តើមានការគិតជាមនុស្សដែរឬអត់? សារព័ត៌មាន Khaosod ចុះផ្សាយថា កម្ពុជាបានយកជនសុីវិលមកធ្វើជាខែលបាំងមុខដើម្បីឈ្លានពានទឹកដីថៃ បន្ទាប់ពីទាហានថៃបើកការបាញ់ប្រហារភ្លាមៗដោយគ្មានមូលហេតុនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យស្លា.ប់១នាក់ និងរបួសធ្ងន់ ៣នាក់។
តាមការចុះផ្សាយរបស់ Khaosod នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺកងទ័ពថៃបានបដិសេធថាមិនបានបាញ់ ឬធ្វើឱ្យជនស៊ីវិលកម្ពុជារងរបួសឡើយ។ អ្នកនាំពាក្យរងកងទ័ពភូមិន្ទថៃ បានបញ្ជាក់ថា ការផ្ទុះអាវុ.ធដែលមានរយៈពេលជាង ១០នាទីនៅម៉ោងប្រហែល ៤:០០ រសៀលថ្ងៃនេះ គឺឮចេញពីខាងកម្ពុជាមក ដើម្បីបង្កើតស្ថានភាពឲ្យកងទ័ពថៃបា.ញ់តបទៅវិញ។
បន្ថែមលើនោះ កងទ័ពថៃបាននិយាយបំភ្លៃការពិតថា នៅពេលបង្កសកម្មភាពញុះញង់ឲ្យកងទ័ពថៃផ្ទុះអាវុ.ធ ខាងកងកម្លាំងកម្ពុជាបានយកជនសុីវិលមកបាំងមុខ និងចោ.ទប្រកាន់ទម្លាក់កំហុសលើថៃថារំលោ.ភច្បាប់មនុស្សធម៌អន្តរជាតិ។
ជុំវិញការអះអាងទាំងបំពានការពិតរបស់ថៃដូចខាងលើនេះ ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ក្រោយការធ្វើកំណត់ហេតុអំពី ករណីបាញ់ប្រហារនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យថា យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុ ខណៈពលរដ្ឋកម្ពុជាបានដើរនៅលើខ្នងប្រឡាយជាទីតាំងដែលពួកគាត់តែងតែធ្វើដំណើរជាធម្មតា។

របាយការណ៍នេះគូសបញ្ជាក់ថា ពលរដ្ឋកម្ពុជាទាំងនោះគ្រាន់តែដើរលើខ្នងប្រឡាយជាទីតាំងដែលពួកគាត់តែងធ្វើដំណើរជាធម្មតា ខណៈវត្តមានកងកម្លាំងកម្ពុជាមិនប្រដាប់ដោយអាវុធក៏កំពុងអង្គុយនៅទីតាំងនោះ ចម្ងាយប្រមាណជា១០ម៉ែត្រពីប្រជាពលរដ្ឋ ដើម្បីបំពេញភារកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដូចសព្វដងប៉ុណ្ណោះ ស្រាប់តែបន្តិចក្រោយមកទាហាថៃកបានបាញ់សំដៅមកលើប្រជាពលរដ្ឋកម្ពុជាចំនួន៣នាក់ ដែលកំពុងធ្វើដំណើរលើខ្នងប្រឡាយនោះ បណ្តាលឱ្យពលរដ្ឋខ្មែរចំនួន២រូបរងរបួស។
បន្ទាប់មក កងកម្លាំងកម្ពុជាក៏បានធ្វើអន្តាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋភ្លាមៗ ប៉ុន្តែក៏ត្រូវបានយោធាថៃបាញ់ប្រហារសំដៅមកលើពួកគាត់ថែមទៀត។ លើសពីនេះទៅទៀត យោធាថៃបានបាញ់ប្រហារលើគោលដៅផ្សេងទៀត ដោយសំដៅលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា ដែលកំពុងអង្គុយជុំគ្នាលេងនៅខាងក្រោយ ដែលបណ្តាលឱ្យប្រជាពលរដ្ឋខ្មែរ១នាក់ទៀតរងរបួស ខណៈ១នាក់ទៀតត្រូវបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។
លុះរហូតដល់ម៉ោង១៧៖៥៤នាទីថ្ងៃដដែល កងកម្លាំងយោធាថៃបានបើកការវាយប្រហារជាលើកទី២ ដោយបានបាញ់កាំភ្លើងចំនួន៥គ្រាប់បន្ថែមទៀត។ បើតាមអ្នកនាំពាក្យក្រសួងកាពារជាតិបានបញ្ជាក់ថា ក្នុងគ្រានោះកងកម្លាំងកម្ពុជា គឺបានមិនតបតអ្វីឡើយ។ ពោល គឺកងកម្លាំងកម្ពុជាបានប្រកាន់ភ្ជាប់នូវគោលការណ៍អត់ធ្មត់កម្រិតខ្ពស់ដោយប្រកាន់ភ្ជាប់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ រួមទាំងគោលការណ៍បានឯកភាពគ្នាភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាននៃការដោះស្រាយរាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវសមស្របច្បាប់អន្តរជាតិ និងដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ជុំវិញហេតុការណ៍នេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានចាត់ឱ្យអាជ្ញាធរដែនដី និងគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ ក្នុងការការពារប្រជាពលរដ្ឋ និងសូមអោយមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ។ សម្ដេចក៏បានអំពាវនាវអោយមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត ការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហារនេះ៕










