តារាម៉ូដែលបានបង្ហាញការខកចិត្តរបស់ខ្លួនទៅកាន់អ្នកលេងបណ្តាញសង្គមថៃបន្ទាប់ពីនាងបានបង្ហោះរូបថតក្នុងឈុតប្រពៃណីខ្មែរនៅឯប្រាសាទអង្គរវត្តកាលពីពេលថ្មីៗនេះ។

នៅថ្ងៃទី៥ ខែតុលា មាលា បានបង្ហោះសំណេរដោយក្តីមិនអស់ចិត្តនិងមិនយល់ទាល់តែសោះតែកំពុងតែកើតឡើងនៅពេលនេះ។ មាលា បានឱ្យដឹងថាមានមតិអវិជ្ជមានជាច្រើននៅក្នុងបង្ហោះរបស់នាងកាលពីពេលថ្មីៗនៅឯប្រាសាទអង្គរវត្ត ហើយរូបភាពរបស់នាងត្រូវបានយកទៅ Edit និងកំពុងតែ viral នៅប្រទេសថៃ។ 
តារាម៉ូដែលថា វាពិតជាគួរឱ្យខកចិត្តណាស់ ពីព្រោះក្នុងនាមជាប្រជាជនកម្ពុជា យើងមានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ស្រស់បំព្រងរបស់យើង ដែលយើងមានមោទនភាព។ យើងមិនអះអាងពីប្រពៃណីរបស់អ្នកដទៃទេ។ ប្រទេសរបស់យើងចែករំលែកភាពស្រដៀងគ្នានៃវប្បធម៌ ប៉ុន្តែនោះមិនមានន័យថាយើងកំពុងចម្លងគ្នាទៅវិញទៅមកទេ។ មាលាបានបង្ហាញក្តីសង្ឃឹមថាប្រទេសទាំងពីរអាចឆ្លងផុតការស្អប់ទាំងអស់នេះ ហើយរៀនគោរពមរតករបស់គ្នាទៅវិញទៅមកជំនួសវិញ។ វប្បធម៌គួរតែជាអ្វីដែលភ្ជាប់គ្នាមិនមែនជាការបែងចែកនិងបង្ហាញការខឹងស្អប់។

នៅក្នុងការបង្ហោះរបស់ មាលា ដែលគ្រងឈុតប្រពៃណីខ្មែរជាស្បៃពីរជាន់យ៉ាងស្រស់ស្អាត ដែលថតនៅប្រាសាទអង្គរវត្តនេះត្រូវបានអ្នកលេងបណ្តាញសង្គមថៃចោទប្រកាន់ថាអ្វីដែល មាលា ស្លៀកពាក់នេះគឺជាឈុតរបស់ថៃ ចម្លងថៃ ជាដើម។ នេះមិនមែនជាលើកទី១នោះទេដែលតារាស្រីកម្ពុជាបន្ទាប់ពីគ្រងឈុតប្រពៃណីរបស់ខ្លួនហើយត្រូវបានអ្នកលេងបណ្តាញសង្គមផ្ទះលេខ២បង្ហាញការខឹងសម្បារនិងចោទថាជាឈុតរបស់ខ្លួន៕










