រាជធានីភ្នំពេញ៖ លទ្ធផលនៃកិច្ចប្រជុំនាថ្ងៃទី១៧ តុលា នៅប្រទេសម៉ាឡេស៊ី ភាគីថៃបានឯកភាពដោះលែងទាហានកម្ពុជាទាំង១៨រូបដែលខ្លួនបានចាប់ធ្វើជាចំណាប់ខ្មាំង ក្រោមកិច្ចព្រមព្រៀងសន្តិភាពមួយដែលកម្ពុជានិងថៃ នឹងចុះហត្ថាលេខានៅចុងខែតុលា ក្នុងកិច្ចប្រជុំកំពូលអាស៊ានដោយមានម៉ាឡេសុីនិងសហរដ្ឋអាមេរិក ចូលរួមធ្វើជាសាក្សី។
យោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន នៅថ្ងៃទី១៨ ខែតុលា បានឲ្យដឹងថា ក្រៅអំពីការស្ដារទំនុកចិត្តរវាងគ្នាទៅវិញទៅមក ឆ្ពោះទៅប្រក្រតីភាពក្នុងនាមជាអ្នកជិតខាងជាមួយគ្នាឡើងវិញ ភាគីថៃក៏បានយល់ព្រមដោះលែងនូវទាហានកម្ពុជាចំនួន ១៨នាក់ឲ្យវិលមករកមាតុភូមិវិញ តាមរយ:កិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានគេរំពឹងថា នឹងទទួលបានការចុះហត្ថាលេខាដោយនាយករដ្ឋមន្រ្តីកម្ពុជា និងថៃ។
ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់ថា ការចុះហត្ថលេខានេះ នឹងត្រូវធ្វើឡើងនៅអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន នៅពេលដែលមេដឹកនាំអាស៊ាន លោកអាន់វ៉ា អុីប្រាហុីម លោកដូណាល់ត្រាំ និង មេដឹកនាំជាច្រើនប្រទេសទៀត ចូលរួមនៅថ្ងៃទី២៦ ទៅ២៨ ខែតុលា ខាងមុខ។
សូមជម្រាបផងដែរថា អស់រយៈពេល ៨១ថ្ងៃ មកហើយ ដែលទាហានកម្ពុជាចំនួន ១៨រូប ត្រូវបានយោធាថៃព័ទ្ធចាប់ដល់លេណដ្ឋាន យកទៅឃុំឃាំងធ្វើជាចំណាត់ខ្មាំងដោយខុសច្បាប់នៅព្រឹកថ្ងៃទី២៩ ខែកក្កដា បន្ទាប់ពីបទឈប់បា.ញ់បានចូលជាធរមាននៅយប់ថ្ងៃទី២៨ ខែកក្កដា វេលាម៉ោង ១២.០០ ។
ជាមួយនឹងការចុះហត្ថាលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយនេះ ប្រមុខការទូតកម្ពុជាសង្ឃឹមយ៉ាងមុតមាំថាវា នឹងក្លាយទៅជាឯកសារដែលផ្តល់នូវភាពរឹងមាំដែលនាំប្រទេសទាំងពីរ ឲ្យឆ្ពោះទៅរកការរស់នៅក្នុងសន្តិភាព ក្នុងនាមជាអ្នកជិតខាងជាមួយគ្នា ជាពិសេសការស្តារទំនុកចិត្តរវាងគ្នាទៅវិញទៅមក។ ម្យ៉ាងទៀត ឯកសារនៃកិច្ចព្រមព្រៀងនេះ ក៏មានរៀបរាប់អំពីកិច្ចការសំខាន់មួយចំនួនទៀត ដែលនឹងពង្រឹងទំនុកចិត្ត និងស្តារប្រក្រតីភាពឡើងវិញទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានរដ្ឋាភិបាលកម្ពុជា-ថៃ ទម្លាក់ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ៕