ប្រទេសវៀតណាម ៖ បច្ចុប្បន្ន ភ្ញៀវទេសចរចិនបានប្តូរគោលដៅដំណើរកម្សាន្តទៅប្រទេសវៀតណាមវិញ ដោយសារនៅថៃអសន្តិសុខ ជាពិសេស បារម្ភពីការឆបោកតាមអ៊ីនធើរណេត ។ ភ្ញៀវទេសចរចិននៅតែភ័យខ្លា.ចថៃគ្មានសុវត្ថិភាព ក្រោយកើតហេតុការណ៍ជនខិលខូចឆបោកតាមអ៊ីនធើរណេតឱ្យតារាសម្តែងចិនដ៏ល្បីធ្វើដំណើរមកថៃ រួចនាំទៅមីយ៉ាន់ម៉ាកាលពីខែមករា ឆ្នាំ២០២៥ ។
.png)
តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថា ភ្ញៀវទេសចរចិនបានធ្វើដំណើរមកថៃធ្លាក់ចុះប្រមាណ៣៥% គិតត្រឹមខែសីហា ឆ្នាំ២០២៥ ខណៈរយៈពេលដូចគ្នានេះ វៀតណាមទទួលបានភ្ញៀវទេសចរចិនកើនឡើង៤៤% បើធៀបនឹងឆ្នាំ២០២៤ ។ ការធ្លាក់ចុះភ្ញៀវទេសចរចិនធ្វើឱ្យថៃបាត់បង់ប្រាក់ចំណូល ចំនួន៣,៥០០លានដុល្លារអាមេរិក ។
អ្វីធ្វើឱ្យភ្ញៀវទេសចរចិនចាប់អារម្មណ៍ខ្លាំង គឺវៀតណាមបានផ្តល់នូវបទពិសោធន៍ថ្មីប្លែក និងបង្ហាញអត្តសញ្ញាណនៅតំបន់ទេសចរណ៍ទៅកាន់ភ្ញៀវទេសចរបរទេស ។ គិតត្រឹមខែសីហា ឆ្នាំ២០២៥ វៀតណាមទទួលបានភ្ញៀវទេសចរបរទេសរហូតដល់១៤លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនស្មើ៤៤% វៀតណាមរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរបរទេស រហូតដល់២២លាន៦សែននាក់ នៅចុងឆ្នាំ២០២៥ ដែលខ្ពស់ជាងឆ្នាំ២០១៩ ស្មើត្រឹម១៨លាននាក់ ។
.jpg)
រដ្ឋាភិបាល និងក្រុមហ៊ុនទេសចរណ៍វៀតណាមផ្តោតលើការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានច្រើន ជាពិសេស ភ្ញៀវទេសចរចិន ដូចជា ៖ ផ្លូវចូលសណ្ឋាគារនៅទីក្រុងឆ្នេរសមុទ្រដាណាង បានសរសេរអក្សរចិន និងជួលបុគ្គលិកនិយាយភាសាចិន ។
ភ្ញៀវទេសចរចិនលែងចាប់អារម្មណ៍ទៅលេងឆ្នេរសមុទ្រ និងវត្តអារ៉ាមនានានៅប្រទេសថៃដូចមុន ដោយពួកគេប្តូរគោលដៅទៅលេងវៀតណាមដើម្បីទទួលបានបទពិសោធន៍ថ្មីៗ ។ បច្ចុប្បន្ន ថៃស្ងប់ស្ងាត់ភ្ញៀវទេសចរ ហើយការលក់ចំណីអាហារតាមផ្លូវក៏ពុំកាក់កបដូចមុន ខណៈពលរដ្ឋថៃបាត់បង់ការងារធ្វើគ្មានប្រាក់ចំណូល ។
អ្នកនាង ហ្វូជៀ បានមកដើរលេងនៅវៀតណាមជាមួយក្រុមគ្រួសារ ដោយសារវៀតណាមមានតំបន់ទេសចរណ៍ធម្មជាតិ ហើយនាងមានគម្រោងមកលេងវៀតណាមម្តងទៀត ។ នាងថា ភ្ញៀវទេសចរចិននៅតែបារម្ភពីការឆបោកតាមអ៊ីនធើរណេត ជាពិសេស ការឆបោកតារាសម្តែងចិនដ៏ល្បីឱ្យធ្វើដំណើរមកថៃ រួចនាំទៅមីយ៉ាន់ម៉ាកាលពីខែមករា ទើបពួកគេបញ្ឈប់គម្រោងដំណើរកម្សាន្តនៅថៃ ៕










