បន្ទាប់ពីដាស់តឿនកន្លងមកគ្មានប្រសិទ្ធភាពតារាចម្រៀង លីម តិចម៉េង បានរត់រកមេធាវីចេញលិខិតជូនដំណឹងទុកពេលឱ្យ៤៨ម៉ោងឱ្យម្ចាស់គណនីហ្វេកប៊ុក «គុណ ពៅណា ប្រពន្ធលីម តិចម៉េង»បញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់មិនដូច្នេះទេលោកនឹងវិធានការណ៍តាមផ្លូវច្បាប់។
នៅយប់ថ្ងៃទី១៨ ខែកញ្ញា ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានចេញលិខិតជូនដំណឹងពីមេធាវីទៅកាន់ គុណ ពៅណា ភេទប្រុស កើតថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៩៣ ដែលជាម្ចាស់គណនី Facebook ឈ្មោះ «គុណពៅណា ប្រពន្ធ លីមតិចម៉េង», ម្ចាស់គណនី Tiktok ឈ្មោះ «គុណ ពៅណា ប្រពន្ធ លីមតិចម៉េង» បញ្ឈប់នូវរាល់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់ខ្លួន។
ក្នុងលិខិតជូនដំណឹងបានបញ្ជាក់នាពេលកន្លងមកចាប់ពីអំឡុងដើមឆ្នាំ២០២៥ គុណ ពៅណា បានធ្វើសកម្មភាពដូចជាការបង្ហោះ (Posts) រូបភាព សារសំណេរ វីដេអូ នៅក្នុងបណ្តាញសង្គមដែលមានគោលដៅ ខ្លឹមសារ បំពាន និងប៉ះពាល់ដល់ឯកជនភាពរបស់ លីម តិចម៉េង ប្រព្រឹត្តអំពើ អះអាងបំផ្លើស ទំលាក់កំហុសដោយអសុទ្ធចិត្ត ប្រមាថ មើលងាយ តាមរយៈបណ្តាញសង្គមដែលជាបទល្មើស “បរិហារកេរ្តិ៍ជាសាធារណៈ” និង “ជេរប្រមាថជាសាធារណៈ”។ បទល្មើសនេះនឹងត្រូវផ្តន្ទាទោស តាមបញ្ញត្តិ មាត្រា៣០៥ និងមាត្រា៣០៧ នៃក្រមព្រហ្មទណ្ឌ។
មេធាវីតំណាងឱ្យ លីម តិចម៉េង ទាមទារឱ្យ គុណ ពៅណា បញ្ឈប់ និងលុបជាបន្ទាន់នូវខ្លឹមសារពាក់ព័ន្ធក្នុងរយៈពេល ៤៨ម៉ោង គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង១៩:០០នាទីជាកំហិត។ ក្នុងករណីមិនអនុវត្តតាមការជូនដំណឹងនេះ លីម តិចម៉េង នឹងចាត់វិធានការដាក់ពាក្យបណ្តឹង ទៅស្ថាប័នមានសមត្ថកិច្ចដើម្បីការពារសិទ្ធិ និងផលប្រយោជន៍តាមផ្លូវច្បាប់។ ក្នុងលិខិតនេះ លីម តិចម៉េង អះអាងថាពុំដែលបានស្គាល់ ឬមានទំនាក់ទំនងណាមួយជាមួយបុគ្គលឈ្មោះគុណ ពៅណា នេះទឡើយ៕.png)










