគមន៍អ្នកគាំទ្រ ដែលកម្មវិធី TBP FAN PARTY គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវរំសាយចំណែកឯអ្នកគាំទ្រដែលបានទិញសំបុត្រមិនថាកៅអីណានឹងមានការបង្វិលទឹកប្រាក់ជូនវិញ។ សកម្មភាពដែលតារាចម្រៀង ទេព បូព្រឹក្ស ប្រកាសរំសាយកម្មវិធីរបស់ខ្លួននេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនគោរពកោតសរសើរយ៉ាងខ្លាំង។
មិនត្រឹមតែតារាចម្រៀង ទេព បូព្រឹក្ស ប៉ុណ្ណោះទេងាកមកកាន់លោក ដេវិដ អ៊ឹងហាវ ដែលជាសិល្បករមួយរូបមានឈ្មោះបោះសំឡេងចូលរួមកម្មវិធីធំៗនៅក្រៅប្រទេសក៏ប្រកាសពន្យារពេលកម្មវិធីរបស់ខ្លួនដូចគ្នា។ តាមសេចក្តីជូនដំណឹង ដេវិដ អ៊ឹងហាវ បានប្រកាសថា «ដោយសារតែមានហេតុការណ៍ថ្មីៗនេះនៅតំបន់ព្រំដែន ខ្ញុំបានសម្រេចចិត្តពន្យារពេលកម្មវិធី Listening Party ដែលបានកំណត់ក្នុងថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ខ្ញុំមិនមានអារម្មណ៍ថាសមរម្យក្នុងការរៀបចំកម្មវិធីនេះទេ ពេលដែលបេះដូងនៅពោរពេញដោយទុក្ខសោក។ ខ្ញុំនិងក្រុមការងាររបស់ខ្ញុំ នឹងប្រកាសកាលបរិច្ឆេទថ្មីនៅពេល ឆាប់ៗនេះ។ សូមអរគុណចំពោះការយល់ចិត្ត និងសង្ឃឹមជាខ្លាំងថានឹងបានជួបអ្នកទាំងអស់គ្នា ក្នុងពេលឆាប់ ៗខាងមុខនេះ»៕










