បាងកក៖ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងថៃបានត្រៀមខ្លួនរួចរាល់ហើយ ក្រោយទទួលបានរបាយការណ៍ពីកាសែត New York Times ដែលចុះផ្សាយថា ប្រទេសចិនបានផ្គត់ផ្គង់អាវុ.ធដល់កម្ពុជាចំពេលមានជម្លោះជាមួយថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។

របាយការណ៍ពិសេសរបស់កាសែត New York Times ដែលចេញផ្សាយកាលពីថ្ងៃទី 29 ខែកញ្ញា ដោយដកស្រង់ឯកសារស៊ើបការណ៍សម្ងាត់របស់ថៃ បាននិយាយថា ប្រទេសចិនបានគាបសង្កត់កម្ពុជា និងថៃឱ្យបញ្ចប់អរិភាពនៅតាមព្រំដែនកាលពីខែកក្កដាកន្លងទៅ។ ប៉ុន្តែឯកសារដដែលបង្ហាញថា ប៉ុន្មានសប្តាហ៍មុនក្នុងខែមិថុនា យោធាចិនបានដឹកជញ្ជូនគ្រាប់រ៉ុក្កែត និងកាំភ្លើងធំមកកម្ពុជា។

ឯកសារខាងលើនេះបាននិយាយថា យន្តហោះដឹកជញ្ជូន PLA ជាច្រើនបានចូលចំចតនៅក្រុងព្រះសីហនុ ហើយគ្រាប់រំសេវត្រូវបានបានខ្ចប់ចូលទៅក្នុងកុងតឺន័រចំនួន 42 ដោយដាក់តម្កល់នៅមូលដ្ឋានទ័ពជើងទឹករាម មុនពេលវាត្រូវបានផ្លាស់ទីទៅភាគខាងជើងឆ្ពោះទៅព្រំដែនដែលមានជម្លោះ។

បន្ថែមពីនេះ គ្រាប់បែ.កច្រើនប្រភេទត្រូវបានគេរាយការណ៍ថាក៏ទទួលបានការជំនួយមកពីចិនដូចគ្នា ក្នុងនោះរួមមានគ្រាប់រំសេវសម្រាប់គ្រាប់រ៉ុក្កែតច្រើនប្រភេទ BM-21 សម័យសូវៀត ក៏ដូចជាប្រព័ន្ធបាញ់បង្ហោះច្រើនរបស់ចិនដូចជា Type 90B និង PHL-03 បូករួមទាំងសំបកសម្រាប់ម៉ាស៊ីនបា.ញ់ដោយស្វ័យប្រវត្តិ SH-1 និងអាវុធផ្សេងៗទៀតជាច្រើន។

បន្ទាប់ពីទទួលបានព័ត៌មាននេះ លោក Anutin Charnvirakul បានកោះប្រជុំប្រឹក្សាសន្តិសុខជាតិ (NSC) មេដឹកនាំយោធា និងនាយកដ្ឋានពាក់ព័ន្ធរបស់ថៃ ដើម្បីពិភាក្សាពីលទ្ធភាពក្នុងការទប់ទល់ជាមួយកម្ពុជា បើទោះជារបាយការណ៍ដែលទទួលបានខាងលើមិនទាន់ប្រាកដមួយរយភាគរយថាជាការពិតក៏ដោយ។

យ៉ាងណាក៏ដោយ នាយប់ថ្ងៃទី2 ខែតុលា ឆ្នាំ2025 ស្ថានទូតចិនប្រចាំប្រទេសថៃបានបដិសេធការចេញផ្សាយនូវព័ត៌មានជំនួយសព្វាវុ.ធដល់កម្ពុជានេះជាសាធារណៈ ដោយចិនបានអះអាងថា «ចិនមិនបានផ្តល់សម្ភារៈយោធាណាមួយដល់កម្ពុជាសម្រាប់ប្រើប្រាស់ក្នុងការប៉ះទង្គិចគ្នាតាមព្រំដែនកម្ពុជា-ថៃទេ» ។

លើសពីនេះ ចិនបានសង្កត់ធ្ងន់ថា៖ ចិនបាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ដើម្បីបន្ធូបន្ថយស្ថានការណ៍រវាងកម្ពុជា និង ថៃក្នុងនាមជាប្រទេសជិតខាង និងជាមិត្តល្អរបស់ប្រទេសទាំងពីរ។ ដូច្នេះវាបញ្ជាក់ច្បាស់ថា ការណ៍ដែលថៃទទួលបាននិងយកទៅផ្សព្វផ្សាយបន្តទាំងឡាយ គឺជាព័ត៌មានប្រឌិតដែលអាចមានប្រភពចេញមកពីប្រទេសថៃតែម្ខាងប៉ុណ្ណោះ៕