នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ កងទ័ពថៃបានត្រៀមកម្លាំងនៅភូមិណងចាន់ ស្រុកខូកស៊ូង ខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ) ខណៈពលរដ្ឋថៃដង្ហែរគ្នាមកផ្តល់កម្លាំងចិត្តឱ្យកងទ័ពរបស់ខ្លួនដណ្តើមទឹកដីនៅតំបន់ភូមិណងចាន់ ។ កងកម្លាំងបូរ៉ាផានឹងដោះមីននៅថ្ងៃទី១០ ខែតុលានេះ ព្រមទាំងនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពិនិត្យទោះជាកម្ពុជាឱ្យថៃផ្អាកសកម្មភាពក្តី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS ។
កងកម្លាំងបូរ៉ាផានឹងដោះមីននៅតំបន់ភូមិណងចាន់ ទល់មុខតំបន់ភូមិជោគជ័យ (កម្ពុជា) និងនៅតំបន់ភូមិណងយ៉ាកែវ ទល់មុខតំបន់ភូមិព្រៃចាន់ (កម្ពុជា) នៅថ្ងៃទី១០ ខែតុលា ។ កងកម្លាំងបូរ៉ាផាអះអាងថា បានជូនដំណឹងឱ្យកម្ពុជាជ្រាបរួចហើយពីការដោះមីន ដោយពួកគេនឹងនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកជាមួយដែរ ដើម្បីកុំឱ្យកម្ពុជាយល់ខុស និងសង្ឃឹមកម្ពុជាសហការដោះមីនតាមកិច្ចប្រជុំ GBC ។
ការដោះមីនរបស់កងកម្លាំងបូរ៉ានៅថ្ងៃទី១០ ខែតុលា គឺមានការត្រួតពិនិត្យពីក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅប្រទេសថៃ ដើម្បីការពារអាយុជីវិតពលរដ្ឋថៃនៅតំបន់ព្រំដែនទោះជាកម្ពុជាឱ្យផ្អាកសកម្មភាពក្តី ដោយសារផ្ទុយពីសេចក្តីសម្រេចនៃកិច្ចប្រជុំ GBC ។
គួរបញ្ជាក់ថា កងទ័ពភូមិភាគទី១ខេត្តស្រះកែវបានចេញសេចក្តីប្រកាសបន្ទាន់នៅថ្ងៃទី៨ ខែតុលា មានខ្លឹមសារថា កងទ័ពថៃនឹងដោះមីននៅភូមិណងចាន់ និងភូមិណងញ៉ាកែវ តាមការព្រមព្រៀក្នុងកិច្ចប្រជុំ GBC កម្ពុជា-ថៃ នៅខេត្តកោះកុង ប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ។ ការដោះមីនមានគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងការពារអាយុជីវិតពលរដ្ឋថៃនៅតំបន់ព្រំដែន ។ ហេតុនេះ កងទ័ពថៃនឹងដំណើរការដោះមីននៅភូមិណងចាន់ ឃុំណូនម៉ាកម៉ុន និងភូមិណងយ៉ាកែវ ឃុំឃូកសូង ស្រុកឃូកសូង ខេត្តស្រះកែវ នៅថ្ងៃទី១០ ខែតុលា ។
ដោយឡែក កងពលតូចថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ របស់កម្ពុជាបានចេញលិខិតឆ្លើយតបចំពោះការជូនដំណឹងស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ (កម្ពុជា) ពីសំណាក់កងកម្លាំងបូរ៉ាផាថៃ ថាជាការអនុវត្តផ្ទុយពីសេចក្តីសម្រេចនៃកិច្ចប្រជុំ GBC លើកទី១ និងស្នើឱ្យថៃផ្អាកសកម្មភាពជាបន្ទាន់ ។
ការជូនដំណឹងស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យ (កម្ពុជា) ទល់មុខតំបន់ភូមិណងចាន់ (ថៃ) និងតំបន់ភូមិព្រៃចាន់ (កម្ពុជា) ទល់មុខតំបន់ភូមិណងយ៉ាកែវ (ថៃ) ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដោយកងកម្លាំងបូរ៉ាផាថៃ គឺមិនស្របនឹងស្មារតីដែលបានសម្រេចក្នុងកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ។
ហេតុនេះ បញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្នើទៅកងកម្លាំងបូរ៉ាផាផ្អាកសកម្មភាព ដូចមានចែងក្នុងលិខិតដោយគោរពតាមស្មារតីនៃការព្រមព្រៀងគ្នាកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ និងរង់ចាំការសម្រេចពីថ្នាក់លើរបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) និងតាមបែបបទនីតិវិធីដែលត្រូវកំណត់ដោយនិយាមនីតិវិធីប្រតិបត្តិ (SOP) ៕