Influencer ថៃឈ្មោះ កាន់ ចមផ្លាំង ដែលល្បីល្បាញរឿងយករថយន្តដឹកលា.មក មកបា.ញ់ស្រោចលើពលរដ្ឋខ្មែរហ៊ានតវ៉ាជាមួយកងទ័ពឈ្លា.នពានថៃនៅតំបន់ព្រំដែនខេត្តស្រះកែវ និងចេញមុខចា.ប់ពលរដ្ឋខ្មែរធ្វើការខុសច្បាប់នៅទីក្រុងបាងកក ពេលនេះ បានប្រកាសក្នុងហ្វេសប៊ុកថា នឹងយកទូរកុងទឺន័រចំនួន៦០គ្រឿង មកតម្រៀបជារបងនៅព្រំដែនភូមិណងចាន់ ខេត្តស្រះកែវ នៅថ្ងៃទី១០ ខែតុលា ។
បុគ្គល កាន់ ចមផ្លាំង បានចេញមុខឈ្លានពានទឹកដីកម្ពុជារហូតមក តាមរយៈការធ្វើសកម្មភាពផ្សេងៗ ដូចជា ៖ រៃអង្គាសប្រាក់ឧបត្ថម្ភកងទ័ពឈ្លានពានថៃ, ជីករណ្តៅ និងតម្រៀបកង់ឡានក្បែរប្រាសាទនៅព្រំដែន និងបញ្ជូនលាមក មកស្រោចលើពលរដ្ឋខ្មែរឱ្យចេញពីទឹកដីកម្ពុជា ប៉ុន្តែរងការរិះគន់ពីមតិនានាថា ការប្រើប្រាស់លាមកនឹងធ្វើឱ្យថៃបាត់បង់កេរ្តិ៍ឈ្មោះ ហើយពិភពលោកអាចថ្កោលទោសថៃដែលប្រើប្រាស់ទង្វើដ៏ស្មោគគ្រោកបំផុត ។
Influence រូបនេះ ក៏បានប្រកាសតាមហ្វេសប៊ុកឱ្យពលរដ្ឋថៃជួយផ្តល់ទូរកុងទឺន័រមកឱ្យខ្លួនបន្ថែមទៀតដើម្បីយកមកតម្រៀបជារបងនៅតំបន់ព្រំដែនខេត្តស្រះកែវឱ្យទាន់ថ្ងៃកំណត់ ហើយខ្លួនបានធ្វើដំណើរទៅពិនិត្យមើលទូរកុងទឺន័រទាំងអស់មុននឹងបញ្ជូនមកកាន់តំបន់ព្រំដែន ។ ក្រៅពីនេះ បានប្រកាសឱ្យពលរដ្ឋថៃ ឬអ្នកគាំទ្ររួមគ្នាសរសេរអក្សរលើទូរកុងទឺន័រនៅថ្ងៃទី១១ ខែតុលា ដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពថៃឈ្លានពានទឹកដីកម្ពុជា ។
កាន់ ចមផ្លាំង និយាយថា ទូរកុងទឺន័រដែលខ្លួនត្រៀមបញ្ជូនមកកាន់តំបន់ព្រំដែនខេត្តស្រះកែវនៅថ្ងៃទី១០ ខែតុលា ដើម្បីតម្រៀបជារបងនោះមានភាពរឹងមាំជាងរបងថ្មទៅទៀត ។ ការបញ្ជូនទូរកុងទឺន័រមកព្រំដែនកម្ពុជា-ថៃ គឺខ្លួនធ្វើដើម្បីការពារសន្តិសុខប្រទេសថៃ និងផ្តល់កម្លាំងចិត្តឱ្យកងទ័ពថៃប្រចាំការនៅព្រំដែន ។
គួរបញ្ជាក់ថា កន្លងមក បុគ្គល កាន់ ចមផ្លាំង បានបញ្ជូនរថយន្តដឹកលាមក ចំនួន១៤គ្រឿង មកកាន់តំបន់ព្រំដែនភូមិណងចាន់ ខេត្តស្រះកែវ ទល់មុខភូមិសាស្ត្រច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ ដើម្បីបាញ់លាមកស្រោចលើពលរដ្ឋខ្មែរ ។ បុគ្គលនេះបានតាំងខ្លួនឯងជាអ្នកស្នេហាជាតិ ការពារទឹកដី តាមរយៈការប្រើប្រាស់លាមក ប៉ុន្តែបែរជាធ្វើឱ្យថៃស្អុយអាសោចកេរ្តិ៍ឈ្មោះនៅលើពិភពលោក ដែលប្រព្រឹត្តទង្វើបាតផ្សារមកលើពលរដ្ឋប្រទេសជិតខាង ។
ពេលនោះ នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ ពុំគាំទ្របុគ្គលនេះទេ និងប្រាប់កុំឱ្យធ្វើបែបនេះដើម្បីកុំឱ្យពិភពលោកថ្កោលទោសថៃ និងបារម្ភខ្លាចកម្ពុជាប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាំឱ្យថៃមានបញ្ហាកាន់តែខ្លាំង ៕