ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ កងទ័ពថៃបានចាប់ផ្តើមបា.ញ់ប្រ.ហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបា.ញ់កំាភ្លើ.ងត្បាល់ និងកាំភ្លើ.ងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ ខណៈកងទ័ពកម្ពុជាពុំបានតបត ដោយភាគីថៃបែរជាចោទប្រកាន់កម្ពុជាបា.ញ់មុន ហើយថៃព្យាយាមផ្សព្វផ្សាយព័ត៌មានបំភ្លៃកុហកពលរដ្ឋខ្លួន ។ មេបញ្ជាការរងយោធភូមិភាគ២ថៃ ចោទថា ហេតុការណ៍នេះកើតឡើងដោយសារកម្ពុជារៀបចំឆាកល្ខោន លោកផ្តល់ជម្រើស២សម្រាប់កម្ពុជា គឺតើប្រឈមមុខគ្នាបន្ត ឬត្រឡប់មករកមិត្តភាព ។
សារព័ត៌មាន Thai Post រាយការណ៍ថា កាលពីថ្ងៃទី២៨ ខែកញ្ញា មេបញ្ជាការរងយោធភូមិភាគ២ លោក ណាត់ ស្រីអ៊ីន បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពេលចូលរួមកម្មវិធី «ប្រមូលផ្តុំអ្នកស្នេហាជាតិរំលឹកដល់កងទ័ពថៃ» ថា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានបញ្ជាឱ្យលោកមកចូលរួមកម្មវិធីជំនួស ដោយសារលោក ប៊ុនស៊ីន ជាប់តាមដានស្ថានការណ៍ព្រំដែន ។ លោក ណាត់ បានចោទប្រកាន់កម្ពុជារៀបចំឆាកល្ខោនបង្កជម្លោះជាមួយថៃ និងប្រាប់ពលរដ្ឋកុំបារម្ភពីស្ថានការណ៍នៅតំបន់អានសេះ ។
កងទ័ពថៃផ្តល់ជម្រើស២សម្រាប់កម្ពុជាជ្រើសរើស គឺតើប្រឈមមុខគ្នាបន្ត ឬត្រឡប់មករកមិត្តភាព? ពីព្រោះភាគីថៃព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី ។ បើកម្ពុជាចង់ប្រឈមមុខ គឺថៃរីករាយ ប៉ុន្តែបើចង់ត្រឡប់មករកមិត្តភាពល្អជាមួយថៃ កម្ពុជាត្រូវតែបង្ហាញភាពស្មោះត្រង់ជាមុន ។ កងទ័ពថៃបានត្រៀមខ្លួនការពារអធិបតេយ្យ កន្លងមក កងទ័ពភូមិភាគ២ថៃបានដណ្តើមយកតំបន់មួយចំនួននៅព្រំដែន ដូច្នេះ ពលរដ្ឋពុំចាំបាច់បារម្ភ ឬចាប់អារម្មណ៍ មិនថាកម្ពុជាធ្វើអ្វីនៅព្រំដែន សូមពលរដ្ឋមានទំនុកចិត្តលើកងទ័ពក្នុងការរក្សាអធិបតេយ្យ ។ នេះបើតាមការអះអាងរបស់មេបញ្ជាការរងយោធភូមិភាគ២ លោក ណាត់ ស្រីអ៊ីន ។
គួរបញ្ជាក់ថា គ្រប់សារព័ត៌មានថៃ រួមទាំងពលរដ្ឋថៃ បានព្យាយាមផ្សព្វផ្សាយព័ត៌មានបំភាន់ដើម្បីរុញសភាពការណ៍ជម្លោះព្រំដែនឱ្យកាន់តែតានតឹង ពីព្រោះចង់ឱ្យផ្ទុះអាវុធម្តងទៀត ជាពិសេស ពលរដ្ឋថៃនៅព្រំដែនបានជំរុញឱ្យកងទ័ពរបស់ខ្លួនធ្វើសង្គ្រាមឱ្យដឹងឈ្នះ-ចាញ់ ខណៈរដ្ឋាភិបាលថៃថាខ្លួនជាជនរងគ្រោះ និងស្រែកប្រាប់ពិភពលោក ចង់បានបានសន្តិភាព ។
បើថៃចង់បានសន្តិភាពមែននោះ តើនរណាលួចបើកការបាញ់ប្រហារបណ្តាលឱ្យកងទ័ពខ្មែរ១រូបពលីនៅតំបន់មុំបី? នរណាបិទព្រំដែនជាឯកតោភាគី? នរណាយកបន្លាលួសទៅរាយព័ទ្ធប្រាសាទតាមាន់ធំ? នរណាបើកការវាយប្រហារលើកងទ័ពខ្មែរ រហូតបង្កើតការប្រយុទ្ធ៥យប់ ៥ថ្ងៃ? នរណារំលោភសិទ្ធិសញ្ញាបារាំង-សៀម និង MOU ឆ្នាំ២០០០? នរណាមិនចង់ទទួលប្រទេសទី៣ ចូលដោះស្រាយបញ្ហា? នរណាចាប់ទ័ពខ្មែរក្រោយបទឈប់បាញ់? ពង្រីកតំបន់ជម្លោះ? ចល័តទ័ពរហូតជាន់មីនដែលសល់ពីអតីតកាល? នរណារំលោភគោលការណ៍អន្តរជាតិទាំងកម្រោល ដោយប្រើកម្លាំងពង្រាយបន្លាលួស និងយកធ្វើជាខ្សែបន្ទាត់ព្រំដែន? បើថៃពិតជាជនរងគ្រោះ ហេតុអ្វីខ្លាចកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ និងខ្លាចតុលាការអន្តរជាតិ?










