ប្រទេសថៃ ៖ នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៥ ពលរដ្ឋនៅខេត្តចាន់បុរី ប្រទេសថៃ បានសម្រុកដកប្រាក់ចេញពីទូរ ATM ពីព្រោះបារម្ភពីការបង្កកគណនីធនាគារ ស្របពេលហាងលក់ទំនិញ និងភោជនីយដ្ឋាននានាដាក់ស្លាកពុំទទួលការទូទាត់ប្រាក់ដោយស្កេន QR Code គឺទទួលតែក្រដាសប្រាក់ ។ ធនាគារថៃមួយចំនួនបានបង្កកគណនីធនាគាររបស់អាជីវករលក់ដូរតូចតាច ឬគណនីដែលស្កេនទូទាត់ប្រាក់ញឹកញាប់ ដោយចោទប្រកាន់ថា ពាក់ព័ន្ធនឹងការផ្ទេរប្រាក់ខុសច្បាប់ជាមួយជនខិលខូលបោកប្រាស់តាមអនឡាញ ហើយធនាគារប្រាប់កុំឱ្យពលរដ្ឋបារម្ភ ព្រោះការបង្កកគណនីធនាគារលុះត្រាមានការប្តឹងទៅសមត្ថកិច្ច ។

កាលពីថ្ងៃទី១៥ ខែកញ្ញា សារព័ត៌មានថៃ Khaosod រាយការណ៍ថា ពលរដ្ឋថៃជាច្រើនបានរងផលប៉ះពាល់ដោយសារត្រូវបង្កកគណនីធនាគារដែលពួកគេបានសន្សំប្រាក់មួយជីវិត ។ អាជីវករលក់ទំនិញតាមផ្សារក៏ត្រូវបង្កកគណនីធនាគារដែរ ដោយសារមានការទូទាត់ថ្លៃទំនិញដោយស្កេន QR Code ញឹកញាប់ ជាហេតុធ្វើឱ្យហាងលក់ទំនិញនានាដាក់ស្លាកពុំទទួលការទូទាត់ប្រាក់ដោយស្កេន ។ ការបង្កកគណនីធនាគារដោយសារធនាគារសង្ស័យថា ម្ចាស់គណនីពាក់ព័ន្ធនឹងការផ្ទេរប្រាក់ខុសច្បាប់ ។
អាជីវករលក់ដូរនៅមុខធនាគារប្រាប់ថា ប៉ុន្មានថ្ងៃនេះ ពលរដ្ឋថៃសម្រុកមកដកប្រាក់ចេញពីទូរ ATM ខុសធម្មតា ដោយសារបារម្ភពីការបង្កកគណនីធនាគារដែលមានការជជែកទូទាំងប្រទេស ។ អាជីវកររូបនេះបារម្ភយ៉ាងខ្លាំង ដោយសារមានការផ្ទេរប្រាក់ចេញ-ចូលគណនីធនាគារញឹកញាប់ ប៉ុន្តែពុំអាចដកប្រាក់ទាំងអស់ចេញ ពីព្រោះប្រាក់ក្នុងគណនីធនាគារត្រូវការផ្ទេរសម្រាប់ការចំណាយចាំបាច់ ។
ការបង្កកគណនីធនាគារណាមួយ គឺពេលគណនីនោះទទួលបានប្រាក់ពីអតិថិជនដែលពាក់ព័ន្ធនឹងការផ្ទេរប្រាក់ខុសច្បាប់ ដែលធ្វើឱ្យអាជីវករថៃបារម្ភដោយសារពុំដឹងថា អតិថិជនមកទិញទំនិញប្រើប្រាស់គណនីធនាគារខុសច្បាប់ឬក៏អត់ ។ ពលរដ្ឋថៃយល់ថា ការដោះស្រាយបញ្ហាដោយការបង្កកគណនីធនាគារបែបនេះ គឺជាការដោះស្រាយពុំចំគោលដៅទេ ដែលធ្វើឱ្យពលរដ្ឋប្រកបរបរទូទៅមិនពាក់ព័ន្ធនឹងការបោកប្រាស់តាមអនឡាញរងផលប៉ះពាល់ទាំងអស់ ។.jpg)
អាជីវករម្នាក់ទៀតបានមកដាក់ប្រាក់ពីទូរ ATM ដោយមានការស្កេនផ្ទៃមុខរហូតដល់៣លើក ប្រាប់ថា សុខចិត្តចំណាយពេលមកដកប្រាក់ចេញពីធនាគារ ពីព្រោះខ្លាចត្រូវបង្កកគណនីធនាគារប៉ះពាល់ដល់ប្រាក់ដែលខំសន្សំអស់មួយជីវិត ដូច្នេះ ការពារជាមុនល្អជាងការខាតបង់ ។ ម្យ៉ាងទៀត ការប្រញាប់មកដកប្រាក់ដោយសារខ្លាចធនាគារអស់ប្រាក់ ។
គួរបញ្ជាក់ថា ភោជនីយដ្ឋានជាច្រើននៅខេត្តចាន់បុរីបានដាក់ស្លាកទទួលតែក្រដាសប្រាក់ ពុំទទួលការទូទាត់ដោយស្កេន QR Code ដើម្បីកុំឱ្យបង្កកគណនីធនាគារ ដោយសារពុំដឹងថា អតិថិជនប្រើប្រាស់គណនីខុសច្បាប់ឬអត់ ។ ពលរដ្ឋថៃបានសំណូមពរទៅធនាគារឱ្យដោះស្រាយបញ្ហាដោយបង្ក្រាបជនល្មើស មិនមែនបង្កកគណនីធនាគារពលរដ្ឋរកស៊ីលក់ដូរតូចតាចទេ ។.jpg)
សមត្ថកិច្ចខេត្តចាន់បុរីបានទទួលពាក្យបណ្តឹងពីការបោកប្រាស់តាមអនឡាញ ហើយជារៀងរាល់ថ្ងៃ មានពលរដ្ឋដែលត្រូវបានបង្កកគណនីធនាគារមកដាក់ពាក្យប្តឹងសមត្ថកិច្ចជួយដោះស្រាយឱ្យពួកគេអាចប្រើប្រាស់គណនីធនាគារឡើងវិញ ។ សមត្ថកិច្ចបានណែនាំឱ្យពលរដ្ឋអនុវត្តតាមដំណាក់កាល រីឯការដោះស្រាយបញ្ហា គឺហួសពីតួនាទីរបស់សមត្ថកិច្ច ។
សមត្ថកិច្ចណែនាំពលរដ្ឋប្រយ័ត្នការទទួលប្រាក់តាមរយៈការស្កេនពីបញ្ជីគណនីរបស់អតិថិជនដែលពុំស្គាល់គ្នា ។ បើមានការផ្ទេរប្រាក់ចូលបញ្ជីពីប្រភពមិនច្បាស់លាស់ ត្រូវប្តឹងសមត្ថកិច្ចជាបន្ទាន់ កុំផ្ទេរប្រាក់នេះត្រឡប់ទៅវិញដាច់ខាត ពីព្រោះចាត់ទុកថា គណនីធនាគាររបស់ពលរដ្ឋជាប់ពាក់ព័ន្ធជាមួយគណនីជនល្មើសរកស៊ីបោកប្រាស់តាមអនឡាញ ៕










