កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ បានធ្វើឡើងនៅខេត្តចន្ទបុរី ប្រទេសថៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដែលគណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា និងជាសហប្រធានគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ និងគណៈប្រតិភូថៃដឹកនាំដោយលោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេសថៃ និងជាសហប្រធានគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ-កម្ពុជា បានបញ្ចប់ហើយក្នុងបរិយាកាសមិត្តភាព និងស្និទ្ធស្នាល ។
ខឹ្លមសារក្នុងសេចក្តីប្រកាសព័ត៌មានរួមកិច្ចប្រជុំ JBC កម្ពុជា-ថៃ រួមមាន ៖
-ភាគីទាំងពីរបានឯកភាពប្រគល់ភារកិច្ចជូនអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ដើម្បីសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដែលភាគីទាំងពីរបានឯកភាពគ្នាលើទីតាំងដើម ។
-ភាគីទាំងពីរបានឯកភាពសាងសង់ឡើងវិញនូវបង្គោលព្រំដែនលិចទឹកចំនួន៣ នៅទីតាំងដែលភាគីទាំងពីរនឹងឯកភាពគ្នា ។
-ភាគីទាំងពីរបានឯកភាពពន្លឿនការកែសម្រួលបែបបទបច្ចេកទែស (TOR) ឆ្នាំ២០០៣ ទាក់ទងនឹងការផលិតផែនទីអ័រតូហ្វូតូ (ចំណុចទី៤ ជំហានទី២ នៃ TOR ឆ្នាំ២០០៣) ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ដូចជា LiDAR (Light Delection and Ranging) ដើម្បីពន្លឿនការងារវាស់វែង និងខណ្ឌសីមាព្រំដែន ។
-ពាក់ព័ន្ធនឹងករណីការចុះវាស់វែង និងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្តែងក្នុងកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 នៅក្នុងតំបន់ភូមិជោគជ័យ-ណងចាន់ និងតំបន់ភូមិព្រៃចាន់-ណងយ៉ាកែវ គឺ ៖
ក.ភាគីទាំងពីរបានឯកភាពពិនិត្យកែសម្រួលបញ្ចប់បែបបទណែនាំបច្ចេកទេស (TI) សម្រាប់ការវាស់វែងរួមគ្នា និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនអាទិភាពនៅចន្លោះបង្គោលលេខ 42-47 ។
ខ.បន្ទាប់ពីបញ្ចប់ការវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ន ព្រមទាំងទទួលបានការយល់ព្រមពីរដ្ឋាភិបាលរៀងខ្លួន ភាគីទាំងពីរនឹងស្នើសុំយោបល់ពីរដ្ឋាភិបាលរៀងៗខ្លួន ដើម្បីពិនិត្យសម្រេចលើការបង្កើតយន្តការសមស្របណាមួយ សម្រាប់ធ្វើការកែសម្រួលការកាន់កាប់និងអាស្រ័យផលរបស់ភាគីទាំងពីរ ។
គ.ការបោះបង្គោលបណ្តោះអាសន្ន គឺធ្វើឡើងក្នុងគោលបំណងបម្រើឱ្យការវាស់វែងប៉ុណ្ណោះ ដោយមិនត្រូវប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ។
ឃ.ភាគីទាំងពីរបានឯកភាពសម្របសម្រួលណែនាំដល់អាជ្ញាធរមូលដ្ឋាន រួមទាំងកងកម្លាំងយោធា និងជនស៊ីវិល ដើម្បីចូលរួមធានាសុវត្ថិភាព និងមិនរារាំងដល់ក្រុមវាស់វែងចម្រុះ ព្រមទាំងត្រូវចៀសវាងរាល់សកម្មភាពបង្កហេតុ ដែលអាចបង្កើតភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់នេះ ហើយត្រូវធានាសុវត្ថិភាពពីគ្រាប់មីន ដោយអនុលោមតាមមាត្រា៣ នៃ MOU ឆ្នាំ២០០០ ។
ភាគីទាំងពីរបានឯកភាពថា កិច្ចប្រជុំបន្ទាប់របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងប្រព្រឹត្តទៅនៅសប្តាហ៍ទី១ នៃខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ប្រទេសកម្ពុជា ៕