ប្រទេសថៃ ៖ ក្រោយពីលោកនាយករដ្ឋមន្ត្រីថៃពិចារណាលុបចោលអនុស្សរណៈនៃការយោគយល់គ្នា MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ ក្រោមហេតុផលប្រទេសថៃពុំទទួលបានផលប្រយោជន៍ និងធ្វើឱ្យបាត់បង់ទឹកដី អតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក ម៉ារីស សាងៀមផុង និយាយថា MOU ទាំង២ច្បាប់ពុំធ្វើឱ្យថៃបាត់បង់ទឹកដីទេ បើរដ្ឋាភិបាលថ្មីលុបចោល ត្រូវតែទទួលខុសត្រូវ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន News In Thailand នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ។

កាលពីថ្ងៃទី១៣ ខែតុលា មានសិក្ខាសាលាផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនឹងអនុស្សរណៈនៃការយោគយល់គ្នា MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ ដោយមានមន្ត្រីសំខាន់ៗចូលរួម ដូចជា ៖ លោក ម៉ារីស សាងៀមផុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេស, លោក ចាក់ក្រៈភព ពេញខេ អតីតអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី និងលោក វីរៈផាន់ ព្រិយ៉ាវង្ស មន្ត្រីច្បាប់ ដោយមន្ត្រីទាំង៣រូបបាននិយាយពី MOU និងតួនាទីប្រទេសថៃនៅលើឆាកអន្តរជាតិ ។

លោក ម៉ារីស បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងអាណត្តិរដ្ឋាភិបាលគណបក្សភឿថៃ និយាយថា MOU មិនប៉ះពាល់អធិបតេយ្យថៃ គ្មានការផ្លាស់ប្តូរបន្ទាត់ព្រំដែន ឬសិទ្ធិប្រើប្រាស់ធនធានធម្មជាតិទេ រីឯផែនទីពាក់ព័ន្ធគ្រាន់តែជាឯកសារយោងសម្រាប់ការចរចា ។ ការចុះកិច្ចព្រមព្រៀងផ្សេងៗត្រូវឆ្លងកាត់ការពិចារណារបស់កិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) កម្ពុជា-ថៃ និងការពិចារណារបស់សភាតំណាងរាស្ត្រ ។ ការលុប MOU នឹងប៉ះពាល់ការចរចា ឬពិបាកចរចា ថៃនឹងចាញ់ប្រៀប ពីព្រោះវាជាយុទ្ធសាស្ត្រការទូតត្រូវប្រើប្រាស់កិច្ចការសម្ងាត់មួយចំនួន បើចង់លុប រដ្ឋាភិបាលត្រូវទទួលខុសត្រូវ ។

ចំណែកលោក ចាក់ក្រៈភព ពេញខេ អតីតអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី និយាយថា បញ្ហាពិតប្រាកដ មិនមែនស្ថិតនៅលើ MOU ទេ ប៉ុន្តែវាជាការលើកឡើងពីបញ្ហានយោបាយដើម្បីឱ្យមានជម្លោះ ។ គួរតែរក្សាទុក MOU សម្រាប់ការចរចាទ្វេភាគី និងដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី ។ ដូចគ្នានេះ លោក វីរៈផាន់ ព្រិយ៉ាវង្ស មន្ត្រីច្បាប់និយាយថា ថៃគួររក្សាទុក MOU និងគោរពកិត្តិយសខ្លួនឯង រួមទាំងកិត្តិយសប្រទេសជិតខាង ។ MOU សម្រាប់ប្រើប្រាស់យ៉ាងទូលំទូលាយក្នុងកិច្ចសហការព្រំដែន ពាណិជ្ជកម្ម និងការបញ្ជូនជនល្មើសឆ្លងព្រំដែន ។

គួរបញ្ជាក់ថា ការលុបចោល MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ មានការជជែកវែកញែកគ្នាយ៉ាងខ្លាំងនៅប្រទេសថៃមានទាំងមតិយល់ស្រប និងមិនយល់ស្រប ដោយលើកពីហេតុផលរៀងៗខ្លួន ។ កាលពីថ្ងៃទី៦ ខែតុលា លោក ណាថាផុង រឿងបញ្ញាវុធ ប្រធានគណបក្សប្រជាជន ដែលជាគណបក្សប្រឆាំងបានជំរុញឱ្យរដ្ឋាភិបាលលុបចោលគម្រោងធ្វើប្រជាមតិសួរយោបល់ពលរដ្ឋពីការបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ ជាមួយកម្ពុជា ដោយលោកលើកឡើងពីលទ្ធផលការស្ទង់មតិរបស់ NIDA Poll បង្ហាញថា ពលរដ្ឋថៃភាគច្រើនពុំយល់ដឹងពីខ្លឹមសារ MOU ។

ដោយឡែក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និយាយនាពេលកន្លងមកថា ការចុះអនុស្សរណៈយោគយល់គ្នាលើព្រំដែននៅឆ្នាំ២០០០ (MOU 2000) រវាងកម្ពុជា-ថៃ មិនអាចមានភាគីណាមួយមានសិទ្ធិសម្រេចលុបចោលនោះទេ ។ MOU ឆ្នាំ២០០០ បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់កម្ពុជា-ថៃ ក្នុងការមានព្រំដែនច្បាស់លាស់ មានសន្តិភាពរវាងប្រទេសនិងពលរដ្ឋទាំងពីរ សម្រាប់ទំនាក់ទំនងគ្នាល្អនៅតាមព្រំដែនឱ្យមានការអភិវឌ្ឍ ៕