កាលពីពេលថ្មីៗនេះ នៅក្នុងវីដេអូដែលល្បីពេញអ៊ីនធឺណិត កាមេរ៉ាបានពង្រីកមុខរបស់ Bai Lu ខណៈពេលដែលតារាស្រីរូបនេះកំពុងផាត់មុខ។ ជាង Makeup បានសួរទៅ Bai Lu ថា៖ «តើអ្នកមិនខ្លាចបង្ហាញរង្វង់ខ្មៅរបស់អ្នកទេឬ?។
ជាមួយនឹងសំណួរនេះ Bai Lu បានឆ្លើយតបដោយត្រង់ថា «អ៊ីចឹង ឲតើអ្វីទៅ? មនុស្សគ្រប់គ្នាមានមុននិងរង្វង់ខ្មៅ។ គ្មាននរណាម្នាក់ដែលកើតមកល្អឥតខ្ចោះទេ។ ខ្ញុំមិនចង់ឈ្លក់វង្វេងនឹងភាពស្រស់ស្អាតទេ»។ ចម្លើយរបស់ Bai Lu ទទួលបានការស្របពីទស្សនិកជនជាច្រើន ដោយសរសើរពីទំនុកចិត្ត និងភាពស្មោះត្រង់របស់តារាស្រីរូបនេះ និងការពិតដែលថានាងមិនរស់នៅតាមស្តង់ដារសម្រស់ល្អឥតខ្ចោះដែលកំណត់ដោយអ្នកដទៃ។
ថ្មីៗនេះ Bai Lu បានទទួលការសរសើរចំពោះការចូលរួមក្នុងកម្មវិធី Milan Fashion Week ។ តារាចិនរូបនេះបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍សម្រាប់ម៉ាកយីហោចំនួនពីរដែលនាំមកនូវរូបរាងពីរផ្សេងគ្នា។ មួយគឺរ៉ូបពណ៌ខ្មៅនិងមួយទៀតជារ៉ូបពណ៌ផ្កាឈូក។Bai Lu គឺជាតារាចិនមួយរូបដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះស្ទីលរបស់នាងនៅក្នុងកម្មវិធី Milan Fashion Week ក្នុងឆ្នាំនេះ។
កាលពីខែសីហា Bai Lu បានបង្កឱ្យមានការព្រួយបារម្ភដោយសារតែ ការស្រកទម្ងន់ខ្លាំងពេកដែលនាំឱ្យនាងមានមុខមាត់ស្លេកស្លាំង។ ក្នុងអំឡុងពេលផ្សាយផ្ទាល់សម្រាប់ម៉ាកយីហោតារាស្រីរូបនេះបានសារភាពថានាងស្គមពេក”ហើយបានបង្ហើបថានាងមានកម្ពស់ ១.៦៥ ម៉ែត្រ ប៉ុន្តែទម្ងន់របស់នាងបានធ្លាក់ចុះមកត្រឹមតែប្រហែល ៤០គីឡូក្រាមប៉ុណ្ណោះ ហើយចំណង់អាហាររបស់នាងបានបាត់ទៅវិញ។ Bai Lu បាននិយាយថា នៅពេលដែលរាងកាយរបស់នាងស្គមពេក នាងបានយល់ពីសុខភាពដ៏មានតម្លៃ ហើយកំពុងតែញ៉ាំយ៉ាងយកចិត្តទុកដាក់ដើម្បីឡើងទម្ងន់ម្តងទៀត។
បន្ទាប់ពី ២ ខែ Bai Lu បានបង្ហាញខ្លួនជាមួយនឹងរូបរាងស្រស់បំព្រង។ យ៉ាងណាក៏ដោយ អ្នកគាំទ្រនៅតែមានការព្រួយបារម្ភ ព្រោះវីដេអូដែលទើបចេញពីឈុតក្នុងរឿងថ្មី Moliបង្ហាញថា Bai Lu ប្រើដៃទ្រចង្កេះនៅលើផ្លូវត្រឡប់ទៅឡានដើម្បីសម្រាក។ នេះធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភពីរបួសចាស់របស់តារាស្រីរូបនេះ ។
ការថតរឿង «Moli» តម្រូវឱ្យ Bai Lu សម្តែងឈុតលំបាក និងគ្រោះថ្នាក់ជាច្រើន។ ជាមួយនឹងទម្ងន់ និងរាងកាយបច្ចុប្បន្នរបស់តារាស្រីរូបនេះ បានធ្វើឱ្យមហាជនជាច្រើនគិតថា នាងនឹងមានបញ្ហាក្នុងពេលសម្តែងជាតួឯក។ ទោះជាយ៉ាងណាក៏ដោយ Bai Lu នៅតែបង្ហាញពីការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួនក្នុងការងារថ្មី។ វីដេអូរបស់ Bai Lu ជិះសេះយ៉ាងប៉ិនប្រសប់ក្នុងការសម្តែងក៏ទទួលបានការសរសើរយ៉ាងច្រើនផងដែរ៕