ប្រទេសថៃ ៖ សារព័ត៌មានថៃ Amarin News រាយការណ៍នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ថា ពលរដ្ឋនៅឃុំបាក់ដៃ ស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ បានជម្លៀសចេញពីលំនៅឋានជាបន្តបន្ទាប់ក្រោយពីកងទ័ពថៃចោទប្រកាន់កម្ពុជាបង្កហេតុនៅព្រំដែន ។ ពលរដ្ឋថៃផ្តាំផ្ញើឱ្យកងទ័ពថៃធ្វើសង្គ្រា.មឆាប់ៗពុំចាំបាច់ចរចាជាមួយកម្ពុជា ពីព្រោះរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី អនុថីន ឆាន់វីរៈគូន បានបើកដៃឱ្យកងទ័ពរួចហើយ ។
នៅថ្ងៃទី២៦ ខែកញ្ញា ពលរដ្ឋនៅឃុំបាក់ដៃ ស្រុកភ្នំដងរ៉ាក់ និងស្រុកកាបឈើង ខេត្តសុរិន្ទ បានជម្លៀសចេញពីលំនៅឋានជាបន្តបន្ទាប់ដោយសារកងទ័ពឈ្លានពានថៃបង្កហេតុញុះញង់មិនឈប់ឈរនៅព្រំដែនកម្ពុជា-ថៃ ហើយកុហកពលរដ្ឋរបស់ខ្លួនថា កងទ័ពកម្ពុជាជាអ្នកបង្កហេតុ ។ ការនិយាយបំភ្លៃរបស់កងទ័ពឈ្លានពានថៃបានធ្វើឱ្យពលរដ្ឋនៅខេត្តសុរិន្ទជឿជាក់ និងជំរុញឱ្យធ្វើសង្គ្រាមជាមួយកម្ពុជា ។
អ្នកស្រី ផាត់ត្រា ហានស៊ីផូមិ អាយុ៤៨ឆ្នាំ រស់នៅឃុំបាក់ដៃ ស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ និយាយថា ខ្លួន និងក្រុមគ្រួសារបានជម្លៀសចេញពីលំនៅឋានជាមួយអ្នកភូមិផ្សេងទៀត ក្រោយពីកងទ័ពថៃប្រាប់ថា កងទ័ពខ្មែរបាញ់កាំភ្លើងតូចចូលទឹកដីថៃ ។ អ្នកស្រីពុំចង់ឱ្យរង់ចាំរហូតមានការប្រើប្រាស់កាំភ្លើងធំទេ ពីព្រោះរដ្ឋាភិបាលថៃពុំបានជួយពលរដ្ឋ រហូតមកដល់ពេលនេះ ពលរដ្ឋពុំទាន់ទទួលបានប្រាក់សំណងពីរដ្ឋាភិបាលចំនួន៥,០០០បាតទេ (ស្មើជាង១៥០ដុល្លារ) ។
ស្ត្រីរូបនេះបន្តថា ខ្លួនរស់នៅព្រំដែនពុំអាចប្រកបរបរអ្វីទេ ក្មេងៗក៏ពុំបានចូលសាលារៀន ខណៈទិន្នផលកសិកម្មមានតម្លៃថោកទាំងអស់ ពលរដ្ឋត្រូវជម្លៀសចេញពីលំនៅឋាន ប៉ុន្តែគ្មានជំរំភៀសសឹកត្រឹមត្រូវ ទើបចង់ឱ្យអាជ្ញាធរខេត្តសុរិន្ទរៀបចំជំរំភៀសសឹក ។ ស្ត្រីរូបនេះចង់សួរទៅមេបញ្ជាការកងទ័ពថា កន្លងមក រដ្ឋាភិបាលចាស់ពុំផ្តល់អំណាចឱ្យកងទ័ពពេញលេញ ប៉ុន្តែពេលនេះ រដ្ឋាភិបាលថ្មីប្រគល់អំណាចឱ្យកងទ័ពសម្រេចចិត្តរឿងព្រំដែន តើកងទ័ពកំពុងធ្វើអ្វី ហេតុអ្វីមិនចាត់វិធានការក្តៅជាមួយកម្ពុជា?
ស្ត្រីរូបនេះយល់ថា ការចរចារវាងប្រទេសទាំងពីរគ្មានប្រយោជន៍ ថែមទាំងនិយាយបំភ្លៃថា ពលរដ្ឋខ្មែរមករស់នៅលើទឹកដីថៃ ។ ស្ត្រីរូបនេះសំណូមពរឱ្យថ្នាក់ដឹកនាំរបស់ខ្លួនបញ្ឈប់ការចចាជាមួយកម្ពុជា និងផ្តាច់ទំនាក់ទំនងការទូត-ពាណិជ្ជកម្ម រួមទាំងបិទព្រំដែនជារៀងរហូត ។ ដូចគ្នានេះ ពលរដ្ឋថៃជាច្រើនទៀតក្នុងបណ្តាញសង្គមបានគាំទ្រគំនិតរបស់ស្ត្រីរូបនេះ ដោយជំរុញឱ្យកងទ័ពធ្វើសង្គ្រាមឆាប់ៗ និងជម្លៀសពលរដ្ឋចេញពីព្រំដែនឱ្យអស់ ។
ការញុះញង់របស់ពលរដ្ឋថៃមួយចំនួនបង្ហាញថា ពួកគេស្រេកឃ្លានសង្គ្រាម ពុំចង់បានសន្តិភាព ដែលផ្ទុយពីពលរដ្ឋខ្មែរចង់បានសុខសន្តិភាព ចង់រស់នៅមានសេចក្តីសុខ និងពុំញុះញង់ឱ្យធ្វើសង្គ្រាមដូចពលរដ្ឋថៃទេ ។ ការធ្វើសង្គ្រាមឈ្លានពានកម្ពុជា គឺមានតែធ្វើឱ្យថៃខ្លួនឯងខាតបង់ប្រាក់ចំណូលសេដ្ឋកិច្ច បាត់បង់ទំនុកចិត្តពីអន្តរជាតិ ប្រទេសនានាថ្កោលទោស និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចថៃ ហើយពេលនោះ ភាពក្រីក្រតោកយ៉ាកនឹងធ្លាក់មកលើពលរដ្ឋថៃ ៕