ភ្នំពេញ៖ សម្ដីនិងទង្វើបញ្ជាក់ពីសន្ដាន! អ្នកស្រី ប៊ូម ប៉ាណាដា អ្នកនាំពាក្យថ្មីថ្មោងរបស់ក្រសួងការពារជាតិថៃបានបញ្ចេញអាកប្បកិរិយាគ្មានវិជ្ជាជីវៈ មិនសមនឹងតួនាទីជាអ្នកបម្រើការក្នុងជួររដ្ឋាភិបាល តាមរយៈការកាន់ទូរស័ព្ទថតវីដេអូ និងប្រកាសស្វែងរកវត្តមានលោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅក្នុងកិច្ចប្រជុំ GBC ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកាលពីម្សិលមិញ។

កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានប្រព្រឹត្តទៅនៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ក្រោមការចូលរួមពីសំណាក់គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា រួមជាមួយគណៈប្រតិភូថៃ ដឹកនាំដោយ ឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តគោលការណ៍ឯកភាពគ្នាដែលសម្រេចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនៅប្រទេសម៉ាឡេស៊ី។
នៅក្នុងកិច្ចប្រជុំពិសេសនេះ គេឃើញអ្នកស្រី ប៊ូម ប៉ាណាដា អតីតបវរកញ្ញានិងតារាសិ.ចសុីដែលបច្ចុប្បន្នបានក្លាយជាអ្នកនាំពាក្យរបស់ក្រសួងការពារជាតិថៃមានវត្តមានអង្គុយនៅតុប្រជុំជាមួយគណៈប្រតិភូថៃផងដែរ។

ស្របពេលដែលអង្គប្រជុំកំពុងតែដំណើរការចាប់ផ្ដើមគេសង្កេតឃើញថា អ្នកនាងប៊ូមដូចជាមិនចាប់អារម្មណ៍ជាមួយកិច្ចប្រជុំនេះទាល់តែសោះ ផ្ទុយទៅវិញនាងបែរជាទាញទូរស័ព្ទយកមកថតវិដេអូសេលហ្វ៊ី (Selfie) និយាយម្នាក់ឯង និងអើតកដៀងភ្នែកសម្លឹងរកនរណាម្នាក់យ៉ាងចម្លែក។ ក្រោយមកនាងបានបង្ហោះវិដេអូនោះ ហើយក៏ត្រូវបានសារព័ត៌មានថៃដូចជា Khaosod យកទៅចុះផ្សាយបន្តជាមួយនឹងចំណងជើងថា៖ អូ! ម៉ាលីទៅណា? អ្នកនាងប៊ូម ប៉ាណាដា ខំពិនិត្យមើលពេញបន្ទប់ប្រជុំ GBC ប៉ុន្តែរកម៉ាលី សុជាតាមិនឃើញសោះ។
នៅក្នុងវិដេអូនោះ នាងប៊ូម ប៉ាណាដាបាននិយាយថា៖ ឥឡូវនេះកំពុងចាំបើកការប្រជុំ។ នោះប្រធានអង្គប្រជុំ ឈ្មោះខ្មុំនៅខាងនេះ ហើយខាងនោះគឺខាងភាគីកម្ពុជា ប៉ុន្តែអត់មានឃើញម៉ាលីទេចា៎! មិនមកទេចា៎។ បន្ទាប់ពីនិយាយបែបនេះរួច នាងប៊ូមប៉ាណាដា ក៏បានលើកដងទឹកបរិសុទ្ធដែលមានអក្ស CAMBODIA មកបង្ហាញមុខកាមេរ៉ា ហើយបញ្ចេញទឹកមុខសើចតិចៗបែបហួសចិត្តបន្ថែមទៀត។

ទង្វើររបស់អ្នកនាំពាក្យក្រសួងការពារជាតិថៃរូបនេះ ប្រៀបបាននឹងការមិនគោរពដល់កិច្ចប្រជុំ(GBC)កម្ពុជា-ថៃ នៅខេត្តកោះកុង ដោយសម្ដែងចេញនូវឥរិយាបថគ្មានការអប់រំ គ្មានវិជ្ជាជីវៈ និងរៀបឫកពារមិនស័ក្តិសមជាមួយតួនាទីរបស់ខ្លួនទាល់តែសោះ។ ជាមួយគ្នានេះផងដែរ គេមិនច្បាស់នោះទេថា តើនាងប៊ូមប៉ាណាដាព្យាយាមស្វែងរក វត្តមានរបស់លោកស្រីម៉ាលី សុជាតាដើម្បីអ្វី? ឬមួយនាងខំមកទីនេះដើម្បីឌឺដងជាជាងការប្រជុំ?










