ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ជាច្រើន បានជួបបញ្ហាគណនីត្រូវបាន Disable ឬ Suspend ដោយមិនដឹងពីមូលហេតុច្បាស់លាស់។ តាមការពន្យល់ពីអ្នកជំនាញបច្ចេកវិទ្យា និងគោលការណ៍របស់ក្រុមហ៊ុន Meta ឬ Facebook មានមូលហេតុសំខាន់ៗជាច្រើន ដែលអាចនាំឲ្យគណនីរបស់អ្នកត្រូវបានបិទជាបណ្ដោះអាសន្ន ឬអចិន្ត្រៃយ៍។
យ៉ាងណាមិញ មូលហេតុសំខាន់ៗដែលធ្វើឲ្យគណនីរបស់អ្នកត្រូវបានបិទរួមមាន៖
១. ការល្មើសនឹងគោលការណ៍សហគមន៍ (Community Standards):
Facebook មានគោលការណ៍ច្បាស់លាស់ក្នុងការត្រួតពិនិត្យមាតិកា។ ប្រសិនបើអ្នកបង្ហោះរូបភាព ឬអត្ថបទដែលមានអត្ថន័យប៉ះពាល់ដល់សុវត្ថិភាព សីលធម៌ ឬសង្គម ដូចជា មាតិកាហិង្សា ព័ត៌មានក្លែងក្លាយ ការផ្សាយពាណិជ្ជកម្មបន្លំ ឬ spam នោះអាចនាំឲ្យគណនីត្រូវបានបិទ។
២. មានការសង្ស័យអំពីសុវត្ថិភាពគណនី (Account Security):
ប្រសិនបើ Facebook សង្ស័យថាមានការចូលប្រើប្រាស់មិនស្របច្បាប់ ដូចជា ចូលពីឧបករណ៍ ឬទីតាំងថ្មីៗជាបន្តបន្ទាប់ ការផ្លាស់ប្តូរអ៊ីមែល ឬពាក្យសម្ងាត់ច្រើនដង ឬសកម្មភាពប្លែកៗ ដូចជាបញ្ជូនសារ spam នោះប្រព័ន្ធនឹងបិទគណនីបណ្តោះអាសន្ន ដើម្បីការពារទិន្នន័យអ្នក។
៣. គណនីក្លែងក្លាយ ឬក្លែងបន្លំ:
Facebook ចង់ឲ្យគណនីទាំងអស់ប្រើឈ្មោះ និងអត្តសញ្ញាណពិត។ ប្រសិនបើអ្នកប្រើឈ្មោះក្លែង ឬបង្កើតគណនីច្រើនសម្រាប់គោលបំណងពាណិជ្ជកម្ម អាចនាំឲ្យត្រូវលុបចោល។
៤. ការរាយការណ៍ (Reports) ពីអ្នកប្រើផ្សេង:
ប្រសិនបើមានអ្នករាយការណ៍ថាគណនីរបស់អ្នកបង្ហោះមាតិកាមិនសមរម្យ ឬប្រើសកម្មភាពបន្លំ ប្រព័ន្ធនឹងពិនិត្យ ហើយអាចបិទ (Disable) បណ្តោះអាសន្ន។
៥. ការផ្ញើសារឥតបានការ ឬការបោកប្រាស់ (Scam/Spam):
ប្រសិនបើគណនីរបស់អ្នកផ្ញើតំណភ្ជាប់ឬសារមិនពិតដែលបញ្ឆោតអ្នកដទៃ Facebook នឹងបិទគណនីភ្លាមៗ។
ទោះជាយ៉ាងណា បញ្ហានេះភាគច្រើនអាចដោះស្រាយបាន ដោយដាក់សំណើ (Appeal) ឲ្យ Facebook ពិនិត្យឡើងវិញ ហើយអាចទាញយកគណនីមកវិញក្នុងរយៈពេលពីរទៅប្រាំថ្ងៃ ប្រសិនបើបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវ ប៉ុន្តែក្នុងករណីខ្លះ នឹងត្រូវបិទជាអចិន្ត្រៃយ៍។ ដូចនេះ ដើម្បីការពារគណនីឲ្យមានសុវត្ថិភាព អ្នកគួរប្រើឈ្មោះពិត បើកប្រើ Two-Factor Authentication ដើម្បីការពារការលួចចូល និងជៀសវាងការចុចលើតំណគួរឱ្យសង្ស័យ ឬមិនគួរផ្តល់ពាក្យសម្ងាត់ឲ្យនរណាម្នាក់ឡើយ៕