រឿងភាគទូរទស្សន៍កូរ៉េ «Bon Appétit, Your Majesty» ពីតារាចម្រៀងនិងសម្តែង YoonA និង Lee Chaemin ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនជាពិសេសគឺឈុតឆាកធ្វើម្ហូបតែម្តង។ មិនត្រឹមតែទស្សនិកជនទូទៅប៉ុណ្ណោះទេងាកមកកាន់តារាចម្រៀងរ៉េប king Chi ទេព ពិសិដ្ឋ និង សង្ហា វិញក៏បង្ហាញថាជាហ្វេនរបស់រឿងនេះដូចគ្នា។

នៅលើគណនីផ្ទាល់ខ្លួនរបស់ king Chi លោកបានបង្ហោះរូបភាពមួយសន្លឹកពីការទន្ទឹងរង់ចាំភាគថ្មី «Bon Appétit, Your Majesty» ព្រោះតែរឿងនេះចាក់ផ្សាយតែពីរភាគក្នុងមួយសប្តាហ៍ប៉ុណ្ណោះនៅថ្ងៃចុងសប្តាហ៍ ខណៈភាគទី៨បានបន្សល់ទុកឱ្យអ្នកគាំទ្ររង់ចាំលទ្ធផលការប្រកួតធ្វើម្ហូបរបស់តួស្រីក្នុងនាមជាមេចុងភៅចូសុន និងចុងភៅខាងរាជវង្ស Ming។ តារារ៉េបរូបនេះបានបង្ហាញអារម្មណ៍ថា «ហេតុអ្វីខ្ញុំ ធ្លាក់ខ្លួនបែបនេះ»។

ងាកមកកាន់តារាចម្រៀង ទេព ពិសិដ្ឋ បានចែករំលែកការបង្ហោះរបស់ KingChi ជាមួយនឹងសម្តីថា «យូរអើយយូរ» ខណៈ KingChi ចូលទៅខម្មិនថា «តឹងធូងណាស់»។ មិនខុសពីតារារ៉េប KingChi និង ទេព ពិសិដ្ឋ ប៉ុណ្ណោះទេ ងាកមកកាន់តារាចម្រៀងនិងជា Producer សង្ហា វិញក៏បានចែករំលែកបង្ហាញថាលោកក៏ជាហ្វេនសាច់រឿងនេះដូចគ្នា។
គួរឱ្យដឹងសាច់រឿងឆ្លងពេលវេលា «Bon Appétit, Your Majesty» បានទាក់ទាញទស្សនិកជនទាំងក្នុងប្រទេសនិងក្រៅប្រទេសជាមួយនឹងការវាយតម្លៃខ្ពស់។ ចំណុចគោលនៃរឿងនេះគឺជាការធ្វើម្ហូបពីតួឯកស្រី Ji Young ដែលសម្តែងដោយ YoonA ដែលមានភាពរស់រវើកមើលទៅមិនឆ្គង។ តាមការបញ្ជាក់របស់តារាសម្តែង YoonA នៅក្នុងកម្មវិធីមួយ រូបនាងបានបង្ហាញថានាងបានព្យាយាមធ្វើប្រហែល ៩៥% នៃឈុតឆាកធ្វើម្ហូបនៅក្នុងភាពយន្តដោយខ្លួនឯងដោយនាងស៊ាំនឹងការចម្អិនអាហារបន្តិចម្តងៗ ដូច្នេះនាងអាចធ្វើដូចចុងភៅពិតៗ។ នេះដោយសារតែ YoonA បានចំណាយពេល ៣ ខែដើម្បីរៀនធ្វើម្ហូបមុនពេលនាងថតរឿងនេះ។ នៅក្នុងភាគទី៨ បន្ទាប់ពីរឿងនេះបានចាក់ផ្សាយ ក៏មានមតិជាច្រើនបានសរសើរដល់ការប្រកួតរបស់ចុងភៅក្នុងភាពយន្តនេះថា ថតបានប្រកបដោយវិជ្ជាជីវៈ ទាក់ទាញ និងរំភើបមិនអន់ជាងកម្មវិធីប្រកួតប្រជែងធ្វើម្ហូបល្បីៗក្នុងជីវិតពិតនោះទេ។
គួរឱ្យដឹងថារឿងភាគទូរទស្សន៍ «Bon Appétit, Your Majesty» បានទទួលការវាយតម្លៃទូទាំងប្រទេសជាមធ្យម ១៥.៤០៥% នៅពេលដែលភាគទី ៨ ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ tvN នៅយប់ថ្ងៃទី ១៤ខែកញ្ញា ជាមួយនឹងអត្រាពេលវេលាជាក់ស្តែង ៣២.២៨% ។ សមិទ្ធិផលនេះបានជួយឱ្យខ្សែភាពយន្តនេះបំបែកកំណត់ត្រាក្លាយជារឿងកូរ៉េដែលមានអត្រាខ្ពស់បំផុតក្នុងឆ្នាំ ២០២៥រហូតមកដល់ពេលនេះ។ រឿងភាគល្បីនេះបានចូលក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ នៃរឿងភាគដែលមានការវាយតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ tvN ៕










