សារព័ត៌មានថៃ Khaosod រាយការណ៍កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ថា ស្នងការនគរបាលខេត្តស្រះកែវបានត្រៀមកម្លាំងសមត្ថកិច្ចបង្ក្រាបហ្វូងមនុស្សមកពី៤ខេត្ត រួមមាន ៖ ឆាក់ឈើងសៅ ប្រាជីនបុរី រ៉ាក់យ៉ង និងឈុនបុរី ដើម្បីសហការជាមួយសមត្ថកិច្ចបង្ក្រាបហ្វូងមនុស្សនៅខេត្តស្រះកែវ ។ សមត្ថកិច្ចគ្រប់រូបនឹងប្រើប្រាស់ឧបករណ៍សម្រាប់បង្ក្រាបពលរដ្ឋខ្មែរដែលតវ៉ាការរាយបន្លាលួសរបស់កងទ័ពថៃនៅព្រំដែនខេត្តស្រះកែវ ទល់មុខភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។.png)
កាលពីថ្ងៃទី១៧ ខែកញ្ញា សមត្ថកិច្ចថៃបានបា.ញ់កាំភ្លើងគ្រាប់ជ័រ គ្រាប់បែកផ្សែង និងឧបករណ៍បំពងសំឡេងមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យហៀរទឹកភ្នែក ប៉ះពាល់ក្រដាសត្រចៀក និងប្រព័ន្ធខួរក្បាល ។ លើសពីនេះ សមត្ថកិច្ចថៃបានបង្កអំពើហិង្សាដោយប្រើប្រាស់ឧបករណ៍បង្ក្រាប និងបា.ញ់ជំពាមកៅស៊ូគ្រាប់ឃ្លីបណ្តាលឱ្យពលរដ្ឋខ្មែរដួលសន្លប់ និងរងរបួសធ្ងន់ស្រាលជាច្រើននាក់ ដោយចោទប្រកាន់ពីបទល្មើសអធិបតេយ្យ ។
ក្រោយកើតហេតុការណ៍នេះ ស្នងការនគរបាលខេត្តស្រះកែវ លោកឧត្តមសេនីយ៍ ថាវន ឌុលយ៉ាវីត និយាយថា បានត្រៀមកម្លាំងសមត្ថកិច្ចបង្ក្រាបហ្វូងមនុស្ស ចំនួន២កងពល មកពីខេត្តឆាក់ឈើងសៅ និងប្រាជីនបុរី ព្រមទាំងចែកចាយឧបករណ៍ដល់សមត្ថកិច្ចគ្រប់រូបដើម្បីបង្ក្រាបអ្នកតវ៉ានៅព្រំដែនខេត្តស្រះកែវ ។ ក្រុមសមត្ថកិច្ចបង្ក្រាបហ្វូងមនុស្សនឹងត្រូវបញ្ជូនទៅកាន់ភូមិណងញ៉ាកែវ ស្រុកខូកស៊ូង ខេត្តស្រះកែវ ដើម្បីផ្តល់ភាពងាយស្រួលឱ្យកងទ័ពថៃរាយបន្លាលួសបន្តទៀត ។
ចំណែកលោកឧត្តមសេនីយ៍ ធិតាវ៉ាត់ សុរិយៈឆាយ ស្នងការរងនគរបាលខេត្តស្រះកែវ បានចោទប្រកាន់ពលរដ្ឋខ្មែររុះរើបន្លាលួស និងធ្វើឱ្យកងកម្លាំងថៃរងរបួស ទើបសមត្ថកិច្ចថៃប្រើប្រាស់អំពើហិង្សានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយការប្រើប្រាស់គ្រាប់បែកផ្សែងទឹកភ្នែក និងបាញ់កាំភ្លើងគ្រាប់ជ័រដើម្បីបំបែកហ្វូងពលរដ្ឋខ្មែរ ។
កាលពីថ្ងៃទី១៨ ខែកញ្ញា លោកឧត្តមសេនីយ៍ ធិតាវ៉ាត់ និយាយថា ការត្រៀមកម្លាំងសមត្ថកិច្ចបង្ក្រាបហ្វូងមនុស្សមកពីខេត្តឆាក់ឈើងសៅ និងប្រាជីនបុរី គឺដើម្បីរួមកម្លាំងជាមួយសមត្ថកិច្ចបង្ក្រាបហ្វូងមនុស្សខេត្តស្រះកែវទប់ទល់ការតវ៉ារបស់ពលរដ្ឋខ្មែរ ដោយលោកចោទប្រកាន់ពីបទល្មើសអធិបតេយ្យ ។ លោកក៏បានត្រៀមសមត្ថកិច្ចបង្ក្រាបហ្វូងមនុស្សមកពីខេត្តរ៉ាក់យ៉ង និងឈុនបុរី មកកាន់ព្រំដែនខេត្តស្រះកែវផងដែរដើម្បីជួយគ្នាបង្ក្រាបក្រុមតវ៉ា ហើយសមត្ថកិច្ចគ្រប់រូបនឹងប្រើប្រាស់ឧបករណ៍បង្ក្រាបគ្រប់ដៃ ដោយចាត់វិធានការពីកម្រិតស្រាលទៅធ្ងន់ ។
ក្រៅពីការត្រៀមកម្លាំងសមត្ថកិច្ចជំនាញបង្ក្រាបហ្វូងមនុស្ស កងទ័ពថៃបានបញ្ជូនរថយន្តបាញ់ទឹកជាច្រើនគ្រឿងមកប្រចាំការនៅព្រំដែនភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយរថយន្តបាញ់ទឹកទាំងនេះមានកម្រិតបាញ់ទឹកខ្លាំងអាចធ្វើឱ្យមនុស្សខ្ទាតឡើងលើ ។
ការប្រមូលកងកម្លាំងសមត្ថកិច្ចមកពីខេត្តនានា រួមទាំងការប្រើប្រាស់ឧបករណ៍បង្ក្រាបតូចធំគ្រប់ប្រភេទ ក៏ដូចជារថយន្តបាញ់ទឹក បង្ហាញថា កងទ័ពថៃកាន់តែប្រព្រឹត្តទង្វើព្រៃផ្សៃមកលើកម្ពុជា ។ ការឈ្លានពានរបស់ថៃគ្មានការគាំទ្រពីប្រទេសណាទេ ពិភពលោកកំពុងតែថ្កោលទោសថៃ និងស្នើឱ្យថៃបញ្ឈប់សកម្មភាពឈ្លានពានកម្ពុជាដែលជាសមាជិកអាស៊ានដូចគ្នា ៕










