ប្រទេសថៃ ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ គឺជាថ្ងៃដែលកងទ័ពថៃដាក់លក្ខខណ្ឌឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីតំបន់ភូមិណងចាន់ (ទល់មុខភូមិជោគជ័យ) និងតំបន់ភូមិណងយ៉ាកែវ (ទល់មុខភូមិព្រៃចាន់) បើមិនដូច្នោះទេ កងទ័ពថៃនឹងចាត់វិធានការពីស្រាលទៅធ្ងន់ដើម្បីឱ្យពលរដ្ឋខ្មែរចាកចេញពីភូមិទាំង២ ។ នៅថ្ងៃដដែលនេះ នាយករដ្ឋមន្ត្រីថៃបានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិជជែកពីបញ្ហាសន្តិសុខ និងស្តាប់ពីផែនការសម្ងាត់របស់កងទ័ពក្នុងការបណ្តេញពលរដ្ឋខ្មែរ ។

នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បាននិយាយមកកាន់សារព័ត៌មានក្រោយធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ លើកទី១៣ ថា ថៃត្រៀមខ្លួនគ្រប់ផ្នែក ហើយលោកជ្រាបផែនការកងទ័ពថៃពីការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ភូមិណងចាន់ (ទល់មុខភូមិជោគជ័យ) និងតំបន់ភូមិណងយ៉ាកែវ (ទល់មុខភូមិព្រៃចាន់) ប៉ុន្តែពុំអាចនិយាយជាសាធារណៈបានទេ វាជាផែនការសម្ងាត់បំផុត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Standard ។

កិច្ចប្រជុំបានពិភាក្សាពីបញ្ហាសន្តិសុខជាតិ ប៉ុន្តែលោកពុំអាចនិយាយឱ្យដឹងពេលនេះទេ ត្រូវរង់ចាំស្តាប់ព័ត៌មានលម្អិតពីអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ និងនាយករងមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។ លោកនឹងចុះពិនិត្យមើលស្ថានការណ៍ភូមិណងចាន់ និងភូមិណងយ៉ាកែវដោយផ្ទាល់នៅពេលណាមួយ ។

ក្រៅពីនេះ លោកទទួលបានផែនការសម្ងាត់របស់កងទ័ពពីការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ភូមិណងចាន់ និងតំបន់ភូមិណងយ៉ាកែវ ។ ភាគីថៃបានត្រៀមខ្លួនគ្រប់ផ្នែក ប៉ុន្តែលោកពុំអាចប្រាប់ជាសាធារណៈ ពីព្រោះវាជាផែនការសម្ងាត់បំផុតពាក់ព័ន្ធនឹងប្រទេសជាតិ ។

ចំណែកលោក ឆាត់ឆ័យ បាងឈួត អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិបាននិយាយពីលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ដែលមាននាយករដ្ឋមន្ត្រីធ្វើជាប្រធាន ថា កិច្ចប្រជុំបានពិភាក្សាពីការតាមដានស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយសង្កត់ធ្ងន់លើគោលជំហរ៤ចំណុចតាមការលើកឡើងរបស់លោក អនុថីន រួមមាន ៖ ១-កម្ពុជាត្រូវដកអាវុធធុនធ្ងន់ចេញពីព្រំដែន ២-ដោះមីន ៣-សហការបង្ក្រាបបទល្មើសឆ្លងដែន និង៤-គ្រប់គ្រងព្រំដែននៅតំបន់មានបញ្ហា ។

កិច្ចប្រជុំក៏បានពិភាក្សាពីការដោះស្រាយបញ្ហាព្រំដែនភាគខាងត្បូង ដោយបង្កើតក្រុមការងារពិសេសរបស់រដ្ឋាភិបាល ដែលមានតួនាទីភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយអាជ្ញាធរមូលដ្ឋាន ដោយសាររដ្ឋាភិបាលរបស់លោក អនុថីន មានពេលវេលាត្រឹមតែ៤ខែ ឬមិនលើស១ឆ្នាំ ។

គួរបញ្ជាក់ថា ថៃនៅតែដាក់លក្ខខណ្ឌ៤ចំណុចឱ្យកម្ពុជាអនុវត្តតាម ហើយស្នើឱ្យប្រធានាធិបតីអាមេរិក លោក Donald Trump បញ្ចុះបញ្ចូលកម្ពុជាឱ្យយល់ព្រមតាមលក្ខខណ្ឌរបស់ខ្លួន ទើបថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី នាចុងខែតុលា ។ នៅថ្ងៃទី១០ ខែតុលា ថៃបានបញ្ជូនកម្លាំងទ័ព និងទូរកុងទឺន័រមកតំបន់ព្រំដែនខេត្តស្រះកែវ ព្រមទាំងប្រកាសដោះមីន ខណៈកម្ពុជានៅតែរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឈរលើយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិ ហើយចាត់ទុកថា ការប្រើប្រាស់កម្លាំងយោធាមិនអាចដោះស្រាយបញ្ហាព្រំដែនបានឡើយ ៕