ថ្មីៗនេះលោកគ្រូ សាន សុជា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរះគន់យ៉ាងខ្លាំងនៅពេលលោកបាននិយាយថាការធ្វើពហិការទៅលើផលិតផលថៃប៉ុណ្ណេះមិនមែនមានន័យថាថៃអស់គ្រាប់បាញ់ខ្មែរនោះទេ។ មិនត្រឹមតែសាធារណជនមួយផ្នែកធំប៉ុណ្ណោះទេដែលមិនពេញចិត្តសម្តីរបស់លោកគ្រូ សាន សុជា សូម្បីតែបវរកញ្ញា ឆន ស្រីណេត បានសម្តែងការមិនពេញចិត្តដូចគ្នា។

តាមរយៈវីដេអូដែលបានចែករំលែកតៗគ្នា លោកគ្រូ សាន សុជា បាននិយាយថា «ខ្ញុំនៅតែគាំទ្រ ការ៉ាស់សាំងថៃ PTT និងផលិតផលថៃទោះបីយើងនាំគ្នាមិនប្រើប្រាស់ផលិតផលថៃ ក៏ថៃនៅតែមានលុយទិញយន្តហោះ ចម្បាំង និងអាវុធដែរ»។ ខ្លឹមសារនេះ ស្រីណេត បានពោលដោយក្តីហួសចិត្តថា «អើ….. ទៅជាចឹងទៅ »ដោយបានបញ្ជាក់ទៀតថានាងស្តាប់ហើយបាននាងស៊ែរ។
ជាមួយនឹងស្ថានភាពចម្រូងចម្រាសនេះ ស្រីណេត ក៏បានចែករំលែកវីដេអូមួយពីទាហានខ្មែរដែលកំពុងលើកស៊ីតែនទឹក ឡើងទីខ្ពស់ដោយភ្ជាប់មកជាមួយនឹងសម្តីថា «អ្នកស្តាប់ធម៌មានចិត្តអាណិត PTT ចូលមើលនេះ …»។ នៅយប់ថ្ងៃទី២៤ ឆន ស្រីណេត ក៏បានបង្ហោះសំណេរមួយថា «កោតសរសើអ្នកមានចិត្តចង់គាំទ្រ PTT ចុះដែលអាណិតទាហានដែលបានលះបង់ជីវិតដើម្បីការពារទឹកដីឱ្យពួកយើងនៅស្រណុកសុខស្រួលទេ ?
ចិត្តធម៌បានតែកុំខ្វាក់»។
ទោះជាបែបនេះក្តី អ្នកគាំទ្រមួយចំនួនបានជំរុញឱ្យអ្នកប្រតិកម្មចំពោះសម្តីរបស់លោកគ្រូ សាន សុជា ទៅទស្សនាវីដេអូពេញដោយបានចោទថាឃ្លីបវីដេអូខ្លីនោះគ្រាន់តែជាការលាបពណ៌ប៉ុណ្ណោះ។ លើសពីនេះទៅទៀតក៏មានការលើកឡើងថា លោកគ្រូ សាន សុជា គ្រាន់តែមានបំណងល្អប៉ុណ្ណោះមិនចង់ឱ្យខ្មែរធ្វើបាបខ្មែរគ្នាឯងព្រោះអាជីវករខ្មែរបានទិញប្រ៊េនឆាយរួចមកហើយ៕










