រាជធានីភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្ញើរញត្តិថ្មីមួយទៀតផ្ទើទៅឱ្យអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅឋានសមរម្យរបស់ UN ដោយបង្ហាញពីការខកចិត្តយ៉ាងខ្លាំងដែលអ្នករាយការណ៍ពិសេសរបស់UN នៅបន្តស្ងៀមស្ងាត់ចំពោះសកម្មភាពឈ្លានពានរបស់ថៃមកលើពលរដ្ឋស្លូតត្រង់កម្ពុជានៅតាមតំបន់ព្រំដែន។
យោងតាមលិខិតដែលផ្ញើជូន លោក Balakrishnan Rajagopal អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅឋានសមរម្យ នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានបង្ហាញថា គ.ស.ម.ក. មានការខកចិត្តយ៉ាងខ្លាំង ដែលអ្នករាយការណ៍ពិសេសមិនបានឆ្លើយតបនឹងញត្តិបន្ទាន់របស់ គ.ស.ម.ក. ហើយការបន្តភាពស្ងៀមស្ងាត់បែបនេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តលើយន្តការសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ និងប្រសិទ្ធភាពនៃយន្តការនីតិវិធីពិសេស។ នៅពេលសហគមន៍ត្រូវប្រឈមមុខនឹងការបណ្តេញ ចេញដោយបង្ខំ ការចូលរួមរបស់អ្នកទទួលបានអាណត្តិនៃនីតិវិធីពិសេសនេះ ក្នុងការតស៊ូមតិជាសាធារណៈទាន់ពេល វេលា ពិតជាមានសារៈសំខាន់ណាស់ដើម្បីទប់ស្កាត់ការខូចខាតដែលមិនអាចស្តារឡើងវិញបាន។
គ.ស.ម.ក. សូមស្នើសុំអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យ ដែលមានអាណត្តិក្នុងការលើកកកម្ពស់និងពិនិត្យតាមដានសិទ្ធិមនុស្សក្នុងការទទួលបានលំនៅឋានសមរម្យ បន្ទាន់ជាមួយនឹងរាជរាដ្ឋាភិបាលប្រទេសថៃ ទំនាក់ទំនងជា ដើម្បីធានាដល់ការគោរពសិទ្ធិទទួលបានលំនៅឋានសមរម្យរបស់ប្រជាជន កម្ពុជាដែលបានរងផលប៉ះពាល់ បង្ការការរំលោភបំពានណាមួយផ្សេងទៀត និងសម្របសម្រួលឱ្យមានវិធានការដោះ ស្រាយសមរម្យស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
គ.ស.ម.ក. សូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងកិច្ចសហការបែបស្ថាបនាជាមួយរាល់យន្តការសិទ្ធិ មនុស្សទាំងអស់របស់អង្គការសហប្រជាជាតិ។ យើងយកចិត្តទុកដាក់ខ្ពស់លើសារៈសំខាន់នៃសកម្មភាពដែលមាន លក្ខណៈសកម្ម និងឆ្លើយតប របស់អ្នកទទួលបានអាណត្តិនេះ ជាពិសេសអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមាន លំនៅឋានសមរម្យ ក្នុងការដោះស្រាយបញ្ហាសិទ្ធិមូលដ្ឋានរបស់សហគមន៍ដែលងាយរងគ្រោះ។ សុចរិតភាពនៃប្រព័ន្ធ សិទ្ធិមនុស្ស គឺអាស្រ័យលើការផ្តល់នូវកិច្ចអន្តរាគមន៍ភ្លាមៗ មិនលម្អៀង និងប្រកបដោយប្រសិទ្ធភាព។
អាស្រ័យហេតុនេះ គ.ស.ម.ក. សូមជំរុញឲ្យអ្នករាយការណ៍ពិសេសដោះស្រាយបញ្ហានេះជាបន្ទាន់ និងគាំទ្រ ដល់សំណើរបស់កម្ពុជា ដែលស្នើឱ្យមានការទទួលខុសត្រូវចំពោះការរំលោភបំពានទាំងនេះ។ គ.ស.ម.ក. មានក្តី រំពឹងលើការចូលរួមរបស់អ្នករាយការណ៍ពិសេស ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស ច្បាប់មនុស្សធម៌ អន្តរជាតិ និងយុត្តិធម៌ សម្រាប់ជនរងគ្រោះនៃអំពើខុសច្បាប់បែបនេះ៕