ប្រទេសថៃ ៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម (Joint Declaration) ជាមួយកម្ពុជា ក្រៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ។ នៅថ្ងៃដដែលនេះ នាយករដ្ឋមន្ត្រីថៃក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីរ៉ែកម្រជាមួយអាមេរិកផងដែរ ប៉ុន្តែបែរជារងការស្តីបន្ទោសពីសង្គមថៃទៅវិញ ជាពិសេស សមាជិកសភាគណបក្សប្រជាជន បន្ទោសរដ្ឋាភិបាលថៃមានកំហុសធ្ងន់ធ្ងរដោយសារចាញ់ប្រៀបអាមេរិក ។

លោក Phattarapong Leelaphat សមាជិកសភាគណបក្សប្រជាជនប្រចាំខេត្តឈៀងម៉ៃ បានបង្ហោះសារក្នុងហ្វេសប៊ុកនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រោយពីនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីរ៉ែកម្រជាមួយអាមេរិកថា វាធ្វើឱ្យថៃចាញ់ប្រៀបយ៉ាងខ្លាំង និងត្រូវបានអាមេរិករឹតបន្តឹងគ្រប់ផ្នែក ។ លោកបានសួរទៅកាន់នាយករដ្ឋមន្ត្រីថា តើការចុះហត្ថលេខានេះចាំបាច់ដែរឬទេ?

សមាជិកសភារូបនេះយល់ថា ថៃមិនចាំបាច់ចុះហត្ថលេខាលើ MOU ជាមួយអាមេរិកទេ ពីព្រោះខ្លឹមសារ MOU គ្មានបញ្ជាក់ពីវិធានការការពារបរិស្ថានដោយសារដំណើរការធ្វើអណ្តូងរ៉ែកម្រ ។ បច្ចុប្បន្ន ភាគខាងជើងប្រទេសថៃកំពុងប្រឈមជាមួយបញ្ហាទឹកយ៉ាងខ្លាំងដោយសារការធ្វើអណ្តូងរ៉ែនៅប្រទេសជិតខាង ហើយការចុះហត្ថលេខាលើកនេះជាមួយអាមេរិក គឺជាការបង្កើតបញ្ហាថ្មីថែមទៀត ខណៈបញ្ហាចាស់ពុំទាន់ដោះស្រាយ ។

ហេតុអ្វីរដ្ឋាភិបាលថៃចុះហត្ថលេខាលើ MOU ស្តីពីរ៉ែកម្រជាមួយអាមេរិកស្របពេលជាមួយការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅទីក្រុងកូឡាឡាំពួរ ទាំងដែលការចុះហត្ថលេខាទាំង២ច្បាប់គ្មានអ្វីពាក់ព័ន្ធគ្នា ។ ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រី Anutin ប្រាប់ថា ការចុះហត្ថលេខារ៉ែកម្រជាមួយអាមេរិកបានឆ្លងកាត់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២១ ខែតុលា កន្លងមក និងឆ្លងកាត់នាយកដ្ឋានរ៉ែរួចហើយ ប៉ុន្តែពេលពិនិត្យលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បែរជាមិនឃើញបញ្ជាក់ពីរ៉ែកម្រ ។

ជាមួយគ្នានេះ នាយកដ្ឋានរ៉ែក៏ខ្វះខាតជំនាញយ៉ាងខ្លាំងផ្នែករ៉ែកម្រ ទើបមន្ត្រីនាយកដ្ឋានរ៉ែពុំអាចបកស្រាយពីដំណោះរការធ្វើអណ្តូងរ៉ែបែប In-Situ Leeching នៅប្រទេសជិតខាង ។ ដូច្នេះ រដ្ឋាភិបាលថៃមិនគួរចុះហត្ថលេខាលើ MOU ស្តីពីរ៉ែកម្រជាមួយអាមេរិកដែលធ្វើឱ្យថៃចាញ់ប្រៀប ខណៈថៃពុំទាន់ត្រៀមខ្លួន ។ ថៃថែមទាំងរងសម្ពាធខ្លាំងក្រោយការចុះហត្ថលេខាលើ MOU ដោយសារវាផ្តល់ផលប្រយោជន៍ដល់អាមេរិក និងធ្វើឱ្យការគ្រប់គ្រងធនធានធម្មជាតិរបស់ថៃមានកំណត់ ។

សមាជិកសភាថៃ លោក Phattarapong បន្តថា ធនធានធម្មជាតិនៅប្រទេសថៃមិនគួរយកទៅចរចាដើម្បីផលប្រយោជន៍សម្ងាត់ ហើយការលុបចោល MOU ជាមួយប្រទេសមហាអំណាចមិនងាយស្រួលឡើយ ពីព្រោះសហរដ្ឋអាមេរិកអាចដាក់សម្ពាធលើថៃគ្រប់វិធី ។ លោកមិនយល់ស្របជាមួយរដ្ឋាភិបាលក្នុងការចុះ MOU ច្បាប់នេះទេ ទោះជាបានបញ្ជាក់ពីភាពស្មើគ្នារវាងប្រទេសទាំងពីរ ប៉ុន្តែខ្លឹមសារ MOU សុទ្ធតែបញ្ជាក់ពីផលប្រយោជន៍របស់អាមេរិកជាចម្បង រីឯថៃវិញស្ទើរគ្មានឱកាសទៅវិនិយោគរ៉ែកម្រនៅអាមេរិកដែលត្រូវចំណាយដើមទុនខ្ពស់ជាង ។

ក្នុងឋានៈរដ្ឋាភិបាលគណបក្សភូមិចៃថៃដឹកនាំប្រទេសបណ្តោះអាសន្ន សមាជិកសភាថៃបានអំពាវនាវឱ្យរដ្ឋាភិបាលមិនពិចារណាពីការជីកយករ៉ែកម្រនៅប្រទេសថៃ និងហាមអនុញ្ញាតឱ្យអាមេរិកប្រើប្រាស់ MOU នេះមកដាក់សម្ពាធថៃត្រូវតែធ្វើអណ្តូងរ៉ែកម្រសម្រាប់អាមេរិក ។ ក្រៅពីនេះ រដ្ឋាភិបាលត្រូវប្រញាប់ធ្វើ Domestic Law តាម MOU ឱ្យតឹងរ៉ឹង ដោយបង្កើតច្បាប់យោងតាមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីស្តីពីរ៉ែកម្រដើម្បីការពារការប៉ះពាល់បរិស្ថាន ពីព្រោះរដ្ឋាភិបាលថៃបានក្លាយជាកូនអុកក្នុងសង្គ្រាមរ៉ែកម្ររវាងសហរដ្ឋអាមេរិក និងចិន ៕