ប្រទេសថៃ ៖ កងទ័ពភូមិភាគទី២ថៃបានបដិសេធកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ដែលគ្រោងធ្វើចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ដោយចោទប្រកាន់កម្ពុជាគ្មានភាពស្មោះត្រង់ និងមិនបង្ហាញគម្រោងជាក់លាក់ ។ កងទ័ពភូមិភាគទី២ថៃនឹងចូលរួមកិច្ចប្រជុំ RBC លុះត្រាតែកម្ពុជាអនុវត្តតាមលក្ខខណ្ឌ រួមមាន ៖ កែសម្រួលកម្លាំងទ័ព និងដោះមីននៅតំបន់ព្រំដែន ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា មេបញ្ជាការកងទ័ពភូមិភាគទី២ លោក វីរៈយុទ្ធ រ៉ាក់ស៊ីន បានចោទប្រកាន់កម្ពុជាមិនស្មោះត្រង់ ទើបថៃបដិសេធកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ដែលគ្រោងធ្វើចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ។ កងទ័ពភូមិភាគទី២ថៃនឹងចូលរួមកិច្ចប្រជុំ RBC លុះត្រាកម្ពុជាយល់ព្រមកែសម្រួលកម្លាំងទ័ព និងដោះមីននៅតំបន់ព្រំដែន ។

នៅថ្ងៃទី១៥ ខែតុលា ហ្វេសប៊ុកផេកកងទ័ពភូមិភាគទី២ថៃបានបង្ហោះចោទប្រកាន់ថា កម្ពុជាមិនស្មោះត្រង់ ខ្វះការសហការ មិនបង្ហាញគម្រោងជាក់លាក់ រួមទាំងការកែសម្រួលកម្លាំងទ័ពដើម្បីកាត់បន្ថយការប្រឈមមុខ ក៏ដូចជាដោះមីនតាមការព្រមព្រៀងក្នុងកិច្ចប្រជុំ GBC ដើម្បីរក្សាភាពជឿជាក់លើកិច្ចព្រមព្រៀងដែលមិនអនុញ្ញាតឱ្យភាគីណាមួយបំភ្លៃការពិត ។

ហេតុនេះ កងទ័ពភូមិភាគទី២ថៃពុំអាចចូលរួមកិច្ចប្រជុំ RBC ជាមួយយោធភូមិភាគទី៤កម្ពុជាដែលគ្រោងធ្វើចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ទេ និងស្នើលើកពេលកិច្ចប្រជុំដោយគ្មានកំណត់ លុះត្រាកម្ពុជាបង្ហាញគម្រោងជាក់លាក់ដែលអាចកាត់បន្ថយជម្លោះ ។ កងទ័ពភូមិភាគទី២ថៃនឹងអនុវត្តរាល់វិធានការក្នុងក្របខ័ណ្ឌអន្តរជាតិ ដើម្បីរក្សាភាពស្ងប់ស្ងាត់ សន្តិសុខ និងការពារអធិបតេយ្យឱ្យអស់ពីសមត្ថភាព ។

យោងតាមហ្វេសប៊ុកផេកក្រសួងការពារជាតិកម្ពុជាបង្ហោះថ្ងៃទី១៥ ខែតុលា ឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ត្រូវបានលើកទៅពេលក្រោយតាមការស្នើសុំរបស់ភាគីថៃ និងជំនួសវិញដោយជំនួបជាមួយក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) វិញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ។

យោធភូមិភាគទី៤កម្ពុជា នឹងបន្តសម្របសម្រួលជាមួយភាគីថៃក្នុងការរៀបចំកិច្ចប្រជុំខាងលើឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការបន្តអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ៕