ការស្រាវជ្រាវថ្មីមួយពីសាកលវិទ្យាល័យ University of New Mexico (UNM) បានបង្ហាញពីការព្រួយបារម្ភថ្មីអំពី មីក្រូផ្លាស្ទិក (microplastics) ដែលត្រូវបានរកឃើញក្នុងកែវក្រដាសភេសជ្ជៈក្តៅ ឬកែវដែលប្រើតែម្ដងៗរួចបោះចោល។ កែវក្រដាសទាំងនោះមិនមែនផលិតឡើងតែពីក្រដាសឡើយ គេមានរួមផ្សំវាជាមួយផ្លាស្ទីកផងដែរ ដើម្បីការពារជម្រាបទឹក។
តាមការធ្វើតេស្តលើ កែវដែលប្រើតែងម្ដងៗ ចំនួន ៩០ ប្រភេទ អ្នកស្រាវជ្រាវបានរកឃើញថា កែវទាំងនោះមានស្រទាប់ផ្លាស្ទិកនៅខាងក្នុង (polyethylene coating) នៅពេលដាក់ទឹកក្ដៅចូលទៅ វាអាចបញ្ចេញមីក្រូផ្លាស្ទិកចន្លោះពី ៦៧៥ ដល់ទៅ ៥,៩៨៤ ផ្នែក ក្នុងមួយលីត្រ ទៅក្នុងភេសជ្ជៈ ដូចជា កាហ្វេ ឬតែក្ដៅ ដែលបានដាក់នោះ។ នេះនឹងបង្កហានិភ័យយ៉ាងខ្លាំងចំពោះអ្នកដែលតែងតែប្រើប្រាស់វាជាញឹកញាប់។
ការសិក្សាផ្សេងទៀតពីវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា (IIT Kharagpur) ក៏ប៉ាន់ប្រមាណថា មនុស្សម្នាក់អាចនឹងទទួលទានមីក្រូផ្លាស្ទិកប្រហែល ០.០៣ មីល្លីក្រាមក្នុងមួយគីឡូក្រាមនៃទំងន់រាងកាយរបស់ពួកគេក្នុងមួយថ្ងៃ ពីការប្រើកែវដែលប្រើតែម្ដងៗរួចបោះចោល។ ប្រសិនបើគណនាតាមអាយុមនុស្ស វាអាចស្មើនឹង ៥៤ ក្រាមនៃផ្លាស្ទិកតូចៗ ដែលចូលក្នុងរាងកាយរបស់ពួកគេ។
ជាមួយគ្នានេះ អ្នកស្រាវជ្រាវនៅ UNM ក៏បានបញ្ជាក់ថា ពួកគេបានរកឃើញ មីក្រូផ្លាស្ទិកក្នុងខួរក្បាលមនុស្ស នៅបរិមាណខ្ពស់ជាងសរីរាង្គដទៃទៀត ដូចជា ថ្លើម និងតម្រងនោមជាដើម។ ជាពិសេស ក្នុងខួរក្បាលអ្នកជំងឺ Alzheimer និងជំងឺ Binswanger’s បានរកឃើញផ្លាស្ទិកច្រើនជាងមនុស្សធម្មតា ប៉ុន្តែអ្នកស្រាវជ្រាវនៅតែមិនទាន់អាចបញ្ជាក់បានថា មីក្រូផ្លាស្ទិកជាមូលហេតុនៃជំងឺដែរឬទេ។ ក្រៅពីនេះ ការសិក្សាក៏បានបង្ហាញដែរថា សារធាតុគីមីផ្សេងៗក្នុងផ្លាស្ទិក ដូចជា BPA និង benzophenone អាចបញ្ចេញចូលទៅក្នុងភេសជ្ជៈក្តៅ ធ្វើដែលឲ្យមានហានិភ័យបន្ថែមដល់សុខភាព ប្រសិនបើប្រើកែវ ឬម៉ាស៊ីនឆុងដែលមានផ្លាស្ទិក។
យ៉ាងណាមិញ ដើម្បីកាត់បន្ថយហានិភ័យធ្ងន់ធ្ងរ អ្នកស្រាវជ្រាវបានណែនាំឲ្យប្រើកែវដែលប្រើបានច្រើនដង (reusable cups) ដូចជា កែវថ្ម ដែកអ៊ីណុក (stainless steel) សេរ៉ាមិច ឬផ្លាស្ទិចរឹងជាដើម ជំនួសឲ្យការប្រើកែវដែលប្រើតែម្ដងៗ ហើយហាងកាហ្វេជាច្រើនអាចផ្តល់បញ្ចុះតម្លៃសម្រាប់អតិថិជនដែលយកកែវផ្ទាល់ខ្លួនមកប្រើផងដែរ។
បន្ថែមពីនេះ ក្រុមអ្នកវិទ្យាសាស្ត្រក៏បានលើកឡើងថា ត្រូវមានការអភិវឌ្ឍផលិតផលជំនួស ដូចជា កែវ ឬកញ្ចប់ផលិតផលដែលផលិតពីសារធាតុដើមធម្មជាតិ ឬជាតិរុក្ខជាតិ ដែលអាចរលួយបានដោយមិនបង្កើតមីក្រូផ្លាស្ទិក៕