ប្រទេសថៃ ៖ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ លោក ជីរ៉ាត់ ថងសុវណ្ណ សមាជិកសភាគណបក្សប្រជាជនបានទៅពិនិត្យមើលព្រំដែននៅភូមិណងចាន់ ឃុំណូនម៉ាកមូន ស្រុកខូកស៊ូង ខេត្តស្រះកែវ ទល់មុខភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រួមដំណើរដោយសមាជិកសភាគណបក្សប្រជាជនផ្សេងទៀត ។ ក្រុមសមាជិកសភាគណបក្សប្រជាជនអំពាវនាវឱ្យពលរដ្ឋដាក់សម្ពាធរដ្ឋាភិបាលថ្មីផ្តល់ប្រាក់សំណងឱ្យច្រើនដល់ពលរដ្ឋរងផលប៉ះពាល់នៅព្រំដែន ព្រមទាំងស្នើរដ្ឋាភិបាល និងកងទ័ពថៃបើកព្រំដែនកម្ពុជា-ថៃជាបន្ទាន់ដោយសារថៃប៉ះពាល់សេដ្ឋកិច្ចខ្លាំង ប៉ុន្តែត្រូវបានពលរដ្ឋថៃខឹងសម្បារខ្លាំងក្នុងបណ្តាញសង្គម ។
សមាជិកសភាគណបក្សប្រជាជន លោក ជីរ៉ាត់ ថងសុវណ្ណ បានសំណូមពរមានការបើកព្រំដែនកម្ពុជា-ថៃយ៉ាងឆាប់រហ័សបំផុត ពីព្រោះការបិទព្រំដែនធ្វើឱ្យថៃរងផលប៉ះពាល់សេដ្ឋកិច្ចខ្លាំងជាងកម្ពុជា ដោយលោកបានប្រៀបធៀបប្រាក់ចំណូលពីការនាំចេញ នាំចូលទំនិញរវាងប្រទេសទាំងពីរ ។ ហេតុនេះ លោកស្នើឱ្យរដ្ឋាភិបាលថៃបើកព្រំដែនដែលមានទីតាំងនៅឆ្ងាយពីកន្លែងប៉ះទង្គិចគ្នា ហើយអ្វីដែលសំខាន់ជាងទឹកដី គឺជីវភាពពលរដ្ឋនៅព្រំដែន ប៉ុន្តែបែរជាធ្វើឱ្យពលរដ្ឋថៃខឹងសម្បារយ៉ាងខ្លាំង ពួកគេសំណូមពរឱ្យរដ្ឋាភិបាលបិទព្រំដែនបន្តទៀត ។
លោក ជីរ៉ាត់ ថងសុវណ្ណ បាននិយាយមកកាន់សារព័ត៌មានក្រោយពីការពិនិត្យមើលស្ថានការណ៍នៅភូមិណងចាន់ ជាមួយសមាជិកសភាគណបក្សប្រជាជនផ្សេងទៀតថា ៖ «ចង់ឱ្យពលរដ្ឋដាក់សម្ពាធរដ្ឋាភិបាលថ្មីផ្តល់ប្រាក់សំណងដល់ពលរដ្ឋនៅព្រំដែនដែលរងផលប៉ះពាល់ដោយសារសង្គ្រាមជាមួយកម្ពុជា ។ បញ្ហាមួយទៀត ត្រូវបើកព្រំដែនកម្ពុជា-ថៃជាបន្ទាន់ ពីព្រោះការបិទព្រំដែនប៉ះពាល់ថៃខ្លាំងជាង ថៃនាំចូលទំនិញពីកម្ពុជាក្នុងបរិមាណតិច ប៉ុន្តែថៃលក់ទំនិញឱ្យកម្ពុជាយ៉ាងច្រើន ។ ដូច្នេះ គួរបើកព្រំដែនដែលមានទីតាំងនៅឆ្ងាយពីកន្លែងប៉ះទង្គិច» ។
ចំណែកសមាជិកសភាគណបក្សប្រជាជនម្នាក់ទៀតបានស្នើឱ្យរដ្ឋាភិបាលថៃថ្មីផ្លាស់ប្តូរតំបន់ព្រំដែនពីសមភូមិទៅជាតំបន់ពាណិជ្ជកម្មមានការលក់ដូររវាងប្រទេសទាំងពីរ ខណៈប្រទេសនានាលើពិភពលោក ពុំសូវផ្តោតសំខាន់លើបញ្ហាព្រំដែនទេ ។ ជាក់ស្តែង នៅសហភាពអឺរ៉ុបគ្មានការបិទព្រំដែន និងគ្មានទិដ្ឋាការ ពលរដ្ឋសហភាពអឺរ៉ុបអាចធ្វើដំណើរឆ្លងដែនទៅប្រទេសនេះ ប្រទេសនោះបាន ហើយពួកគេអាចនិយាយច្រើនភាសាដោយសារព្រំដែនបើកចំហ ប៉ុន្តែថៃស្ថិតក្នុងតំបន់អាស៊ាន បែរជាបិទព្រំដែនជាមួយកម្ពុជា ។
ប៉ុន្តែការលើកឡើងរបស់ក្រុមសមាជិកសភាគណបក្សប្រជាជនពុំទទួលបានការគាំទ្រពីពលរដ្ឋថៃទេ ពលរដ្ឋថៃចង់ឱ្យរដ្ឋាភិបាលថ្មីបិទព្រំដែនជាមួយកម្ពុជាបន្តទៀត និងស្នើឱ្យកាត់ផ្តាច់ទំនាក់ទំនងការទូតទាំងអស់ ដោយសារពួកគេពុំទទួលយកការពិតរឿងសេដ្ឋកិច្ចថៃធ្លាក់ចុះ ។ វីដេអូសមាជិកសភាគណបក្សប្រជាជនដែលផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននៅភូមិណងចាន់ ត្រូវបានពលរដ្ឋថៃបង្ហោះចែកចាយរិះគន់ពេញបណ្តាញសង្គមកាលពីថ្ងៃទី៩ ខែកញ្ញា ។
ពលរដ្ឋថៃមានគំនិតជ្រុលនិយមបានរិះគន់ក្រុមសមាជិកសភាគណបក្សប្រជាជន (ឬគណបក្សប្រឆាំង) ដែលស្នើឱ្យរដ្ឋាភិបាលថ្មីបើកព្រំដែនកម្ពុជា-ថៃជាបន្ទាន់ ដោយពលរដ្ឋថៃទាំងនេះពុំគាំទ្រឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថ្មី លោក អនុថីន ឆាន់វីរៈគូន បើកព្រំដែនទេ ហើយថែមទាំងចោទប្រកាន់សមាជិកសភាគណបក្សប្រជាជនមានគំនិតលម្អៀងទៅខាងកម្ពុជា ៕
		
	









