ប្រទេសថៃ ៖ ក្រោយពីកងទ័ពឈ្លានពានថៃបា.ញ់កាំភ្លើ.ងត្បាល់ និងកាំភ្លើ.ងដៃជាច្រើនគ្រាប់មកលើទីតាំងឈរជើងរបស់កម្ពុជា ហើយកងកម្លាំងកម្ពុជាមិនបានតបត នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានបញ្ជាឱ្យបង្កើនកម្លាំងកងទ័ព និងសមត្ថកិច្ចនៅតាមព្រំដែនកម្ពុជា-ថៃបន្ថែមទៀតដើម្បីទប់ទល់ស្ថានការណ៍តានតឹង ព្រមទាំងឱ្យកងទ័ពរាយការណ៍ពីការខ្វះខាតស្បៀងអាហារមកកាន់រដ្ឋាភិបាល ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ។

កាលពីថ្ងៃទី២៩ ខែកញ្ញា នៅវិមានរដ្ឋាភិបាល លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់សម្ភាសន៍ពីស្ថានការណ៍តានតឹងនៅព្រំដែនថា បច្ចុប្បន្ន ព្រំដែនកម្ពុជា-ថៃមានភាពតានតឹង ទើបលោកបញ្ជាឱ្យបង្កើនកម្លាំងកងទ័ព និងសមត្ថកិច្ចបន្ថែមទៀត ។ កាលពីថ្ងៃទី២៨ ខែកញ្ញា លោក គិតិរ៉ាត់ ផាន់ផេត បានរាយការណ៍ពីការបង្កើនកម្លាំងសមត្ថកិច្ចនៅតាមព្រំដែនឱ្យជួយការងារកងទ័ព ។

ក្រៅពីនេះ លោក អនុថីន បានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាផុង ណាកផានិច រួមទាំងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធដែលទទួលខុសត្រូវនៅព្រំដែន ដើម្បីបែងចែកការងាររវាងកងទ័ព និងសមត្ថកិច្ចការពារសុវត្ថិភាពពលរដ្ឋ ។

ស្ថានការណ៍ព្រំដែនតានតឹងដែលបង្កឡើងដោយកងទ័ពឈ្លានពានថៃ ធ្វើឱ្យនាយករដ្ឋមន្ត្រីថៃបញ្ជាអាជ្ញាធរត្រៀមជម្លៀសពលរដ្ឋ និងរៀបចំជំរំជនភៀសសឹកឱ្យបានល្អ ធ្វើយ៉ាងណា ពលរដ្ឋរស់នៅក្នុងជំរំភៀសសឹកត្រូវមានសុវត្ថិភាពដូចរស់នៅផ្ទះរបស់ខ្លួន មានអាហារហូបចុក កន្លែងស្នាក់នៅមានស្តង់ដារ ។ ក្រសួងសេដ្ឋកិច្ច និងសង្គម ត្រូវផ្តល់សេវាអ៊ីនធើរណេតឱ្យពលរដ្ឋភៀសសឹកប្រើប្រាស់ រួមទាំងសហការជាមួយអាជ្ញាធរ ដោយលោក អនុថីន ចោទប្រកាន់កម្ពុជាបង្កហេតុឥតឈប់ឈរ ។

កន្លងមក លោក អនុថីន បានបើកដៃឱ្យកងទ័ពមានអំណាចពេញលេញអាចសម្រេចចិត្តលើជម្លោះព្រំដែនក្រោមហេតុផលការពារអធិបតេយ្យ ខណៈរដ្ឋាភិបាលនឹងជួយគាំទ្រកងទ័ព ។ លោកច្រានចោលពាក្យចចាមអារ៉ាមកងទ័ពថៃខ្វះខាតអាហារបរិភោគ គឺមានតែមីកញ្ចប់ និងត្រីខកំប៉ុង ដោយលោកបញ្ជាក់ថា បើខ្វះខាតមែនត្រូវរាយការណ៍បន្ទាន់ ហើយរដ្ឋាភិបាលនឹងបញ្ជូនអាហារឱ្យកងទ័ពបរិភោគមានកម្លាំងត្រៀមធ្វើសង្គ្រាម ។

គួរបញ្ជាក់ថា ស្ថានការណ៍ព្រំដែនបានស្ងប់ស្ងាត់ទៅវិញហើយបន្ទាប់ពីកងទ័ពថៃបញ្ឈប់ការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើទីតាំងឈរជើងរបស់កម្ពុជា ។ កងកម្លាំងរបស់កម្ពុជាមិនបានតបតឡើយ គឺប្រកាន់នូវគោលការណ៍អត់ធ្មត់កម្រិតខ្ពស់ និងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលចូលជាធរមាន នាម៉ោង២៤និង០០ (ម៉ោងក្នុងតំបន់) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ។

កិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្រេចបានក្នុងកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចៃយ៉ា ក្រោមកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងការចូលរួមយ៉ាងសកម្មរបស់សាធារណរដ្ឋប្រជាមានិតចិន ។ កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានសភាពការណ៍ដោយប្រុងប្រយ័ត្នលើការវិវត្តន៍នេះយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជា ៕