ទន្ទឹមនឹងបុគ្គលល្បីៗបង្ហាញទូរសព្ទស៊េរីទំនើប IPHONE ទើបតែចេញងាកមកកាន់តារាចម្រៀង ទេព បូព្រឹក្ស គឺខុសប្លែកពីគេដោយមិនបានទិញទូរសព្ទថ្មីស៊ុបប្រាយ ជី ដេវីត ឡើយប៉ុន្តែបែរជាផ្តល់កាដូជាកន្លាស់អាវដ៏ស្រស់ស្អាតពីប្រាសាទខ្មែរតម្លៃលើស IPHONE ទៅទៀតក្នុងឱកាសលោកចេញទៅសម្តែងនៅប្រទេសជប៉ុន។

នៅល្ងាចថ្ងៃទី២៩ ខែកញ្ញា តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមភ្ជាប់មកជាមួយនឹងចំណងជើងថា «គ្មាន 17 pro maxឱ្យប្តីទេ មានតែ តាក្របី និង ប្រាសាទព្រះវិហារ នេះឯង»។ ជាមួយនឹងកន្លាស់អាវពីរដែលមានរូបប្រាសាទព្រះវិហារនិងប្រាសាទតាក្របី ទេព បូព្រឹក្ស គឺបានផ្តល់សិទ្ធិឱ្យ ជី ដេវីត ជាអ្នកជ្រើសរើសមុនដោយកន្លាស់អាវនេះគឺយកម្នាក់មួយដើម្បីមានអ្វីថ្មីក្នុងពេលដែលអ្នកទាំងពីរសម្តែងនៅក្រៅប្រទេស។ 
ជី ដេវីត បានសម្រេចចិត្តយកកន្លាស់អាវដែលមានរូបប្រាសាទព្រះវិហារដែលគេដឹងថាតម្លៃរបស់វាគឺចំនួន៣ ៧៩០ដុល្លារ ចំណែកឯ ប្រាសាទតាក្របី គឺជារបស់ ទេព បូព្រឹក្ស ដែលមានតម្លៃ ៣ ៧៣០ដុល្លារ។
តាមរយៈវីដេអូខាងលើនេះ ក្នុងឱកាសដែល ជី ដេវីត នឹងសម្តែងក្នុងការប្រគំតន្រ្តីនៅប្រទេសជប៉ុននាថ្ងៃទី៤ ខែតុលា ទេព បូព្រឹក្ស ក៏មានការសម្តែងអមជាមួយនឹងស្វាមីផងដែរ។ នេះគឺជាលើកទី១ហើយសម្រាប់អ្នកទាំងពីរក្នុងការសម្តែងនៅឯប្រទេសជប៉ុន។
កាលពីថ្ងៃទី១០ ខែកញ្ញា ជី ដេវីត បានបង្ហាញស្នាដៃថ្មីដោយសហការជាមួយនឹងក្រុមចម្រៀងជប៉ុន SARUKANI ចេញបទចម្រៀងមានចំណងជើងថា «SHAKE MAN» ជាមួយក្រុមចម្រៀង SARUKANI។ ក្នុង MV ឆ្លងប្រទេសនេះ ដេវីត បានផ្តិតរូបភាពយ៉ាងស្រស់ស្អាតនៅឯមុខព្រះបរមរាជវាំង បង្ហាញមាត់ទន្លេ និងមានសត្វព្រាបហោះហើរ យ៉ាងស្រស់ស្អាតក្នុងចម្រៀងនេះ៕










