ប្រទេសថៃ ៖ បន្ទាប់ពីផ្លូវនៅទីក្រុងបាងកកបានបាក់ស្រុតជាបន្តបន្ទាប់ដោយសារការធ្វើផ្លូវរថភ្លើងក្រោមដីខ្វះបច្ចេកទេស នៅបណ្តាខេត្តរបស់ថៃបានរងឥទ្ធិពលខ្យល់ព្យុះ បណ្តាលឱ្យទឹកជំនន់លិចខ្លាំងរហូតដល់ដំបូលផ្ទះ ។ ខេត្តនគរស្រីអយុធ្យា ក៏ស្ថិតក្នុងចំណោមបណ្តាខេត្តលិចលង់ខ្លាំងដែរ ពលរដ្ឋនៅខេត្តនេះជួបទុក្ខលំបាកយ៉ាងខ្លាំងគ្មានកន្លែងសម្រាក ត្រូវសម្រាកលើទូកក្រោយពីទឹកជំនន់លិចផ្ទះជាច្រើនខែពុំស្រក ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Daily News នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា ទឹកជំនន់បានលិចផ្ទះពលរដ្ឋនៅស្រុកបាងបាល ខេត្តនគរស្រីអយុធ្យា ជាច្រើនខែមកហើយ រហូតដល់ពលរដ្ឋត្រូវសម្រាកនៅលើទូក និងធ្វើដំណើរកាត់ទឹកជារៀងរាល់ថ្ងៃ ។ ពលរដ្ឋមួយចំនួនទៀតមិនអាចរស់នៅផ្ទះរបស់ខ្លួនបានទេ ត្រូវទៅសុំជ្រកកោនផ្ទះសាច់ញាតិ មិនដឹងថា តើទឹកជំនន់នឹងស្រកចុះពេលណា ។
.jpg)
រហូតមកដល់ថ្ងៃទី៦ ខែតុលា ពលរដ្ឋនៅខេត្តនគរស្រីអយុធ្យា នៅតែជួបទុក្ខលំបាកដោយសារទឹកជំនន់លិចផ្ទះ ក្រោយពីទំនប់ចៅព្រះយ៉ា នៅខេត្តឆ័យណាត នៅតែមានទឹកហូរក្នុងបរិមាណ២,៥០០ម៉ែត្រគូបក្នុង១វិនាទី ។ វាធ្វើឱ្យកម្រិតទឹកហូរឆ្លងកាត់ខេត្តនគរស្រីអយុធ្យាកើនឡើងខ្ពស់ជាបន្តបន្ទាប់ ដោយទន្លេចៅព្រះយ៉ា ទន្លេណាមណយ រួមទាំងប្រឡាយជាច្រើនមានកម្ពស់ទឹកកើនឡើងជាមធ្យមប្រមាណពី១០សង់ទីម៉ែត្រ ទៅ១៥សង់ទីម៉ែត្រ ហើយកម្ពស់ទឹកនឹងកើនឡើងបន្ថែមទៀត ។.jpg)
តាមរបាយការណ៍មជ្ឈមណ្ឌលការពារ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តនគរស្រីអយុធ្យា គឺមានស្រុកចំនួន១១, ឃុំ១៤១, ភូមិ៨២៦ និងពលរដ្ឋ៤៣,៨៨២គ្រួសារ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ ។
.jpg)
តំបន់រងផលប៉ះពាល់ខ្លាំងបំផុត គឺស្រុកបាងបាល ខេត្តនគរស្រីអយុធ្យា ដែលទឹកបានលិចឃុំចំនួន១៦, ភូមិ១០១ និងប៉ះពាល់ពលរដ្ឋ៦,១៩៧គ្រួសារ ។ ផ្លូវចូលទៅទីប្រជុំជនត្រូវបានទឹកលិច ខណៈតំបន់ជាច្រើនលិចទឹកពី១ខែ ទៅ២ខែ ដែលធ្វើឱ្យពលរដ្ឋពិបាករស់នៅ បាត់បង់ប្រាក់ចំណូល ។ ភូមិមួយនៅឃុំវត្តតាក់គូ ស្រុកបាងបាល ខេត្តនគរស្រីអយុធ្យា ត្រូវបានទឹកលិចខ្លាំងរហូតដល់រនាបផ្ទះ ពលរដ្ឋត្រូវជិះទូកទៅទិញធ្វើការ ឬទិញអាហារ ។
លោក ប្រាសីត កិច្ចនិយម អាយុ៧៨ឆ្នាំ ជាជាងកាត់សក់ ប្រាប់ថា ទឹកបានលិចផ្ទះរបស់ខ្លួនរហូតដល់ជាន់ទី២ ពុំអាចប្រកបរបរកាត់សក់បានទេ ។ លោកគ្មានកន្លែងណាសម្រាកក្រៅពីលើទូកតូចមួយ ខណៈសម្ភារៈក្នុងផ្ទះខូចខាត ៕










