ប្រទេសថៃ ៖ គម្រោងបើកព្រំដែនកម្ពុជា-ថៃមួយចំនួនឡើងវិញសម្រាប់ដឹកទំនិញបានក្លាយជាប្រធានបទជជែកវែកញែកយ៉ាងខ្លាំងក្នុងបណ្តាញសង្គមប្រទេសថៃ ពលរដ្ឋថៃភាគច្រើនពុំគាំទ្រការបើកព្រំដែនទេដើម្បីទប់ស្កាត់កុំឱ្យនាំចេញទំនិញថៃមកកម្ពុជា ហើយពួកគេនឹងប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលថ្មី ដោយសារបារម្ភពីការបាត់បង់អធិបតេយ្យ ។ ប៉ុន្តែប្រធានសមាគមពាណិជ្ជកម្មខេត្តចាន់បុរីមានមតិផ្ទុយពីនេះថា ការបើកព្រំដែនជាមួយកម្ពុជាសម្រាប់ដឹកទំនិញនឹងមិនធ្វើឱ្យថៃបាត់បង់អធិបតេយ្យទេ ពលរដ្ឋគួរយល់ពីផលប៉ះពាល់ពាណិជ្ជកម្ម និងទេសចរណ៍ ។
ប្រធានសមាគមពាណិជ្ជកម្មខេត្តចាន់បុរីចង់ឱ្យពលរដ្ឋថៃដែលមានគំនិតជ្រុលនិយមយល់ពីព្រំដែននៅខេត្តចាន់បុរី និងខេត្តត្រាត គឺតំបន់នេះគ្មានជម្លោះ ឬប្រយុទ្ធគ្នាខ្លាំងក្លាទេ ។ ការបិទព្រំដែនកម្ពុជា-ថៃធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្ម និងទេសចរណ៍ រីឯពលរដ្ឋខេត្តចាន់បុរីបង្ហាញក្តីរីករាយ បើប្រទេសទាំងពីរបើកព្រំដែនដឹកទំនិញដើម្បីដោះស្រាយវិបត្តិ ប៉ុន្តែពលរដ្ឋខេត្តចាន់បុរីថា មិនទុកចិត្តកម្ពុជា ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath ។
កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោក រ័ត្នថាវិត តាំងកៀតពេជ្រ ប្រធានសមាគមពាណិជ្ជកម្ម និងទេសចរណ៍ព្រំដែនកម្ពុជា-ថៃប្រចាំខេត្តចាន់បុរី បាននិយាយពីលទ្ធផលកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពលើកិច្ចព្រមព្រៀងជាច្រើន ក្នុងនោះក៏មានការបើកព្រំដែនមួយចំនួនដើម្បីកាត់បន្ថយផលប៉ះពាល់អាជីវកម្ម និងការដឹកទំនិញឆ្លងដែន ។ ថៃគ្រោងបើកព្រំដែនខេត្តចាន់បុរី និងខេត្តត្រាតមុនគេសម្រាប់ដឹកទំនិញដោយសារជម្លោះពុំធ្ងន់ធ្ងរ និងគ្រោងបើកព្រំដែននៅខេត្តផ្សេងទៀត ប៉ុន្តែពលរដ្ឋថៃប្រឆាំងដាច់ខាត ។.jpg)
លោកយល់ថា វាជាជោគជ័យមួយដែលភាគីទាំងពីរបានជជែកជាច្រើនប្រធានបទ សំខាន់ការបើកព្រំដែន ។ យើងត្រូវទទួលស្គាល់ថា ខេត្តចាន់បុរី និងខេត្តត្រាត ពុំមែនជាតំបន់មានជម្លោះ ឬប្រយុទ្ធគ្នាខ្លាំងក្លាទេ កម្ពុជា-ថៃមានទំនាក់ទំនងល្អជាមួយគ្នាយូរហើយនៅខេត្តទាំងពីរ ទាំងផ្នែកសន្តិសុខ និងឯកជន ។ លោកចង់ឱ្យពលរដ្ឋថៃនៅខេត្តផ្សេងយល់ពីហេតុការណ៍ជម្លោះខ្លាំងនៅបណ្តាខេត្តព្រំដែនភាគឦសានដែលទទួលខុសត្រូវដោយកងទ័ពភូមិភាគ២ និងជម្លោះប្រាសាទព្រះវិហារកាលពីឆ្នាំ២០១១ គឺខេត្តភាគខាងកើតពុំបានបិទព្រំដែនទេ ព្រំដែនបើកធម្មតា ។
