ប្រទេសថៃ ៖ រយៈពេលជាង៣ខែហើយដែលកងទ័ពថៃបានបិទព្រំដែនជាមួយកម្ពុជា ជាឯកតោភាគីក្រោមហេតុផលផ្តល់សន្តិសុខឱ្យពលរដ្ឋខ្លួន និងទប់ស្កាត់ការល្មើសអធិបតេយ្យ ដែលធ្វើឱ្យសេដ្ឋកិច្ចថៃដាំក្បាលចុះខ្លាំងដោយសារបាត់បង់ប្រាក់ចំណូលពីការធ្វើពាណិជ្ជកម្មព្រំដែន និងធ្លាក់ចុះភ្ញៀវទេសចរ ។ រហូតមកដល់ដើមខែតុលា ឆ្នាំ២០២៥ រដ្ឋាភិបាល និងកងទ័ពថៃ នៅតែប្រកាន់គោលជំហរបិទព្រំដែនបន្តទៀត លុះត្រាតែកម្ពុជាអនុវត្តតាមលក្ខខណ្ឌទាំងអស់របស់ថៃដែលបានស្នើ និងរង់ចាំមើលលទ្ធផលកិច្ចប្រជុំ GBC ។
រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ ពួងកេតកែវ បាននិយាយពីការបើកព្រំដែនជាមួយកម្ពុជាឡើងវិញ ឬបិទបន្ត គឺថៃនឹងរង់ចាំមើលលទ្ធផលកិច្ចប្រជុំ GBC ជាមុន ដោយផ្តោតលើសុវត្ថិភាពពលរដ្ឋថៃជាចម្បង ខណៈមតិមួយចំនួននៅប្រទេសថៃសំណូមពរឱ្យរដ្ឋាភិបាលបិទព្រំដែនបន្តទៀត ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ។
កាលពីថ្ងៃទី២ ខែតុលា រដ្ឋមន្ត្រីក្រសួងការបរទេស លោក សីហស័ក្តិ បានធ្វើដំណើរមកគណបក្សភូមិចៃថៃ និងផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា លោកមកគណបក្សភូមិចៃថៃដើម្បីពិភាក្សាពីគោលនយោបាយសម្រាប់ធ្វើសេចក្តីថ្លែងការណ៍នៅរដ្ឋសភា ។ លោកក៏បានពិភាក្សាពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃផងដែរ គឺត្រូវរង់ចាំមើលលទ្ធផលកិច្ចប្រជុំ GBC តើនឹងសម្រេចលទ្ធផលបែបណា និងត្រូវមើលកម្ពុជាអនុវត្តតាមលក្ខខណ្ឌឬអត់? បញ្ហាសំខាន់ គឺសុវត្ថិភាពពលរដ្ឋក្នុងតំបន់ រដ្ឋាភិបាលនឹងពិចារណាពីវិធានការផ្សេងៗ ។
ការបើកព្រំដែនកម្ពុជា-ថៃ គឺត្រូវរង់ចាំមើលលទ្ធផលកិច្ចប្រជុំ GBC ដែលលោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិទៅចូលរួមកិច្ចប្រជុំ តើកម្ពុជាអនុវត្តតាមលក្ខខណ្ឌដែរឬទេ? ជាទូទៅ កិច្ចប្រជុំទទួលបានលទ្ធផលល្អ ប៉ុន្តែអាស្រ័យលើការអនុវត្ត ។ រីឯបុគ្គលជាច្រើននៅប្រទេសថៃដាក់សម្ពាធរដ្ឋាភិបាល មិនឱ្យបើកព្រំដែនឡើងវិញ លោក សីហស័ក្តិ យល់ថា តើកម្ពុជានឹងអនុវត្តតាមលក្ខខណ្ឌកិច្ចប្រជុំឬអត់ ខណៈមានមតិជាច្រើនលើកឡើងពីព្រំដែន ប៉ុន្តែរដ្ឋាភិបាលគិតពីសុវត្ថិភាពពលរដ្ឋ ។
ឆ្លើយតបទៅនឹងការចោទប្រកាន់កម្ពុជាពុំសូវទទួលស្គាល់លទ្ធផលកិច្ចប្រជុំទ្វេភាគី មិនថាកិច្ចប្រជុំ GBC JBC និង RBC គឺលោក សីហស័ក្តិ បញ្ជាក់ថា មើលទៅកម្ពុជាទទួលស្គាល់លទ្ធផលកិច្ចប្រជុំទាំងអស់ ប៉ុន្តែត្រូវមើលការអនុវត្តជាក់ស្តែងបន្តទៀត ។ ថៃសង្ឃឹមកម្ពុជាទទួលស្គាល់លទ្ធផលកិច្ចប្រជុំនានាក្រោយពីថៃមានរដ្ឋាភិបាលថ្មី ភាពស្មោះត្រង់ជារឿងសំខាន់ ។
គួរបញ្ជាក់ថា ថៃបានប្រាប់ពិភពលោក ពីគោលជំហររបស់ខ្លួនដោះស្រាយវិវាទព្រំដែនដោយការចរចាទ្វេភាគី និងសន្តិវិធី ប៉ុន្តែថៃបានបំពានបទឈប់បាញ់រហូតមក ដូចជា ៖ ពង្រីកតំបន់ជម្លោះ ដើរល្បាតហួសបន្ទាត់ព្រំដែន និងពុំដោះលែងវីរកងទ័ពកម្ពុជា ។ បើគិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ គឺជាថ្ងៃទី៦៦ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ ។
កម្ពុជាសូមអំពាវនាវឱ្យភាគីថៃដោះលែវីរកងទ័ពកម្ពុជាត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យវីរកងទ័ពកម្ពុជាអាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងនាពេលកន្លងមកថា ការអនុវត្តវិធានការបិទព្រំដែន មិនមែនចាប់ផ្តើមដោយកម្ពុជាឡើយ គឺថៃជាអ្នកចាប់ផ្តើម ។ ថៃបិទព្រំដែនដោយឯកតោភាគី ដូច្នេះ បើកដោយខ្លួនឯងទៅ បើថៃបើកវិញ កម្ពុជានឹងបើកវិញដែរ ក្នុងរយៈពេល៥ម៉ោង ៕