ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul នឹងប្រជុំជាមួយស្ថាប័នកងទ័ពដើម្បីបញ្ឈប់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលភាគីទាំងពីរចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីសារព័ត៌មាននានារបស់ថៃចុះផ្សាយថា កងទ័ពថៃ២នាក់បានដើរល្បាតជាន់មីនដាច់ជើងនិងរងរបួសនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត (ទល់មុខប្រាសាទព្រះវិហារ) ។
តាមការចុះផ្សាយរបស់សារព័ត៌មាន The Better News នាយករដ្ឋមន្ត្រីថៃនឹងកោះប្រជុំជាមួយស្ថាប័នកងទ័ពនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីបញ្ឈប់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា និងអនុញ្ញាតឱ្យក្រសួងការពារជាតិ និងក្រសួងការបរទេសថៃអនុវត្តការងារណាដែលប្រទេសថៃត្រូវការប៉ុណ្ណោះ ។ រីឯការដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបត្រឡប់ទៅប្រទេសវិញ គ្មានការពន្យារពេលទេ គឺថៃនឹងពុំដោះលែងតែម្តង ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១១ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី Anutin នឹងទៅសួរសុខទុក្ខកងទ័ពរងរបួសដោយសារជាន់មីន រួចហើយ លោកនឹងទៅពិនិត្យនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត (ទល់មុខប្រាសាទព្រះវិហារ) ព្រមទាំងធ្វើជាប្រធានកិច្ចប្រជុំដើម្បីបញ្ឈប់ការអនុវត្តសេចក្តីថ្លែងការណ៍រួម (Joint Declaration) ស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលចុះហត្ថលេខានៅទីក្រុងកីឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ។
នាយករដ្ឋមន្ត្រីថៃជ្រាបពីកងទ័ពថៃ២នាក់ដើរជាន់មីនពេលកំពុងល្បាតនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត បណ្តាលឱ្យដាច់ជើងស្តាំនិងរងរបួស ហើយលោកគាំទ្រការចាត់វិធានការរបស់ក្រសួងការពារជាតិ និងកងទ័ពថៃ ។ ហេតុនេះ កិច្ចព្រមព្រៀងផ្សេងៗដែលបានអនុវត្តកន្លងមក នឹងត្រូវបញ្ឈប់រហូតដល់មានភាពច្បាស់លាស់រឿងមីន លោកប្រាប់ទៅក្រសួងការពារជាតិ និងក្រសួងការបរទេសថា ត្រូវបំពេញកិច្ចការអ្វីតាមប្រទេសថៃត្រូវការប៉ុណ្ណោះ ។
លោក Anutin ថា ការអនុវត្តកិច្ចព្រមព្រៀងកន្លងមកនឹងធ្វើឱ្យការរគំរាមកំហែងមកលើប្រទេសខ្លួនធ្លាក់ចុះ ប៉ុន្តែវាពុំធ្លាក់ចុះឡើយ យើងមិនអាចធ្វើអ្វីលើសពីនេះបានទេ ។ ហេតុនេះ យើងត្រូវផ្អាកការអនុវត្តកិច្ចព្រមព្រៀងទាំងអស់ ដោយឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ និងកងទ័ពជូនដំណឹងពីព័ត៌មានលម្អិត ហើយលោកគាំទ្រចំណាត់ការរបស់ក្រសួងការពារជាតិ និងក្រសួងការបរទេស ។
គួរបញ្ជាក់ថា កន្លងមក នាយករដ្ឋមន្ត្រីថៃបានបដិសេធការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលប្រធានាធិបតីអាមេរិកកំណត់ឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដោយនាយករដ្ឋមន្ត្រីថៃលើកពីហេតុផលព្រះមាតារបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ។ បន្ទាប់មក ក៏កែប្រែពាក្យសម្តីយល់ព្រមទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពវិញ ក្រោមការរិះគន់ពីពលរដ្ឋថៃថា អាមេរិកដាក់សម្ពាធ ។
ចំណែកកងទ័ពថៃជាន់មីនដាច់ជើងនាពេលនេះ គឺគ្រាន់តែជាឆាកល្ខោនរបស់ថៃដើម្បីយកលេសបញ្ឈប់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាប៉ុណ្ណោះ ពីព្រោះថៃគ្មានលេសអ្វីផ្សេងក្រៅពីនេះទេ ។ ការជាន់មីនជាល្បិចចាស់ដដែលៗ ដែលថៃបានអនុវត្តជាញឹកញាប់ដើម្បីទម្លាក់កំហុសលើកម្ពុជា និងឡាំប៉ាលុបចោលកិច្ចព្រមព្រៀងសន្តិភាព ដែលអាមេរិក និងម៉ាឡេស៊ីព្យាយាមស្វែងរកសន្តិភាពរវាងកម្ពុជា-ថៃ ៕










