ថ្មីៗនេះតារាចម្រៀងស្រី និងជាអ្នកនិពន្ធបទចម្រៀង EJAE បានទាក់ទាញការចាប់អារម្មណ៍នៅពេលបង្ហាញខ្លួនក្នុងកម្មវិធី Newsroom របស់ប៉ុស្តិ៍កូរ៉េ JTBC ។ EJAE គឺជាសំឡេងរបស់តួឯកស្រី Rumi ដែលជាសមាជិកនៃក្រុមនារីប្រឌិត HUNTR/X នៅក្នុងរឿងភាគគំនូរជីវចលដ៏ល្បីល្បាញ «K-Pop Demon Hunters »។ នាងក៏បានចូលរួមក្នុងការនិពន្ធ និងសម្តែងដោយផ្ទាល់នូវបទចម្រៀងជាច្រើននៅក្នុងបទភ្លេងរបស់ខ្សែភាពយន្តដូចជាបទ «Golden» ជាដើម។
នៅក្នុងកម្មវិធី EJAE បានចែករំលែកថា «ខ្ញុំនៅតែមានអារម្មណ៍ថាខ្ញុំកំពុងសុបិន។ ខ្ញុំតែងតែចង់បង្កើតបទចម្រៀងដ៏ល្បី ប៉ុន្តែខ្ញុំមិនគិតថាវានឹងមកលឿនបែបនេះទេ»។ នាងបានបន្ថែមថា ការថតបទ «Golden» ក៏ជាបទពិសោធន៍ផ្ទាល់ខ្លួនយ៉ាងជ្រាលជ្រៅផងដែរ៖ «ខ្ញុំបានយំយ៉ាងខ្លាំង ពេលកំពុងថតបទចម្រៀង។ ខ្ញុំមានការតស៊ូនៅពេលនោះ ហើយដាក់រឿងរបស់ខ្ញុំទៅក្នុងបទចម្រៀង។ ខ្ញុំអាណិតដល់តួអង្គ Rumi ហើយបទចម្រៀងនេះបានផ្តល់ទំនុកចិត្ត និងក្តីសង្ឃឹមដល់ខ្ញុំ»។ នៅពេលសួរពីសិល្បករដែលគាត់ចង់សហការជាមួយបំផុត EJAE មិនស្ទាក់ស្ទើរក្នុងការជ្រើសរើស Jungkook សមាជិក BTS ។ ចម្លើយភ្លាមៗបានទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រ ដោយសារតែ Jungkook ក៏មានអាល់ប៊ុមទោលដ៏ជោគជ័យខ្លាំងហើយលោកក៏ធ្លាប់បកស្រាយបទចម្រៀង «Golden» នៅក្នុងរឿង «Kpop Demon Hunters» ដែលជួយឱ្យ EJAE កាន់តែល្បីល្បាញ។
EJAE បានសរសើរ Jungkook ថា «គាត់ច្រៀងបានល្អណាស់ និងបញ្ចេញអារម្មណ៍តាមរយៈសម្លេងរបស់គាត់បានយ៉ាងល្អ។ ខ្ញុំចង់សរសេរបទភ្លេងដ៏អស្ចារ្យសម្រាប់គាត់។ វាជាកិត្តិយសក្នុងការធ្វើការជាមួយគាត់»។ ក្រឡេកទៅមើលដំណើររបស់នាងវិញ EJAE បាននិយាយថាតន្ត្រីគឺជាកម្លាំងព្យាបាលរបស់នាង។ តារាចម្រៀងរូបនេះបាននិយាយពីគម្រោងអនាគតរបស់នាងថា៖ «ខ្ញុំចង់បន្តរីកចម្រើនក្នុងនាមជាអ្នកសិល្បៈ និងជាអ្នកតែងនិពន្ធ»។
ឈ្មោះពិតរបស់ EJAE គឺ Kim Eun Jae កើតក្នុងឆ្នាំ ១៩៩១ ។ នាងជាសិក្ខាកាមអស់រយៈពេលជាង ១០ ឆ្នាំនៅ SM Entertainment (តាំងពីឆ្នាំ ២០០៣) ប៉ុន្តែនៅទីបំផុតនាងមិនបានបង្ហាញខ្លួនដំបូងឡើយ។ បន្ទាប់មក EJAE បានបោះបង់ផ្លូវហ្វឹកហាត់របស់នាង ដើម្បីក្លាយជាតារា Kpop ដោយងាកមកធ្វើជាអ្នកនិពន្ធបទភ្លេងវិញ។ នាងបានចូលរួមក្នុងការនិពន្ធបទភ្លេងសម្រាប់សិល្បករ SM Entertainment ដូចជា Red Velvet, Taeyeon, aespa និងសិល្បករ Kpop និងក្រុមល្បីៗជាច្រើនទៀត។
ការចូលរួមក្នុងការបញ្ចូលសំឡេង និងការនិពន្ធបទភ្លេងសម្រាប់ «Kpop Demon Hunters» មិនបានរំពឹងទុកបានក្លាយជាព្រឹត្តិការណ៍សំខាន់មួយក្នុងអាជីពរបស់ EJAE។ វាបានជួយនាងឱ្យមានទំនុកចិត្តឡើងវិញក្នុងនាមជាអ្នកចម្រៀង និងបញ្ជាក់ពីទេពកោសល្យរបស់នាងក្នុងពន្លឺថ្មីមួយ។ ផលិតករក៏បានសរសើរពីសំនៀងដ៏គួរឱ្យចាប់អារម្មណ៍របស់ EJAE និងលើកទឹកចិត្តនាងឱ្យសម្តែងជាជាងនៅពីក្រោយឆាក។ នៅថ្ងៃទី ២៤ខែតុលា EJAE នឹងចេញបទចម្រៀង «In Another World» ដែលជាការបង្ហាញខ្លួនជាផ្លូវការរបស់នាងក្នុងនាមជាតារាចម្រៀងទោល៕