សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា តុលាការនៅទីក្រុងសាន់ហ្វ្រាំនស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានទទួលពាក្យបណ្តឹងពីពលរដ្ឋអាមេរិក២នាក់ ប្តឹង Tesla គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញដែលមានលោក Elon Musk ជាស្ថាបនិក ពីបទជួលបុគ្គលិកបរទេសធ្វើការច្រើនជាងជួលពលរដ្ឋអាមេរិក ។ ក្នុងពាក្យបណ្តឹង គឺ Tesla បានជួលបុគ្គលិកបរទេសកាន់ទិដ្ឋាការប្រភេទ H-1B ដើម្បីចំណាយប្រាក់ឈ្នួលឱ្យបុគ្គលិកបរទេសក្នុងអត្រាទាប ។
ទិដ្ឋាការប្រភេទ H-1B គឺជាទិដ្ឋាការធ្វើការនៅអាមេរិកបណ្តោះអាសន្នសម្រាប់ជនបរទេសមានជំនាញ ដូចជា ៖ វិស្វករ និងផ្នែកបច្ចេកវិទ្យា ហើយក្រុមហ៊ុននៅអាមេរិកដែលមានតម្រូវការជួលបុគ្គលិកបរទេស ត្រូវតែពាក្យស្នើសុំទិដ្ឋាការនេះឱ្យបុគ្គលិកបរទេស ។ ក្រុមហ៊ុន Tesla បានជួលបុគ្គលិកកាន់ទិដ្ឋាការ H-1B មកធ្វើការច្រើនជាងពលរដ្ឋអាមេរិកដើម្បីសន្សំសំចៃការចំណាយប្រាក់ឈ្នួលក្នុងអត្រាទាប ហើយក្រុមហ៊ុនថែមទាំងបញ្ឈប់បុគ្គលិកជាពលរដ្ឋអាមេរិកទៀតផង ។
ពាក្យបណ្តឹងបញ្ជាក់ថា កាលពីឆ្នាំ២០២៤ Tesla បានទទួលយកបុគ្គលិកបរទេសចំនួន១,៣៥៥នាក់មកធ្វើការ ហើយក្រុមហ៊ុននេះបានកាត់បន្ថយបុគ្គលិកនៅអាមេរិករហូតដល់ជាង៦,០០០នាក់ ដែលបុគ្គលិកបាត់បង់ការងារភាគច្រើនជាពលរដ្ឋអាមេរិក ។ អ្នកដាក់ពាក្យប្តឹង២នាក់និយាយថា Tesla បានបដិសេធពួកគេចូលធ្វើការ ក្រោយពីដឹងថា ពួកគេជាជនជាតិអាមេរិកដែលត្រូវចំណាយប្រាក់ឈ្នួលខ្ពស់ជាងបុគ្គលិកបរទេស ។
.png)
ដើមបណ្តឹងទាមទារឱ្យ Tesla ផ្តល់ប្រាក់សំណងឱ្យពលរដ្ឋអាមេរិកដែលធ្លាប់ដាក់ពាក្យសុំធ្វើការនៅ Tesla ហើយត្រូវបានក្រុមហ៊ុនបដិសេធ ឬពួកគេទាមទារឱ្យផ្តល់ប្រាក់សំណងដល់បុគ្គលិកកដែល Tesla បញ្ឈប់ពីការងារដោយអយុត្តិធម៌ ។ 
ដើមបណ្តឹងចោទប្រកាន់ថា ក្រុមហ៊ុនមានគោលការណ៍ជួលបុគ្គលិកបរទេសច្រើនជាងជួលពលរដ្ឋអាមេរិកមកធ្វើការដើម្បីកាត់បន្ថយការចំណាយដើមទុន ដែលធ្វើឱ្យពលរដ្ឋអាមេរិកគ្មានការងារធ្វើ ឬត្រូវបញ្ឈប់ពីការងារ ។ រីឯក្រុមហ៊ុន Tesla ពុំបានចេញមកបកស្រាយអ្វីទេពាក់ព័ន្ធនឹងការចោទប្រកាន់នេះ ៕










