លោក ណុប បាយ៉ារិទ្ធ គឺជាតារាចម្រៀងជើងចាស់មួយរូបដែលឈរជើងលើវិស័យនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយក្នុងដំបូលគ្រួសារហង្សមាសខណៈលោកក៏ក្តោបតំណែងជាគ្រូបង្វឹកតាមកម្មវិធីប្រលងចម្រៀងធំៗជាហូរហែ។ យ៉ាងណាក្នុងនាមជារៀមច្បងមួយរូប លោក ណុប បាយ៉ារិទ្ធ ក៏ត្រូវបានអ្នករាំមួយរូបបង្ហើបពីអត្តចរិតត្រង់ៗរបស់សិល្បកររូបនេះ។

លោក WIN ដែលជាអ្នករាំអាជីពប្រឡូកវិស័យនេះជាង២០ឆ្នាំបាននិយាយនៅក្នុងបទសម្ភាសន៍របស់ ខេ ថាក្នុងអាជីពរបស់ខ្លួនតារាចម្រៀងដែលលោកចាប់អារម្មណ៍និងរាំឱ្យមុនគេគឺជាលោក ណុប បាយ៉ារិទ្ធ។ អ្នករាំរូបនេះបាននិយាយថាកាលពីមុនអ្នកចម្រៀងមិនទាន់មានក្រុមរាំផ្ទាល់ខ្លួននោះទេ ហើយអ្នកចម្រៀងដែលមានការចាប់ផ្តើមមុនគេគឺជាតារាចម្រៀង ទេព បូព្រឹក្ស។
ក្រោយមកលោក ណុប បាយ៉ារិទ្ធ ក៏ចាប់អារម្មណ៍លោកចង់មានក្រុមរាំផ្ទាល់ខ្លួនហើយបានមករកលោកដល់ទីតាំងតែម្តង។ ក្នុងការធ្វើការជាមួយនឹងតារាចម្រៀងល្បីលោក Win បានបង្ហើបអារម្មណ៍ថាភ័យព្រោះលោកគឺជាហ្វេនម្នាក់របស់តារាចម្រៀង ណុប បាយ៉ារិទ្ធ ។.png)
អ្នករាំអាជីពរូបនេះបង្ហាញទៀតថា នៅពេលធ្វើការជាមួយនឹងតារាចម្រៀងរូបនេះគឺគ្មានមេ គ្មានកើយតែជាលក្ខណៈដូចជាបងប្អូន ហើយមានការយកចិត្តទុកដាក់ចំពោះលោក។ លោក បន្តទៀតថានៅពេលមានកម្មវិធីច្រៀង តារាចម្រៀង ណុប បាយ៉ារិទ្ធ មិនឱ្យអ្នករាំពិបាក សូម្បីតែសំលៀកបំពាក់ក៏ធ្វើឱ្យអ្នករាំ។ 
ជាក់ស្តែងសំលៀកបំពាក់ណាមានការឌិនច្រើនគឺលោក ណុប បាយ៉ារិទ្ធ សុខចិត្តអង្គុយដេរដោយដៃខ្លួនឯងផ្ទាល់ មានពេលខ្លះអង្គុយធ្វើឱ្យអ្នករាំដល់ភ្លឺក៏មាន។ លោក Win បាននិយាយថាពេលធ្វើការជាមួយនឹងលោក ណុប បាយ៉ារិទ្ធ គឺមានមនោសញ្ចេតនាល្អសម្រាប់លោក មានភាពរលូនទៅមុខ ខណៈតារាចម្រៀងរូបនេះជារៀមច្បងមួយរូបផ្តល់ការណែនាំដំបូន្មានល្អៗមកកាន់លោក។ 
បន្ទាប់ពីលោក Win ផ្តល់បទសម្ភាសន៍ជាមួយនឹង ខេ ទាក់ទងនឹងបទពិសោធជាអ្នករាំរយៈពេល២០ឆ្នាំមានទាំងត្រូវគេបោកលុយ រួមទាំងជីវិតឯកជនផង លោក ណុប បាយ៉ារិទ្ធ បានចែករំលែកលើបណ្តាញសង្គមរបស់ខ្លួនជាមួយនឹងពាក្យពេចន៍ថា «អរគុណ Kwin Lovedance នៅតែរួមដំណើរជាមួយបង បន្តការងារជាមួយគ្នារហូតដល់សព្វថ្ងៃ។ មិនថាកាលៈទេសៈណាយើងនៅតែរក្សាបាននៅមនោសញ្ចេតនានិងទឹកចិត្តចំពោះគ្នាទៅមក។ បងជូនពរឱ្យមានសេចក្តីសុខ សំណាងល្អ និង មានសុភមង្គល ពិសេសសម្រេចគ្រប់បំណងប្រាថ្នា»។ លោក Win ក៏បានចូលទៅខម្មិនដែរថា «អរគុណបងកន្លងមកដែលតែងតែអត់ឱន និងអធ្យាស្រ័យ ខិតខំរកការងារឱ្យ អ្វីដែលពិសេសលើកទឹកចិត្ត និងការផ្តល់ដំបូន្មានល្អៗ»៕










