មនុស្សជាច្រើនយល់ថាការយំ ជាសញ្ញានៃភាពទន់ខ្សោយ ឬបង្ហាញការអស់ទ្រាំ ប៉ុន្តែការពិត យំ គឺជាចម្លើយផ្លូវអារម្មណ៍ពីធម្មជាតិរបស់មនុស្ស ដែលមានតួនាទីជួយសម្រួលអារម្មណ៍ កាត់បន្ថយស្ត្រេស និងធ្វើឲ្យផ្លូវចិត្តប្រសើរឡើងវិញ។ បើតាមអត្ថបទមួយពី CNA Lifestyle បានលើកឡើងថា ការយំអាចជាវិធីមួយក្នុងការថែរក្សាសុខភាពផ្លូវចិត្តយ៉ាងមានប្រសិទ្ធភាពបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7ln7GOhf0VuzWCbjk8LC46iovQnPxziASpExAee6cHH73CjVAaF8lQgI_YstLuNBPbTQRVEl-QeBfBgpj2rQ2A6TzFofZv98_2gjPsmSRlpE7eRQhtMskjpgmDUbn9zBvZLqb_tBEKPJrgHHNRWK2tpG9jIUKPUZnxqYnAytDO7eAvnG-DTT_c_0WvYoJ/s693/photo_2025-10-23_12-02-11%20(4).jpg

ធ្លាប់អត់ពេលអត់សប្បាយចិត្តរត់ទៅយំ ពេលយំរួចមានអារម្មណ៍ថាដូចដកបន្លាចេញពីទ្រូង? នេះមកពីពេលអ្នកយំមិនត្រឹមតែបញ្ចេញទឹកភ្នែកប៉ុណ្ណោះទេ ប៉ុន្តែជាប្រតិកម្មរវាងផ្លូវរាងកាយ និងផ្លូវចិត្តជាផងដែរ។ ទឹកភ្នែកនោះមានសារធាតុស្ត្រេសដូចជា cortisol និង prolactin ដែលរាងកាយចង់បញ្ចេញចេញ។ បន្ទាប់ពីយំរួច បេះដូងនឹងចាប់ផ្តើមលោតយឺត ហើយការដកដង្ហើមបានវែងជាងមុន ពេលនោះអារម្មណ៍ធូរស្រាលនឹងវិលមកវិញ ដែលមិនមែនជាអារម្មណ៍ចៃដន្យឡើយ តែជាផលវិទ្យាសាស្ត្ររបស់រាងកាយបន្ទាប់ពីយំរួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD3hjrvzaSHXem1OUwkdFQrpnWr6s3n1a6RenRHOe8y1dh4yCXjG0NJsYsbYI1_Eg2rA6R9H7Hc87rVgqMBy8mnb8cCmTzz0sUNEjb2UNsmqSjLE2Eydt1_oJMjw-V9Qz-lfXydM9byAZHuLZ03vorgGdkfr0PhNUeyUsxQ9IAUS45mS3ss3gq3pZDQa63/s640/photo_2025-10-23_12-02-11.jpg

