ប្រទេសថៃ ៖ ទោះជានាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបកស្រាយពីការចុះហត្ថលេខាលើ MOU រ៉ែកម្រជាមួយអាមេរិកនឹងមិនធ្វើឱ្យថៃរងសម្ពាធ ដែលមុនពេលចុះហត្ថលេខា គឺបានឆ្លងកាត់ការអនុម័តពីគណៈរដ្ឋមន្ត្រី និងកុំឱ្យពលរដ្ឋបារម្ភពីផលប៉ះពាល់ដោយសារ MOU នេះ ពីព្រោះថៃនឹងទទួលបានអត្ថប្រយោជន៍ផ្នែកពាណិជ្ជកម្ម និងការបញ្ចុះពន្ធទំនិញក្រោម១៩% ហើយលោកជឿថា MOU នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងថៃជាមួយចិនទេ ប៉ុន្តែពលរដ្ឋថៃនៅតែប្រឆាំងនឹងការចុះហត្ថលេខារ៉ែកម្រ ដោយធ្វើបាតុកម្មនៅមុខស្ថានទូតអាមេរិកប្រចាំប្រទេសថៃនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឱ្យលុបចោល MOU វិញ ។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីរ៉ែកម្ររវាងថៃនិងអាមេរិកបានក្លាយជាប្រធានបទក្តៅជជែកវែកញែកពេញបណ្តាញសង្គមប្រទេសថៃ មិនថាសមាជិកសភាគណបក្សប្រឆាំង អ្នកនយោបាយ និងពលរដ្ឋ បានស្តីបន្ទោសលោកនាយករដ្ឋមន្ត្រី Anutin ថា ហេតុអ្វីចុះហត្ថលេខាស្ងាត់ៗមិនឆ្លងកាត់ការឯកភាពពីពលរដ្ឋ ។ ការចុះ MOU ជាមួយប្រទេសមហាអំណាចនឹងធ្វើឱ្យថៃចាញ់ប្រៀបគ្រប់បែបយ៉ាង មិនអាចលុបចោលងាយៗទេ ថែមទាំងប៉ះពាល់បរិស្ថានដោយសារការជីកយករ៉ែ ។ ថៃធ្វើឱ្យខ្លួនក្លាយជាកូនអុកក្នុងជម្លោះពាណិជ្ជកម្មរវាងអាមេរិក-ចិន ។

តាមការចុះផ្សាយរបស់សារព័ត៌មាន The Matter នាវេលាម៉ោងប្រមាណ១១ព្រឹកនៅថ្ងៃទី៣០ ខែតុលា មានពលរដ្ឋថៃ រួមទាំងអ្នកការពារសិទ្ធិមនុស្ស និងបណ្តាញប្រជាជន បានធ្វើបាតុកម្មនៅមុខស្ថានទូតអាមេរិកប្រចាំប្រទេសថៃ ដើម្បីដាក់លិខិតប្រឆាំងការចុះហត្ថលេខាលើ MOU រ៉ែកម្ររវាងថៃ-អាមេរិក ។ ពួកគេអំពាវនាវឱ្យរដ្ឋាភិបាលថៃបញ្ឈប់ MOU រ៉ែកម្រជាមួយអាមេរិកជាបន្ទាន់ ដែលប៉ះពាល់ដល់សិទ្ធិពលរដ្ឋ និងអធិបតេយ្យជាតិ ក្រោមគំនិត «Thailand Is Not for Sale» ។.jpg)
ក្រុមបាតុករដែលដាក់លិខិតប្រឆាំងការចុះហត្ថលេខារ៉ែកម្របាននិយាយមកកាន់សារព័ត៌មានថា សូមលុប MOU រ៉ែកម្រជាបន្ទាន់ ពីព្រោះប្រទេសថៃពុំទទួលបានផលប្រយោជន៍ និងប៉ះពាល់បរិស្ថាន ហេតុអ្វីថៃចាំបាច់ចុះហត្ថលេខារ៉ែកម្រជាមួយអាមេរិក? ខ្លឹមសារក្នុង MOU គឺផ្ទុយពីអ្វីដែលលោកនាយករដ្ឋមន្ត្រី Anutin និយាយថា មិនប៉ះពាល់បរិស្ថានទេ និងស្ថិតក្រោមច្បាប់ថៃ ។ ប៉ុន្តែពលរដ្ឋយល់ថា នេះជាគោលដៅយុទ្ធសាស្ត្ររបស់អាមេរិកដែលពុំចង់ពឹងផ្អែកលើរ៉ែកម្រចិន ដោយប្រើប្រាស់ប្រទេសថៃសម្រាប់នាំចេញរ៉ែកម្រទៅអាមេរិក ថែមទាំងជំរុញឱ្យមានការជីកយករ៉ែកាន់តែច្រើននៅថៃ ។ ហេតុអ្វីចាំបាច់ចុះហត្ថលេខារ៉ែកម្រ បើថៃចាញ់ប្រៀបអាមេរិក តើចុះហត្ថលេខាដើម្បីអ្វី ។

បើតាមបាតុករផ្សេងទៀត គឺ MOU រ៉ែកម្រនេះអាចបង្កើនការផលិតរ៉ែកម្រនៅប្រទេសថៃ ខណៈបច្ចុប្បន្ន ថៃកំពុងរងផលប៉ះពាល់ដោយសារការជីកយករ៉ែក្នុងតំបន់ជាច្រើន ដូចជា ៖ បញ្ហានៅទន្លេកក ខេត្តឈៀងរ៉ៃ ពុំទាន់មានការដោះស្រាយ ឬផ្តល់សំណងខូចខាតនៅឡើយទេ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែតុលា កន្លងមក លោក Anutin នាយករដ្ឋមន្ត្រីថៃបានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ព្រមទាំងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ។ ក្រៅពីនេះ លោក Anutin ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីរ៉ែកម្រជាមួយអាមេរិក ដែលធ្វើឱ្យសង្គមថៃរិះគន់យ៉ាងខ្លាំង និងទាមទារឱ្យលោកបកស្រាយយ៉ាងច្បាស់លាស់ ៕










