ប្រទេសថៃ ៖ កងទ័ពឈ្លានពា.នថៃបានបិទព្រំដែនជាមួយកម្ពុជាច្រើនខែមកហើយក្រោមហេតុផលការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋរបស់ខ្លួន ហើយរដ្ឋាភិបាលថៃតែងតែប្រាប់ឱ្យកម្ពុជាដោះស្រាយជម្លោះព្រំដែនទ្វេភាគីដោយពុំចាំបាច់មានប្រទេសផ្សេងៗចូលរួម ឬប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ពេលកម្ពុជាប្រកាន់គោលជំហរដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី គោរពបទឈប់បា.ញ់ បែរជាថៃបំពានបទឈប់បា.ញ់ជាច្រើនលើក ថែមទាំងគំរា.មដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជាតាមរយៈការបិទព្រំដែន ។
លោក សាន់ទិសុខ ម៉ារុងស៊ី អ្នកសារព័ត៌មានថៃ Top News បានជំរុញឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក អនុថីន ឆាន់វីរៈគូន បង្ហាញគោលជំហរច្បាស់លាស់ពីការត្រៀមបិទទ្វារសេដ្ឋកិច្ចកម្ពុជា ដោយអ្នកសារព័ត៌មានរូបនេះថា បើថៃកាន់តែដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជាខ្លាំងកម្រិតណា នឹងកាន់តែបិទទ្វារសេដ្ឋកិច្ចកម្ពុជាខ្លាំងកម្រិតនោះ ។
កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ លោក សាន់ទិសុខ បានសរសេរក្នុងហ្វេសប៊ុករបស់ខ្លួនថា ដល់ពេលវេលាដែលថៃត្រូវដាក់សម្ពាធកម្ពុជាឱ្យខ្លាំងបំផុត ដោយការបិទទ្វារសេដ្ឋកិច្ចកម្ពុជា ។ លោកគាំទ្រឱ្យរដ្ឋាភិបាល លោក អនុថីន បង្ហាញគោលជំហរច្បាស់លាស់ត្រៀមខ្លួនជាស្រេចក្នុងការអភិវឌ្ឍសេដ្ឋកិច្ចថៃដោយពុំចាំបាច់មានកម្ពុជា ។
លោកក៏គាំទ្រគ្រប់វិស័យរបស់ថៃឱ្យកំណត់គោលជំហរច្បាស់លាស់ពីការអភិវឌ្ឍសេដ្ឋកិច្ចដោយគ្មានកម្ពុជាដើម្បីដាក់សម្ពាធកម្ពុជា ដោយអ្នកសារព័ត៌មានរូបនេះចោទប្រកាន់កម្ពុជាគំរាមកំហែងប្រទេសខ្លួន ។ កម្ពុជាមានទុនបម្រុងអន្តរជាតិ (Foreign Exchange Reserves) ចំនួន២៤,៧០០លានដុល្លារអាមេរិកកាលពីខែមិថុនា ឆ្នាំ២០២៥ ខណៈថៃមានទុនបម្រុងអន្តរជាតិរហូតដល់២៨៩,៦៨១លានដុល្លារអាមេរិក ។
អ្នកសារព័ត៌មានថៃរូបនេះថា ការបិទព្រំដែនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារង្គោះរង្គើ កាត់ផ្តាច់ពាណិជ្ជកម្ម ប៉ះពាល់ការផលិត ការដឹកជញ្ជូនវត្ថុធាតុដើម ការនាំចេញ និងវិស័យទេសចរណ៍ ហើយសេដ្ឋកិច្ចកម្ពុជាដែលពឹងផ្អែកលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង ទេសចរណ៍ កសិកម្ម អចលនទ្រព្យ កំពុងតែធ្លាក់ចុះ ។ បច្ចុប្បន្ន ថៃពុំដឹងថា តើទុនបម្រុងអន្តរជាតិរបស់កម្ពុជាធ្លាក់ចុះប៉ុន្មានទេ ហើយកម្ពុជាបានទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចមកនៅត្រឹម៥% ពីអត្រា៦.៣% ខណៈមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រំពឹងថា នឹងមានកំណើនជាង៤% ។
