ស្រោចស្រង់លែងបានហើយ! មិនត្រឹមតែធ្វើឲ្យព្រះសង្ឃរបួសប៉ុណ្ណោះទេ ពេលនេះថៃថែមទាំងចោ.ទប្រកាន់ថា ព្រះសង្ឃដែលទៅចូលរួមការតវ៉ាជាមួយអ្នកភូមិនៅភូមិព្រៃចាន់ គឺជាសង្ឃក្លែងក្លាយ ដែលជាទាហានបន្លំខ្លួនមកបង្កើតស្ថានការណ៍នាំឲ្យមានភាពវឹកវរ ដើម្បីឲ្យកម្ពុជាប្រាប់អន្តរជាតិថាថៃរករឿងកម្ពុជាមុនប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ Khaosod។
នៅថ្ងៃព្រហស្បត្តិ៍ ទី១៨ កញ្ញា ឧត្តមសេនីយទោ Surawit Daengjan នាយសេនាធិការនៃកងទ័ពភូមិភាគទី១ និងជាអ្នកនាំពាក្យ បានធ្វើសន្និសីទសារព័ត៌មានទាក់ទងនឹងឧបទ្ទវហេតុដែលពលរដ្ឋខ្មែរបានទម្លុះរបងលួសបន្លានៅឯ Ban Nong Ya Kaew ក្នុងខេត្តស្រះកែវថា ឧប្បត្តិហេតុកាលពីម្សិលមិញ បានផ្ទុះឡើងដោយសារតែការវា.យប្រហា.រពីសំណាក់ជនសុីវិលកម្ពុជាមកលើកងកម្លាំងសន្តិសុខថៃ និងបានធ្វើឲ្យមន្រ្តីថៃរងរបួសជាច្រើននាក់ដោយសារការគប់ដុំថ្ម និងការបា.ញ់គ្រាប់ជំពាម ដែលជំរុញឱ្យកងកម្លាំងថៃប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូដើម្បីឆ្លើយតបវិញ។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា «ខ្ញុំសូមថ្កោលទោសថ្នាក់ដឹកនាំកម្ពុជា ដែលអនុញ្ញាតឲ្យស្ថានការណ៍នេះកើតឡើងលើទឹកដីអធិបតេយ្យភាពរបស់ថៃ ដោយយកកុមារ ស្ត្រី និងព្រះសង្ឃជាអ្នកញុះញង់។ កម្ពុជាចង់បង្កើតរូបភាពថា ប្រទេសថៃអមនុស្សធម៌ និងកំពុងធ្វើសកម្មភាពយ៉ាងគឃ្លើនដោយមិនខ្វល់ពីអារម្មណ៍ ឬសុវត្ថិភាពរបស់ជនសុីវិលកម្ពុជា។ សូមបញ្ឈប់ការញុះញង់នេះ ហើយឈប់លាក់ខ្លួននៅពីក្រោយស្ត្រីទៀតទៅ»។

មិនតែប៉ុណ្ណោះ លោក Surawit បាននិយាយឌឺដងកកាន់ព្រះសង្ឃកម្ពុជាដែលចូលរួមក្នុងចលនាតវ៉ាដើម្បីការពារទឹកដីជាមួយពលរដ្ឋយ៉ាងដូច្នេះថា ប្រសិនបើអ្នកចង់ធ្វើបាតុកម្មបែបនេះ អ្នកគួរតែទៅសឹកហើយចូលបម្រើជាទាហានទៅល្អជាង ដើម្បីមកតតាំងជាមួយពួកយើង។ 
លើសពីនេះ បើតាមការចុះផ្សាយរបស់ Khaosod ដោយផ្អែកលើមតិរបស់សារណជនថៃមួយចំនួនពួកគេបានអះអាងថា មុខព្រះសង្ឃខ្មែរដែលចូលរួមក្នុងចលនានេះ ប្រហាក់ប្រហែលនឹងទាហានខ្មែរម្នាក់ ដែលយូរៗទៅវាបានក្លាយជាប្រធានបទសម្រាប់ពលរដ្ឋ និងក្រុមជ្រុលនិយមថៃនាំគ្នាយកមកអះអាងថា កម្ពុជាចាត់ឲ្យទាហាន សម្ដែងធ្វើជាសង្ឃដើម្បីបង្កើតសេណារីយ៉ូភូតកុហកអន្តរជាតិ។
គួរបញ្ជាក់ថា នៅក្នុងការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋកម្ពុជា និងទាហានប្រដាប់ងាវុ.ធថៃកាលពីថ្ងៃទី១៧ ខែកញ្ញា ម្សិលមិញបានបណ្ដាលឲ្យជនសុីវិល និងព្រះសង្ឃប្រមាណជិត៣០នាក់រងរបួស ដោយសារគ្រាប់កាំភ្លើងជ័រ រួមទាំងបាត់បង់ស្មារតី ពិបាកដកដង្ហើមដោយសារគ្រាប់បែ.កផ្សែង និងត្រូវបញ្ជូនមកសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ។
ជាមួយគ្នានេះ វាបង្ហាញយ៉ាងច្បាស់ពីទង្វើឈ្លានពានរបស់យោធាថៃ និងសកម្មភាពបង្រ្កាបបាតុកម្មដោយហិង្សាដ៏អមនុស្សធម៌មកលើប្រជនស្លូតត្រង់ កងកម្លាំងដែលគ្មានអាវុ.ធ រួមទាំងព្រះសង្ឃ ដែលមានបំណងចង់ត្រឹមការពារអធិបតេយ្យទឹកដី ផ្ទះសម្បែង ដីស្រែសម្ការរបស់ពួកគាត់តែប៉ុណ្ណោះ៕










