ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីវៀតណាម នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើវៀតណាមងាកមករឹតចំណងមិត្តភាពជំនួសឱ្យការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ហើយនាយករដ្ឋមន្ត្រីថៃក៏បានថ្លែងអំណរគុណរដ្ឋាភិបាលវៀតណាមដែលមើលការខុសត្រូវក្រុមហ៊ុនឯកជនថៃទៅវិនិយោគនៅវៀតណាម ។ រីឯនាយករដ្ឋមន្ត្រីវៀតណាមចាត់ទុកថៃជាដៃគូពាណិជ្ជកម្មកំពូលបានជួយជំរុញសេដ្ឋកិច្ចវៀតណាមឱ្យរីកចម្រើន ។
កាលពីថ្ងៃទី២៧ ខែតុលា នៅមជ្ឈមណ្ឌលសន្និសីទ KLCC ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃបានពិភាក្សាទ្វេភាគីជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អំពីកិច្ចសហការរវាងថៃ-វៀតណាម ក្រោយពីមេដឹកនាំប្រទេសទាំង២រូបបានជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃទី២១ ខែតុលា ។ ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីវៀតណាមបានបង្ហាញចំណាប់អារម្មណ៍ចំពោះថៃដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ថាជាការឆ្ពោះទៅរកសន្តិភាព និងសុវត្ថិភាព ខណៈនាយករដ្ឋមន្ត្រីថៃថា ថៃ-វៀតណាមជាប្រទេសមានសក្តានុពល លោកចង់អញ្ជើញវៀតណាមសហការគ្នាក្នុងឋានៈជាមិត្តជំនួសឱ្យការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ។
ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃ លោក Anutin ក៏បានថ្លែងអំណរគុណវៀតណាមផងដែរ ដែលបានគាំទ្រក្រុមហ៊ុនឯកជនថៃចូលទៅវិនិយោគនៅវៀតណាម និងមើលការខុសត្រូវក្រុមហ៊ុនថៃយ៉ាងល្អ ។ លោកបានអញ្ជើញនាយករដ្ឋមន្ត្រីវៀតណាមធ្វើទស្សនកិច្ចនៅប្រទេសថៃជាផ្លូវការក្នុងកិច្ចប្រជុំសហការទន្លេមេគង្គ-ឡានឆាង ដែលថៃនឹងធ្វើជាម្ចាស់ផ្ទះនៅខែធ្នូ ឆ្នាំ២០២៥ ខាងមុខ ។
ចំណែកនាយករដ្ឋមន្ត្រីវៀតណាម លោក Pham ចាត់ទុកថៃជាដៃគូពាណិជ្ជកម្មកំពូល និងជាវិនិយោគិនបរទេសលំដាប់ទី២ នៅវៀតណាម ដោយការវិនិយោគរបស់ក្រុមហ៊ុនឯកជនថៃបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើនសេដ្ឋកិច្ចវៀតណាម ។ លោកត្រៀមខ្លួនជួបជជែកពិភាក្សាជាមួយវិនិយោគិន និងម្ចាស់អាជីវកម្មថៃ ដើម្បីជ្រាបពីបញ្ហា និងសំណើផ្សេងៗរបស់ពួកគេ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែតុលា កន្លងមក នាយករដ្ឋមន្ត្រីថៃ លោក Anutin បានជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham ដើម្បីបង្ហាញក្តីរីករាយក្នុងឱកាសឡើងកាន់តំណែង ។ លោក Anutin បង្ហាញការជឿជាក់លើកិច្ចសហការរវាងថៃ-វៀតណាម ដែលលោកចាត់ទុកប្រទេសទាំងពីរមានសេដ្ឋកិច្ចរីកចម្រើនក្នុងអនុតំបន់ទន្លេមេគង្គ គឺកិច្ចសហការនឹងក្លាយជាកត្តាសំខាន់ឈានទៅជំរុញសេដ្ឋកិច្ច និងការអភិវឌ្ឍក្នុងតំបន់ឱ្យរីកចម្រើនប្រកបដោយនិរន្តរភាព ។.png)
ភាគីទាំងពីរបានប្តេជ្ញាបន្ត និងពន្លឿនកិច្ចសហការលើគ្រប់វិស័យ ជាពិសេស វិស័យសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ស្របពេលភាគីទាំងពីរកំពុងបង្កើនទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ ។ មេដឹកនាំទាំង២រូបសង្ឃឹមថា ថៃ-វៀតណាមនឹងបង្កើនការវិនិយោគទៅវិញទៅមកក្នុងផ្នែកឧស្សាហកម្ម កសិកម្ម បច្ចេកវិទ្យា និងការផលិតទំនិញ ៕










