ការសន្សំលុយជារឿងមួយសំខាន់សម្រាប់មនុស្សគ្រប់រូប ដែលវាអាចជួយយើងបាននៅគ្រាដែលខ្វះខាតខ្លាំង ដូចជានៅពេលមានបញ្ហាសុខភាព ឬការរកស៉ីអាជីវកម្មផ្សេងៗ។ យ៉ាងណាមិញ នេះជាបញ្ហាមួយផងដែរក្នុងការរស់នៅក្នុងសម័យទំនើប សម្ភារៈនិយម និងមានការប្រកួតប្រជែងខ្ពស់នេះ ជាពិសេសសម្រាប់អ្នកដែលមានប្រាក់ចំណូលទាប ដោយហេតុថាការចំណាយប្រចាំថ្ងៃមានតម្លៃខ្ពស់។
ទោះជាយ៉ាងណា វិធីសន្សំលុយមានច្រើនបែបយ៉ាង មិនថាជាសាច់ប្រាក់សុទ្ធ ឬដាក់ក្នុងធនាគារឡើយ ប៉ុន្តែទម្លាប់ទាំង ៧ ខាងក្រោមនេះ ហាក់មើលទៅដូចជាជួយអ្នកក្នុងការសន្សំប្រាក់អញ្ចឹងដែរ តែតាមពិតទៅវាបែរជាធ្វើឱ្យអ្នកចំណាយកាន់តែច្រើនក្នុងរយៈពេលយូរទៅវិញ ដែលទម្លាប់ទាំងនោះរួមមាន៖
១.បើកឡានចាស់ៗ៖ មនុស្សជាច្រើនមិនចង់ទិញឡានថ្មីនោះទេ ព្រោះពួកគេគិតថាវាត្រូវចំណាយច្រើនពេក ដូច្នេះហើយពួកគេនៅតែបន្តប្រើឡានចាស់ដដែល។ តែតាមពិតទៅ ថ្លៃជួសជុល ថែទាំ និងធានារ៉ាប់រងឡានចាស់ៗ ឬឡានជជុះ គឺមានតម្លៃខ្ពស់ជាងឡានថ្មីទៅទៀត។ ការទិញឡានថ្មីដំបូងអាចមើលទៅថ្លៃ ប៉ុន្តែវាសន្សំសំចៃច្រើនក្នុងរយៈពេលវែង។
២.ទិញឥវ៉ាន់បញ្ចុះតម្លៃ៖ សម្រាប់អ្នកចូលចិត្តទិញរបស់របរប្រើប្រាស់ ងាយនឹងរំជួលចិត្តដោយទំនិញបញ្ចុះតម្លៃ ដោយគិតថាពួកគេអាចសន្សំលុយ ប៉ុន្តែតាមពិតតម្លៃបន្ទាប់ពីការលក់ច្រើនតែនៅកៀកនឹងតម្លៃដើម។ អ្នកទិញគិតថាពួកគេកំពុងរកប្រាក់ចំណេញ ខណៈពេលដែលប្រាក់ចំណេញរបស់ហាងនៅតែមិនផ្លាស់ប្តូរ។
៣.ទិញសំលៀកបំពាក់តម្លៃទាប៖ ម៉ាកយីហោលំដាប់ខ្ពស់ ដែលមានតម្លៃថ្លៃ ច្រើនតែមានសម្ភារៈល្អជាង និងការដេរយ៉ាងប្រណិត។ ទន្ទឹមនឹងនេះ សម្លៀកបំពាក់ដែលមានតំលៃថោក ងាយនឹងរហែក ខូចទ្រង់ទ្រាយ និងឆាប់ចាស់ ដែលបង្ខំឱ្យអ្នកទិញវាម្តងហើយម្តងទៀត។
៤.ការប្រាក់បញ្ញើសន្សំទៀងទាត់៖ អត្រាការប្រាក់នៅលើគណនីសន្សំធម្មតាគឺទាបជាងអត្រាអតិផរណា។ នេះមានន័យថា ការទុកលុយរបស់អ្នកក្នុងគណនីបែបនេះ លុយរបស់អ្នកនឹងបាត់បង់តម្លៃបន្តិចម្តងៗ។ ជំនួសមកវិញ គួរវិនិយោគនៅក្នុងភាគហ៊ុន មូលបត្របំណុល ឬដាក់វានៅក្នុងគណនីដែលមានការប្រាក់ខ្ពស់ ដើម្បីឱ្យវាទទួលបានផលត្រឡប់មកវិញកាន់តែប្រសើរ។
៥.ទិញទំនិញបន្ថែមដើម្បីទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ៖ មនុស្សជាច្រើនចូលចិត្តទិញថែមមួយហើយមួយទៀតធ្វើយ៉ាងណាឱ្យគ្រប់តម្លៃដែលគេបានកំណត់។ ប៉ុន្តែជារឿយៗប្រាក់ថ្លៃទំនិញបន្ថែមគឺច្រើនជាងថ្លៃដឹកជញ្ជូនទៅទៀត។
៦.ជៀសវាងការពិនិត្យសុខភាព ដើម្បីសន្សំប្រាក់៖ ការពិនិត្យសុខភាពជាប្រចាំ និងការថែទាំសុខភាពមាត់ធ្មេញគឺជាការចាំបាច់ណាស់។ គួរពិនិត្យជាប្រចាំ ដើម្បីកុំឲ្យវាវិវត្តន៍ទៅជាធ្ងន់ធ្ងរ ចំណាយកាន់តែច្រើន និងអាចសន្សំសំចៃថវិកា ព្រមទាំងពេលវេលាបានមួយកម្រិតផងដែរ។
៧.ទិញសេវាកម្មធានារ៉ាប់រងបន្ថែម៖
មនុស្សជាច្រើនគិតថា ការទិញសេវាកម្មធានាបន្ថែមអាចជួយសន្សំប្រាក់បាន ប្រសិនបើទំនិញខូចក្រោយពីការធានាធម្មតាផុតកំណត់។ ប៉ុន្តែជាការពិត ការធានាបន្ថែមគួរតែទិញតែពេលផលិតផលនោះមានហានិភ័យខ្ពស់ ងាយខូច ឬមានតម្លៃជួសជុលថ្លៃប៉ុណ្ណោះ។ ម៉្យាងវិញទៀត សេវាកម្មធានាបន្ថែមគឺជាវិធីមួយដែលហាងនិងក្រុមហ៊ុនប្រើដើម្បីរកប្រាក់ចំណេញបន្ថែម ដូច្នេះពួកគេតែងតែផ្តល់ជូនវាយ៉ាងសកម្មដើម្បីបង្កើនការលក់៕