ប្រទេសថៃ ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃបានប្រមូលគ្នាធ្វើបាតុកម្មនៅមុខស្ថានទូតកម្ពុជា ដោយដាក់សម្ពាធឱ្យមេដឹកនាំកម្ពុជាបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ជាបន្ទាន់ ពួកគេចោទប្រកាន់ពលរដ្ឋខ្មែរល្មើសអធិបតេយ្យនៅតំបន់ព្រំដែនខេត្តស្រះកែវ និងត្រៀមធ្វើបាតុកម្មនៅខេត្តស្រះកែវនាចុងខែតុលា ។ ក្រុមបាតុករជំរុញឱ្យនាយករដ្ឋមន្ត្រីថៃប្រកាន់គោលជំហរតឹងរ៉ឹងជាមួយកម្ពុជាដូចប្រទេសផ្សេងៗ រួមទាំងបកស្បែកមុខមន្ត្រីថៃមួយចំនួនដែលពាក់ព័ន្ធនឹងប្រតិបត្តិការហិរញ្ញវត្ថុខុសច្បាប់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily News ។
នាវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែតុលា បណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ ដឹកនាំដោយបុគ្គល ពិជិត ឆ័យមង្គល ព្រមទាំងក្រុមជ្រុលនិយមជាច្រើននាក់ បានយកឧបករណ៍បំពងសំឡេង និងកាន់ស្លាកសញ្ញានៅមុខស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកក ដើម្បីទាមទារឱ្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជម្លៀសពលរដ្ឋខ្មែរចេញពីតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ជាបន្ទាន់ ។
ក្រុមបាតុករបានបិទផ្លូវ និងឡើងលើរថយន្តនិយាយម្តងម្នាក់ទាមទារឱ្យមេដឹកនាំកម្ពុជាជម្លៀសពលរដ្ឋខ្មែរចេញពីតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយពួកគេនិយាយបំភ្លៃថា ជាទឹកដីថៃ ។ ក្រៅពីនេះ ទាមទារឱ្យលុបអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ ព្រមទាំងស្រែកថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាមនុស្សលក់ជាតិ ។ ក្នុងអំឡុងពេលនេះ សមត្ថកិច្ចថៃបានប្រមូលកម្លាំងឈរនៅមុខស្ថានទូតកម្ពុជាដើម្បីការពារអំពើហិង្សា និងសម្រួលចរាចរណ៍ ។
បុគ្គល ពិជិត ឆ័យមង្គល មេដឹកនាំបាតុករនិយាយថា ទោះជាគ្មានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ប៉ុន្តែការប្រមូលផ្តុំគ្នានេះ គឺទាមទារឱ្យមេដឹកនាំកម្ពុជាជម្លៀសពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនខេត្តស្រះកែវ និងទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បង្ហាញគោលជំហរតឹងរ៉ឹងដាក់សម្ពាធមេដឹកនាំកម្ពុជា ។ នាយករដ្ឋមន្ត្រីថៃត្រូវបញ្ជូនលិខិតម៉ឺងម៉ាត់ទៅកម្ពុជា ខណៈថៃបានត្រៀមកម្លាំងទ័ពជានិច្ច ប៉ុន្តែដោយសារលោក អនុថីន ពុំម៉ឺងម៉ាត់ ទើបធ្វើឱ្យបញ្ហាអូសបន្លាយ ។
បុគ្គលនេះបន្តថា មេដឹកនាំកូរ៉េខាងត្បូង អង់គ្លេស និងអាមេរិក ចាប់ផ្តើមដាក់សម្ពាធកម្ពុជាករណីឆបោកតាមអនឡាញ បែរជាថៃជាប្រទេសជិតខាងមិនចាត់វិធានការឱ្យលឿនដូចប្រទេសទាំងនេះ ។ ថៃគួរបកស្បែកមុខរដ្ឋមន្ត្រីថៃដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការហិរញ្ញវត្ថុធនាគារនៅកម្ពុជា និងចាត់វិធានការលើបុគ្គលពាក់ព័ន្ធនឹងការប្រព្រឹត្តខុស ។ រីឯការរិះគន់យ៉ាងខ្លាំងលើសមាជិកព្រឹទ្ធសភា លោកស្រី អាំងខាណា នីឡៈផៃជីត គឺជាសិទ្ធិបុគ្គល ប៉ុន្តែសូមពលរដ្ឋថៃការពារអធិបតេយ្យច្រើនជាងឈ្លោះគ្នាឯង ។
គួរបញ្ជាក់ថា ក្រុមបាតុករនឹងប្រមូលគ្នាធ្វើបាតុកម្មនៅព្រំដែនខេត្តស្រះកែវនាចុងខែតុលានេះ ដោយទាក់ទងទៅបុគ្គលជ្រុលនិយម ស៊ុមក្វាម ឃីត ដើម្បីកំណត់ថ្ងៃធ្វើបាតុកម្ម ហើយក្រុមបាតុករបាននាំគ្នាច្រៀងចម្រៀងជាតិមុនពេលបំបែកហ្វូង ៕