រឿងភាគចុងសប្តាហ៍របស់ tvN មានចំណងជើងថា «Bon Appétit, Your Majesty» មិនត្រឹមតែមានប្រជាប្រិយភាពនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញទស្សនិកជនទូទាំងពិភពលោកយ៉ាងច្រើនផងដែរ។ ក្នុងរឿងនេះក្រៅពីភាពប៉ិនប្រសប់របស់តួឯកស្រី YoonA ជាមេចុងភៅតួនាទីរបស់ Lee Chae Min ក៏ក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ដូចគ្នា។
យោងតាម Sports Seoul ក្នុងតួនាទីជាស្តេចផ្តាច់ការ Lee Heon តារាសម្តែង Lee Chae Min បានសម្តែងដោយភាពបត់បែនរវាងធាតុមនោសញ្ចេតនា និងកំប្លែង ដែលរួមចំណែកយ៉ាងខ្លាំងដល់ភាពជោគជ័យនៃខ្សែភាពយន្តនេះ។ Lee Chae Min ត្រូវបានគេដឹងថាចូលមកសម្ដែងត្រឹមតែ១ខែប៉ុណ្ណោះមុនពេលការថតរឿងចាប់ផ្ដើម ខណៈដែលតួឯកប្រុសដើមគឺ Park Sung Hoon ត្រូវដកខ្លួនពីគម្រោង។ ទោះបីជាយ៉ាងនេះក្តីតារាសម្ដែងវ័យក្មេងដែលកើតក្នុងឆ្នាំ ២០០០ បានស្ទាត់ជំនាញជាច្រើនយ៉ាងឆាប់រហ័សពីការជិះសេះ ការបាញ់ធ្នូ ការសម្ដែង និងសូម្បីតែការរាំ Cheoyongmu ក្នុងរយៈពេលដ៏ខ្លី។
រៀមច្បង YoonA មិនស្ទាក់ស្ទើរក្នុងការសរសើរសិស្សប្អូនរបស់នាងថា «ទោះបីជាពេលវេលារៀបចំខ្លីក៏ដោយ ក៏គាត់នៅតែបង្ហាញខ្លួនជាមួយនឹងអ្វីគ្រប់យ៉ាងដែលបានរៀបចំយ៉ាងល្អឥតខ្ចោះ ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ជា Lee Heon»។អ្នកដឹកនាំរឿង Jang Tae Yoo ក៏បានបង្ហាញពីទំនុកចិត្តរបស់ខ្លួនថា «Lee Chae Min តែងតែរៀបចំយ៉ាងប្រុងប្រយ័ត្ន ដើម្បីត្រៀមខ្លួនសម្រាប់គ្រប់ឈុត»។
ភាពជោគជ័យនៃកម្មវិធីត្រូវបានបង្ហាញដោយការវាយតម្លៃនៅលើ tvN និងចំនួនដ៏ធំនៃការមើលនៅលើវេទិកាអនឡាញ Netflix ។ ភាគទី ១០ ទទួលបានអត្រា ១៥.៨% ដែលជាកំណត់ត្រាខ្ពស់បំផុតនៃកម្មវិធីចាប់តាំងពីការចាក់ផ្សាយ។ រឿងនេះក៏បានចំណាយពេលសប្តាហ៍ទី ២ ជាប់ៗគ្នានៅលើកំពូលតារាងកម្មវិធីទូរទស្សន៍ដែលមិនមែនជាភាសាអង់គ្លេសរបស់ Netflix ។
លើសពីនេះ យោងតាមទិន្នន័យដែលចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវកេរ្តិ៍ឈ្មោះកូរ៉េកាលពីថ្ងៃទី ២៣ ខែកញ្ញា Lee Chae Min បានជាប់ចំណាត់ថ្នាក់កំពូលតារាកូរ៉េប្រចាំខែកញ្ញា លើសតារាសម្តែងល្បីមួយចំនួន។ឧស្សាហកម្មកម្សាន្តកំពុងយកចិត្តទុកដាក់ជាពិសេសចំពោះជំហានបន្ទាប់របស់ Lee Chae Min ។ យោងតាមប្រភពឧស្សាហកម្មមុនពេលបញ្ចប់នៃ «Bon Appétit, Your Majesty» Lee Chae Min បានទទួលស្គ្រីបប្រហែល ៣០ សម្រាប់គម្រោងថ្មីៗ។ តារាសម្តែងរូបនេះបានក្លាយជាជម្រើសកំពូលរបស់ផលិតករទូរទស្សន៍ និងភាពយន្តកូរ៉េយ៉ាងឆាប់រហ័ស។
នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៥ Lee Chae Min នឹងជួបទស្សនិកជនម្តងទៀតតាមរយៈតួនាទីគាំទ្រនៅក្នុងរឿង «Cashero» នៅលើ Netflix ។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាគម្រោងដែលត្រូវបានបញ្ចប់មុន និងកំពុងរង់ចាំការចាក់ផ្សាយ ដូច្នេះទស្សនិកជននៅតែចង់ដឹងចង់ឃើញអំពីជម្រើសស្គ្រីបបន្ទាប់របស់ Lee Chae Min បន្ទាប់ពីជោគជ័យដ៏ផ្ទុះនៃរឿង «Bon Appétit, Your Majesty»៕