ហេតុនេះ ការបើកព្រំដែនដឹកទំនិញនឹងមិនធ្វើឱ្យថៃបាត់បង់អធិបតេយ្យទេ ប៉ុន្តែពលរដ្ឋថៃប្រឆាំងការបើកព្រំដែនដោយសារខឹងសម្បារកម្ពុជា ។ យើងត្រូវបែងចែកឱ្យដាច់ពីគ្នា បច្ចុប្បន្ន ខេត្តចាន់បុរី និងខេត្តត្រាត បានរងផលប៉ះពាល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម ជាពិសេស ប៉ះពាល់ផ្នែកកសិកម្ម សូមពលរដ្ឋនៅខេត្តផ្សេងយល់ពីផលប៉ះពាល់ទាំងនេះ ។.png)
ចំណែកលោក អុគ្រីត វង្សថងសាលី ប្រធានសភាពាណិជ្ជកម្មខេត្តចាន់បុរីនិយាយថា លទ្ធផលកិច្ចប្រជុំ GBC កម្ពុជា-ថៃ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ គឺក្រុមហ៊ុនឯកជនគាំទ្រកងទ័ព និងរដ្ឋាភិបាលថ្មី ដែលគ្រោងបើកព្រំដែននៅខេត្តចាន់បុរី និងខេត្តត្រាត ដើម្បីកាត់បន្ថយផលប៉ះពាល់អាជីវកម្ម ។ សភាពាណិជ្ជកម្មខេត្តចាន់បុរីគាំទ្រការបើកព្រំដែន ប៉ុន្តែចង់ឱ្យរដ្ឋាភិបាលថ្មីប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនឱ្យខ្លាំងជាងនេះ ដោយប្រកាន់គោលជំហរការពារសន្តិសុខជាតិជាចម្បង និងច្បាស់លាស់មុនពេលបើកព្រំដែន ។ វានឹងផ្តល់ទំនុកចិត្តដល់ម្ចាស់អាជីវកម្មថា នឹងគ្មានជម្លោះកើតឡើងទៀត ក្រោយការបើកព្រំដែនឡើងវិញ ។.png)
លោក ស៊ុមឃិត នៀមចាន់ អាយុ៦៤ឆ្នាំ ពលរដ្ឋរស់នៅស្រុកសយដាវ ខេត្តចាន់បុរី រីករាយបើបើកព្រំដែន ដើម្បីទទួលយកពលករខ្មែរមកធ្វើការ ។ នៅស្រុកសយដាវ ខ្វះពលករខ្មែរបេះផ្លែមៀន ពីព្រោះពលករខ្មែរមានជំនាញបេះមៀនជាងពលករថៃ ឬពូកែបេះជាងពលករប្រទេសផ្សេងៗ បើព្រំដែនបើកពិតមែននឹងជួយស្តារសេដ្ឋកិច្ច ។ ប៉ុន្តែលោកពុំជឿកម្ពុជានឹងដកអាវុធទេ គ្រាន់តែដកថយខ្លះប៉ុណ្ណោះ លោកចង់ឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាខ្វះពលករធ្វើការជាមុន រីឯបញ្ហាការគ្រប់គ្រងនយោបាយ ឬកងទ័ព ត្រូវឱ្យកងទ័ពចាត់ការ ។
គួរបញ្ជាក់ថា ភាគីចង់បើកព្រំដែនឡើងវិញ គឺថៃ ប៉ុន្តែលោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិបែរជាប្រាប់ពលរដ្ឋថា ថៃមិនចង់បើកព្រំដែនទេ ប៉ុន្តែដោយសារជប៉ុនសំណូមពរ ។ លោកនិយាយបែបនេះដើម្បីកុំឱ្យពលរដ្ឋស្តីបន្ទោស ព្រោះកន្លងមក លោកប្រកាន់គោលជំហរពុំបើកព្រំដែនដាច់ខាត រីឯពលរដ្ឋខ្មែរមិនចង់បើកព្រំដែនពេលនេះទេ ទោះជាជប៉ុនសំណូមពរក៏ដោយ ពីព្រោះបច្ចុប្បន្ន ទំនិញកម្ពុជាកំពុងទទួលបានការគាំទ្រយ៉ាងច្រើន ក្រុមហ៊ុនក្នុងស្រុកអាចផលិតទំនិញជាច្រើនប្រភេទ រួមទាំងចំណីអាហារដោយពុំចាំបាច់នាំចូលពីប្រទេសជិតខាង ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសឈប់ទិញទំនិញថៃទៀតហើយ ។










