បាងកក៖ ព្រះនាងម្ចាស់ Chulabhorn ប្អូនស្រីពៅរបស់មហាក្សត្រថៃ Maha Vajiralongkorn ដែលទើបធូរស្បើយពីរោគាពាធបានបង្ហាញបំណងចង់ឱ្យយោធាសាងសង់របងខណ្ឌនៅតាមព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីជម្លោះទឹកដីរវាងប្រទេសទាំងពីរបានផ្ទុះឡើងរហូតដល់មានការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរកាលពីដើមឆ្នាំនេះ។
យោងតាមការចុះផ្សាយរបស់ South China Morning Post នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ព្រះនាង Chulabhorn Walailak Agrarajakumari បានប្រាប់មន្ត្រីកងទ័ពក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងបាងកកនៅសប្តាហ៍នេះថា “សូមជួយពិចារណាពីរបៀបដែលយើងអាចសាងសង់ជញ្ជាំងអចិន្ត្រៃយ៍ជាមួយកម្ពុជា មិនមែនជាសំណង់បណ្តោះអាសន្នទេ ប៉ុន្តែត្រូវតែជារចនាសម្ព័ន្ធយូរអង្វែង”។ នាងក៏បានស្នើឱ្យយោធាសាងសង់លេណដ្ឋានសម្រាប់អ្នកស្រុក រួមជាមួយនឹងកន្លែងប្រចាំការដ៏មានសុវត្ថិភាពសម្រាប់បុគ្គលិកយោធាផងដែរ។
នេះជាការកត់សម្គាល់ដ៏កម្រមួយរបស់រាជវង្សថៃ ដែលសមាជិកភាគច្រើនជាធម្មតាបដិសេធមិនធ្វើសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងនយោបាយ និងគូសបញ្ជាក់អំពីទំនាស់ជាមួយប្រទេសជិតខាងបែបនេះទេ។ ក្នុងការស្ទង់មតិមួយ មានអ្នកឆ្លើយសំណួរជាងពាក់កណ្តាលបាននិយាយថា ប្រទេសថៃមិនគួរមានទំនាក់ទំនងជាមួយប្រទេសកម្ពុជាតទៅទៀតទេ ខណៈ ១៤ ភាគរយទៀតបានហៅកម្ពុជាថាជា «ស.ត្រូវ» របស់ប្រទេសខ្លួន។
ដោយឡែក បានតាមការឲ្យដឹងរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៧នេះ បានបង្ហាញថា កងយោធពលភូមិន្ទថៃ គ្រោងនឹងចំណាយប្រាក់ប្រមាណ ៧.៣៦ លានបាត ( ជិត ២០មុឺនដុល្លារ) ក្នុងការសាងសង់របងប្រវែងប្រវែង១គ.មជាប់កម្ពុជា ខណៈព្រំដែនសរុបរវាងប្រទេសទាំងពីរមានប្រវែង ៨០៤គ.ម។
គួរបញ្ជាក់ថា មិនត្រឹមតែបង្ហាញជំហរគាំទ្រយោធាក្នុងការសាងសង់របង ជីកលេណដ្ឋានបន្ថែម និងកសាងជម្រកសម្រាប់ជនសុីវិលថៃរំលោ.ភលើអធិបតេយ្យភាពកម្ពុជាប៉ុណ្ណោះទេ ដោយបើតាមការចុះផ្សាយរបស់បាងកកប៉ុស្តិ៍បានឲ្យដឹងថា ព្រះនាងម្ចាស់ Chulabhorn ដែលជាប្អូនស្រីពៅរបស់ស្ដេចថៃដែលទើបធូរស្បើយពីរោគាពាធក៏អង្គនេះ ក៏បានផ្ដល់ជាមូលនិធីឧបត្ថម្ភដល់ផែនការទុច្ចរិតនេះផងដែរ៕