មនុស្សយំដោយសារអារម្មណ៍ជាច្រើនប្រភេទ រាប់ទាំងការយំពេលសោកស្តាយ ការឈឺចាប់ ឬបាត់បង់អ្វីមួយ។ ប៉ុន្តែនៅពេលខ្លះ មនុស្សក៏អាចយំនៅពេលមានអារម្មណ៍រីករាយ ឬសប្បាយចិត្តខ្លាំងពេកផងដែរ។ អ្នកជំនាញបញ្ជាក់ថា ពេលមនុស្សប្រើអារម្មណ៍ខ្លាំងពេក នោះ ប្រព័ន្ធផ្លូវចិត្តនឹងប្រើទឹកភ្នែកដើម្បីបញ្ចេញអារម្មណ៍ដែលស្ទះក្នុងចិត្តនោះចេញមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMTGtB0KWuHbUfToeA8dchRlRzfRDSZF99cd64MaQvQcwcv6i20HPveE_PXpdlzW0lSZ08xM-ALQ5AnuOpxxPyYNCI5WucvrfBiZWbaFpUQqwbcSlNY9iGKp3Yz2MVgh5pd4y9AXK-ew7U3u5vhL2ESyJ95UFLMqFW2gE2fupf4RrkO3xdE4sWhdi7VN8P/s800/photo_2025-10-23_12-02-12%20(2).jpg
ជាទូទៅការសិក្សាបង្ហាញថា ស្ត្រីតែងតែយំញឹកជាងបុរស ដែលនេះមិនមែនដោយសារកត្តាជីវសាស្រ្តប៉ុណ្ណោះទេ វាក៏ដោយសារវប្បធម៌សង្គម ដែលធ្វើឲ្យបុរសតែងតែត្រូវស្ទាក់ស្ទើរក្នុងការបង្ហាញអារម្មណ៍ ខុសពីមនុស្សស្រីដែលងាយបង្ហាញអារម្មណ៍ និងទឹកភ្នែក។ ប៉ុន្តែការទប់ទឹកភ្នែកយូរអាចនាំឲ្យមានអារម្មណ៍កាន់តែតានតឹង ឬអស់កម្លាំងផ្លូវចិត្ត។ អ្នកជំនាញផ្លូវចិត្តណែនាំថា ការអនុញ្ញាតឲ្យខ្លួនឯងយំពេលត្រូវការ មិនមែនជារឿងគួរអៀនខ្មាស់ទេ តែជាផ្នែកមួយនៃការថែរក្សាផ្លូវចិត្តឲ្យមានស្ថេរភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmYebA-P6i8tRko5agvMNoPp4LH4WfNZgb5YJASd6YlYiANzwhM3n5RKT4THCtnnxtz7PDnCPZlH5a3aa6VCbDZrbq-2o5CRuTgP8KAvme6uGxm9MxlT8VlYWOSWgT1ZIJrNTNRi1MYnyDYzR6lkZC4oG6gXzDT8QnzzVkUt-TrfoYIpv-7lArBpnGLMXP/s1280/photo_2025-10-23_12-02-12.jpg

បន្ថែមពីនេះ ការទប់យំជាបន្តបន្ទាប់ក៏អាចនាំឲ្យមានបញ្ហាផ្លូវចិត្ត និងរាងកាយផងដែរ ដូចជា ឈឺក្បាល សាច់ដុំតានតឹង ឬមានអារម្មណ៍អស់កម្លាំង ដែលវាអាចបណ្ដាលឲ្យខួរក្បាលគិតច្រើន ឬងាយខឹងជាងមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjMI2gEEMuI2ZEj79wQcR7zopo75KiNAxaJa6847oE8XI2R9z7-wUxLB5mGJ45goBI1RZosvLZ4bzhTwwBIv1vz0fxnqvbnB_7uexeirroyuGIGWloQWjBexklw_byxkHeTkMlqY_u4TTIBNV9CZ0TTmPy_8wLBXnzp8CXM-Bo5Is10OIM4U3pxp0D8CXP/s732/photo_2025-10-23_12-02-11%20(2).jpg
ទោះជាយ៉ាងណា បើទោះបីជាការយំមានសារៈប្រយោជន៍ក៏ដោយ ប៉ុន្តែប្រសិនបើអ្នកយំញឹកញាប់ពេក ហើយយំដោយគ្មានមូលហេតុ ឬមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ នោះវាអាចជាសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត ឬភាពតានតឹងយូរ។ ក្នុងករណីនេះ អ្នកគួរប្រញាប់ពិភាក្សាជាមួយអ្នកជំនាញផ្លូវចិត្ត ដើម្បីទទួលបានជំនួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDepndMFTZnvBA3Z-uhJYYce5iar_B249BzTUA9Z0LZys4lO0WhzLyrDG4zZmxRXQ1bkyBmRo389uzUeBT2j9geNQKc20m33szN6lIkbQ9RPX3uFlWM80zMucYpCtXhVdGvJTAuqf1ZqVC1DJ00ADJn4n7tIhjNkDg6_PlL5CKVgcqalCVmUuqY3uLqkLN/s1280/photo_2025-10-23_12-02-11%20(3).jpg

សូមរំលឹកថា ការយំមិនមែនជាវិធីតែមួយគត់ដែលជួយរក្សាផ្លូវចិត្តឲ្យនឹងនរនោះទេ ប៉ុន្តែនៅមានសកម្មភាពផ្សេងទៀតដែលអាចជួយកាត់បន្ថយសម្ពាធផ្លូវចិត្តបានមួយកម្រិតផងដែរ ដូចជា ការហាត់ប្រាណ សរសេរចំណាំ បង្ហាញអារម្មណ៍តាមសិល្បៈ ឬនិយាយជាមួយមិត្តភក្តិជាដើម។ អ្វីដែលសំខាន់គឺត្រូវពីស្គាល់អារម្មណ៍របស់ខ្លួន និងទទួលស្គាល់វា ដើម្បីរកវិធីសមរម្យក្នុងការដោះស្រាយ៕