នាយករដ្ឋមន្ត្រីថៃ លោក អនុថីន បានចុះពិនិត្យមើលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ ហើយលោកប្រាប់ទៅពលរដ្ឋពុំបើកព្រំដែនដាច់ខាត បើកម្ពុជាពុំឯកភាពតាមលក្ខខណ្ឌរបស់ថៃ ។ លោកយល់ថា ពាណិជ្ជកម្មថៃបច្ចុប្បន្នមិនចាំបាច់បើកព្រំដែនទេ ប៉ុន្តែលោកនឹងរកវិធីជួយសេដ្ឋកិច្ចព្រំដែនឱ្យងើបឡើងវិញពេលបិទព្រំដែន ដូចជា ៖ ស្វែងរកទីផ្សារថ្មី ផ្តល់ប្រាក់ឧបត្ថម្ភ និងការងារឱ្យពលរដ្ឋ រួមទាំងជំរុញទេសចរណ៍ក្នុងស្រុក ។
តាំងពីរដ្ឋាភិបាលរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បាត់បង់អំណាច គឺគោលជំហរប្រទេសថៃរឹងមាំទៅកាន់ទិសដៅតែមួយ តាំងពីការទូត កងទ័ព ពាណិជ្ជកម្ម ធនធានធម្មជាតិ ការងារ និងមេដឹកនាំរដ្ឋាភិបាលថៃ ។ បើថៃបង្កើនការដាក់សម្ពាធឱ្យខ្លាំង គឺវានឹងធ្វើឱ្យការវិនិយោគ ការជួលកម្លាំងពលកម្ម ទេសចរណ៍ និងទំនិញនៅកម្ពុជាកាន់តែឡើងថ្លៃ ដែលនេះជាយុទ្ធសាស្ត្រសេដ្ឋកិច្ចថៃពុំចាំបាច់មានកម្ពុជា ហើយកម្ពុជានឹងចុះចាញ់តាំងពីមិនទាន់ប្រយុទ្ធ ។ នេះបើតាមការលើកឡើងរបស់លោក សាន់ទិសុខ ។
គួរបញ្ជាក់ថា ជ.នជាតិថៃមួយចំនួនរៀនសូត្រចេះដឹងជ្រៅជ្រះ ប៉ុន្តែនិយាយដូចអ្នកគ្មានចំណេះដឹង ដោយពួកគេលើកឡើងពីការបិទព្រំដែនបានដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជា គឺការបិទទ្វារមិនឱ្យកម្ពុជានាំចេញទំនិញ និងបិទទ្វារទេសចរណ៍ ។ ប៉ុន្តែប្រទេសរងផលប៉ះពាល់សេដ្ឋកិច្ចខ្លាំងដោយសារការបិទព្រំដែន គឺថៃខ្លួនឯង សេដ្ឋកិច្ចថៃកំពុងដាំក្បាលចុះ បាត់បង់ចំណូលពីពាណិជ្ជកម្មព្រំដែន ទេសចរណ៍ធ្លាក់ចុះ បាត់បង់ទំនុកចិត្តពីវិនិយោគិនបរទេស និងពលរដ្ឋគ្មានការងារធ្វើស្រែករកជំនួយ ។
ផ្ទុយទៅវិញ ការបិទព្រំដែនធ្វើឱ្យពលរដ្ឋកម្ពុជាងាកមកគាំទ្រទំនិញក្នុងស្រុកកាន់តែខ្លាំង ដែលធ្វើឱ្យក្រុមហ៊ុនសហគ្រាសមានទឹកចិត្តក្នុងការផលិតទំនិញលក់ក្នុងស្រុកដើម្បីជំរុញសេដ្ឋកិច្ចជាតិ ។ ស្របពេលជ.នជាតិថៃព្យាយាមដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជា យើងជាពលរដ្ឋកម្ពុជាត្រូវតែព្យាយាមដាក់សម្តាធសេដ្ឋកិច្ចថៃវិញដោយឈប់ទិញទំនិញថៃជារៀងរហូត ៕










