ប្រទេសថៃ ៖ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា រយៈពេលជាង៤០ថ្ងៃហើយដែលកងទ័ពថៃបានចា.ប់ខ្លួនកងទ័ពខ្មែរដោយខុសច្បាប់ចំនួន១៨នាក់ ថៃនឹងដោះលែងកងទ័ពខ្មែរត្រឡប់មកប្រទេសវិញពេលប្រទេសទាំងពីរបញ្ចប់ជម្លោះទាំងស្រុង ។ មូលហេតុពុំទាន់ដោះលែងកងទ័ពខ្មែរ គឺថៃចោទប្រកាន់ខ្មែរបំពានបទឈប់បា.ញ់ ហើយថាខ្លួនថែទាំកងទ័ពខ្មែរតាមអនុសញ្ញាទីក្រុងហ្សឺណែវ ។.jpg)
ក្រោយក្រសួងការពារជាតិកម្ពុជាប្រកាសពីរយៈពេលដែលកងទ័ពថៃចាប់ខ្លួនកងទ័ពខ្មែរខុសច្បាប់ លោកឧត្តមសេនីយ៍ វិនឆ័យ ស៊ុវ៉ារី អ្នកនាំពាក្យកងទ័ពជើងគោកថៃចោទប្រកាន់ថា កម្ពុជាបំពានបទឈប់បាញ់ បើទោះជាប្រទេសទាំងពីរបានធ្វើកិច្ចព្រមព្រៀងបទឈប់បាញ់ចាប់ពីដើមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្តី ។ លោកថែមទាំងចោទប្រកាន់កងទ័ពខ្មែរប្រើប្រាស់អាវុធវាយប្រហារកងទ័ពថៃជាបន្តបន្ទាប់ ទើបថៃត្រូវការពារអធិបតេយ្យរបស់ខ្លួនពេញមួយយប់ថ្ងៃទី២៨ ខែកក្កដា រហូតដល់ព្រឹកថ្ងៃទី២៩ ខែកក្កដា ។.png)
អ្នកនាំពាក្យកងទ័ពជើងគោកថៃបន្តថា ថៃបានចាប់ខ្លួនកងទ័ពខ្មែរទាំង១៨នាក់ គឺក្នុងពេលកងទ័ពប្រទេសទាំងពីរពុំទាន់ទម្លាក់អាវុធចុះ និងចោទកម្ពុជាពុំគោរពបទឈប់បាញ់ ទើបថៃនៅតែបន្តឃុំខ្លួនកងទ័ពខ្មែរ ។ ថៃនឹងដោះលែងកងទ័ពខ្មែរវិញពេលប្រទេសទាំងពីរបញ្ចប់ជម្លោះទាំងស្រុង ដែលថៃអនុវត្តតាមអនុសញ្ញាទីក្រុងហ្សឺណែវ ខណៈប្រទេសទាំងពីរជារដ្ឋនៃអនុសញ្ញានេះ ។
បច្ចុប្បន្ន កងទ័ពថៃទទួលបានសេចក្តីរាយការណ៍ពីក្នុងតំបន់ និងចោទប្រកាន់កងទ័ពខ្មែរបំពានបទឈប់បាញ់ដោយបង្ហោះដ្រូនក្នុងតំបន់ព្រំដែន និងគាំទ្រឱ្យពលរដ្ឋខ្មែរបង្ហាញអាកប្បកិរិយាមិនសមរម្យជាមួយកងទ័ពថៃ ។ កងទ័ពថៃថែមទាំងចោទប្រកាន់កងទ័ពខ្មែរល្មើសអធិបតេយ្យ រុះរើបន្លាលួស និងបង្កប់មីន PMN-2 ប្រឆាំងមនុស្ស និងចង់ឱ្យថៃខាតបង់ ទើបថៃចាត់ទុកថា ស្ថានការណ៍ជម្លោះដោយអាវុធក្នុងតំបន់ពុំទាន់បញ្ចប់ បើទោះជាស្ថានការណ៍ទូទៅល្អប្រសើរក្តី ។
ចំណែកការថែទាំកងទ័ពខ្មែរទាំង១៨រូបដែលថៃចាប់ខ្លួនខុសច្បាប់ គឺថៃថាខ្លួនអនុវត្តតាមអនុសញ្ញាទីក្រុងហ្សឺណែវ ។ កន្លងមក ថៃអនុញ្ញាតឱ្យគណៈកម្មការកាកបាទក្រហមអន្តរជាតិ (ICRC) មកត្រួតពិនិត្យកន្លែងឃុំខ្លួនកងទ័ពខ្មែរ និងជជែកជាមួយកងទ័ពខ្មែរ ចំនួន២លើក ។ បើភ្នាក់ងារ ឬអង្គការនានាមានបំណងចង់មកពិនិត្យមើលកន្លែងឃុំខ្លួនកងទ័ពខ្មែរ គឺតម្រូវឱ្យស្នើតាមរយៈយន្តការអន្តរជាតិ ឬស្នើសុំកងទ័ពថៃ ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ។.jpg)
ថៃចោទប្រកាន់កម្ពុជាបំពានបទឈប់បាញ់ ប៉ុន្តែតើថៃខ្លួនឯងអាចគោរពបទឈប់បាញ់ហើយឬនៅ? ពិភពលោកទទួលស្គាល់ថា ថៃបានបំពានបទឈប់បាញ់ជាបន្តបន្ទាប់ និងព្យាយាមញុះញង់ឱ្យកងទ័ពខ្មែរផ្ទុះអាវុធ ដូចជា ៖ កងទ័ពថៃបានចាប់ខ្លួនវីរៈកងទ័ពខ្មែរដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗ, បាញ់ជំពាមកៅស៊ូចូលទឹកដីកម្ពុជា, យកបន្លាលួសមកព័ទ្ធយកដីភូមិ ដីផ្លូវ និងចម្ការរបស់ពលរដ្ឋខ្មែរនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រួមទាំងចល័តទ័ពខុសទីតាំងល្បាត ។.jpg)
យោងតាមក្រសួងការពារជាតិកម្ពុជាឱ្យដឹងថា កងទ័ពថៃបានចាប់ខ្លួនកងទ័ពខ្មែរដោយខុសច្បាប់ក្រោយពីបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។ រហូតមកដល់ពេលនេះ គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ គឺមានរយៈពេល៤២ថ្ងៃហើយ ដែលកងទ័ពខ្មែរត្រូវបានកងទ័ពថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង ៕
		
	









