តារាសម្តែងចិន Bai Lu បានធ្វើឱ្យអ្នកគាំទ្រក្នុងប្រទេសកម្ពុជាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបានឃើញរូបមួយសន្លឹករបស់តារាស្រីរូបនេះបង្ហោះនៅលើបណ្តាញសង្គម Weibo មានរូបផ្ទៃខាងក្រោយជាប្រាសាទអង្គរវត្ត។ ឃើញរូបភាពនេះហើយបានធ្វើឱ្យអ្នកគាំទ្រជាច្រើនលើកឡើងថាពួកគេគាំទ្រ Bai Lu មិនខកចិត្តនោះទេថែមទាំងជំរុញឱ្យតារាសម្តែងល្បីឈ្មោះរូបនេះមកលេងស្រុកខ្មែរ។

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ តារាសម្តែង Bai Lu តួឯកស្រីក្នុងរឿង «Only For Love» បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គមចិន Weibo ។ ជាមួយនឹងខេបសិននិងរូបភាព Bai Lu បានអរគុណសម្រាប់អាហារដ៏ឈ្ងុយឆ្ងាញ់នៅទីក្រុង ឆឹងទូ (Chengdu)។ អ្នកគាំទ្រទូទៅអាចនឹងចាប់អារម្មណ៍ច្រើនទៅលើអាហារដែល Bai Lu បង្ហាញប៉ុន្តែអ្នកគាំទ្រកម្ពុជាវិញគឺចាប់អារម្មណ៍ជាពិសេសទៅលើរូបមួយសន្លឹករបស់តារាស្រីរូបនេះ។
ក្នុងរូបភាពមួយ Bai Lu អង្គុយលើសាឡុងពាក់មួកពណ៌ខ្មៅដៃកាន់ទូរសព្ទប៉ុន្តែផ្ទៃខាងក្រោយបានឆ្លុះឱ្យឃើញរូបភាពមួយផ្នែកនៃប្រាសាទអង្គរវត្ត។ បន្ទប់ដែលមានរូបប្រាសាទអង្គរវត្តនេះត្រូវបានអ្នកគាំទ្រលើកឡើងថាជាសណ្ឋាគារដែល Bai Lu ស្នាក់នៅឆឹងទូ។ 
ក្រោយពីឃើញរូបភាពនេះហើយអ្នកគាំទ្រជាច្រើនបានបង្ហាញការរំភើបចិត្តដែលឃើញតារាស្រីរូបនេះបង្ហោះរូបជាប់ប្រាសាទអង្គរវត្ត។ មិនត្រឹមតែប៉ុណ្ណោះទស្សនិកជនជាច្រើនទៀតជំរុញឱ្យ Bai Lu មកលេងប្រទេសកម្ពុជាមកឃើញប្រាសាទអង្គរវត្តផ្ទាល់ភ្នែកផងដែរ។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ Bai Lu បានទាក់ទាញការចាប់អារម្មណ៍និងមានការសរសើរយ៉ាងច្រើនពីទស្សនិកជនទាំងជាតិនិងអន្តរជាតិនៅពេលនាងបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Hangzhou ប្រទេសចិនជាមួយនឹងសក់ពណ៌ផ្កាឈូក៕










